សង្ក្រាន្ត ភូមិ​យើង ទទួល​ការ​គាំទ្រ​ខ្លាំង​ហួស​ពី​ការ​រំពឹង​ទុក

  • 2016-04-11 21:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង ​ដែល​ប្រព្រឹត្តទៅ​នៅ​ក្នុង​វិទ្យាល័យ​ព្រះមុនីវង្ស​ នា​​ក្រុង​បាត់ដំបង ​បាន​បញ្ចប់​ទៅ​ហើយ​ កាលពី​ម្សិលមិញ ​បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​​មួយថ្ងៃ​ចាប់ពី​ម៉ោង ៨ ព្រឹក​រហូតដល់​ម៉ោង៨យប់។ កម្មវិធី​សង្ក្រាន្ត​ ភូមិយើង គឺ​ទទួល​បាន​ជោគជ័យ ដោយមាន​អ្នក​ចូលរួម​ប្រមាណ​ជា ៥ ០០០ នាក់ ដែល​លើស​ពី​ការ​រំពឹក​ទុក។ នេះ​បើ​តាម ស្ថាបនិក ​នៃ​កម្មវិធី​សង្ក្រាន្ត ​ភូមិ​យើង ប្រាប់​ឲ្យ​ដឹង។

 

 

កញ្ញា ​កែម​ ច័ន្ទ​បុប្ផា​ ជា​ស្ថាបនិក ​នៃ​កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង​ បាន​ថ្លែងប្រាប់ Sabayថា ក្រុមការងារ​មិន​នឹក​ស្មានថា មាន​មនុស្ស​មក​ចូលរួម​ក្នុង​វិធី​នេះ​ដល់​រាប់ពាន់​នាក់​បែបនេះ​ទេ ហើយ​ក្រុមការងារ​​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​ណាស់​ដែល​បងប្អូន​យុវជន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​យើង​យ៉ាង​ច្រើន​កុះករ​បែបនេះ​ ដែល​ជា​ការចូលរួម​ចំណែក​ជួយ​ជ្រោមជ្រែង​យ៉ាង​ច្រើន​ដល់​គោលបំណង​ដើម​របស់​កម្មវិធី​យើង។

 

"ខ្ញុំ​សូម​អរគុណ​ផងដែរ​ ដល់​ក្រុមការងារ​សង្ក្រាន្ត​ភូមិ​យើង​ដែល​បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ជាច្រើន​ដើម្បី​បង្កើត​កម្មវិធី​នេះ​ឡើង ហើយ​ដំណើរ​ប្រព្រឹត្តិ​ទៅ​របស់​កម្មវិធី​ពី​ម្សិលមិញ​នេះ​ជា​សក្ខីភាព​បង្ហាញ​ថា ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​របស់​យើង​បាន​ទទួល​ជោគជ័យ​ហើយ"។ កញ្ញា កែម ច័ន្ទបុប្ផា និយាយ។

 

 

ជុំវិញ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ភូមិយើង​នេះ កញ្ញា​ ហាស់ សុភា តំណាង​ក្រុម​លក់​របស់​ថ្នាក់​១២Mនៅក្នុង​កម្មវិធី​បាន​ឲ្យដឹង​ថា ថ្នាក់​របស់​កញ្ញា​បាន​ទទួល​ការ​អនុញ្ញាត​អោយ​ចូលរួម​លក់ ប្រហិត សារាយ ដូង​ និង​ទឹក​សុទ្ធ។ ដំបូង​មិត្ត​រួម​ថ្នាក់​របស់​កញ្ញា​បាន​ត្រៀម​របស់​សម្រាប់​លក់​តិចតួច​ប៉ុណ្ណោះ​ព្រោះ​គិត​ថា ​មាន​អ្នកចូលរួម​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ផ្ទុយ​ពី​គិត​នេះ រយៈពេល​តែមួយ​ម៉ោង​ប៉ុណ្ណោះ ដូង ប្រហិត​ត្រូវ​លក់ដាច់​គ្មាន​សល់ ហើយ​មិត្ត​រួម​ថ្នាក់​របស់​កញ្ញា​ត្រូវ​ចេញទៅ​ទិញ​បន្ថែម​មក​ទៀត​ ជា​ច្រើនលើកច្រើនសា ​ហើយ​នៅតែ​បន្ត​លក់ដាច់​ទៀត។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង​ត្រូវ​បាន​រៀបចំឡើង​ដោយ​អតីត​យុវសិស្ស​ និង​យុវសិស្ស​ នៃ​វិទ្យាល័យ​ព្រះមុនីវង្ស​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ដើម្បី​យក​ទៅ​ជួយ​រៀបចំ​ជា​បណ្ណាល័យ​មួយ​នៅ​សាលាបឋមសិក្សា​ជ្រោយ​ស្នា​នៅ​ស្រុក​ប​វិល​ខេត្ត​បាត់ដំបង និង​ ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ផងដែរ៕

 

 
 
 
 
 

អត្ថបទ៖ ហួន ទីណារ័ត្ន

អត្ថបទពេញនិយម