គេង​ស្លៀក​ខោ​ក្នុង​រឹបៗ​ពេល​យប់​​​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​

  • 2016-04-25 20:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាស​ធាតុ​ហប់​​ក្ដៅ​​​ មនុស្ស​ជា​​ច្រើន​​​​​​​អាច​ស្លៀក​តែ​​​​ខោ​​ឬ​​អាវ​ក្នុង​​​​ ​​​នៅ​ពេល​គេង និង​​ជា​ទម្លាប់​របស់​មនុស្ស​ជា​ច្រើន​ផង​ដែរ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ជា​ច្រើន​បាន​បង្ហាញ​​ថា​​​​ការ​ស្លៀក​ខោ​ក្នុង​​រឹប​ៗ​គេង​ពេល​យប់​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​​​មួយ​ចំនួន។​​

 

តាម​សារព័ត៌មាន Daily Mail អ្នក​ជំនាញ​ខាង​សុខភាព​ជា​ច្រើន​​បាន​​​ណែនាំ​​​​ថា​​ការ​​គេង​​​ដោយ​មិន​ស្លៀក​​​​ខោ​​ឬ​​អាវ​​នៅ​ពេល​យប់​​​គឺ​​ជួយ​ឲ្យ​​​តំបន់​​ខាង​ក្រោម (បរិវេណ​ប្រដាប់​បន្ត​ពូជ) ត្រូវ​ខ្យល់​​​​​និង​​ចៀស​ឆ្ងាយ​ពី​​​មេរោគ​​​ផ្សេង​ៗ​។ នោះ​គឺ​ដោយ​សារ​បាក់តេរី​អាច​ប្រមូល​ផ្ដុំ​​​នៅ​លើ​រាង​កាយ ត្រង់​កន្លែង​ដែល​​​បែក​ញើស​ច្រើន​។

 

អ្នក​ជំនាញ​ជា​ច្រើន​បាន​លើក​ឡើង​ផង​ដែរ​ថា​ បញ្ហា​ខាង​លើ​កើត​ឡើង​លើ​បុរស​ៗ​​​ខ្លាំង​ជាង​ស្ត្រី​​ដោយ​សារ​តែ​​​វា​អាច​ជះ​ឥទ្ធិពល​​ដល់​​លទ្ធ​ភាព​​ធ្វើ​ឲ្យ​មាន​កូន​របស់​បុរស។

 

វេជ្ជបណ្ឌិត​ Alyssa Dweck អ្នក​ជំនាញ​ខាង​រោគ​​​ស្ត្រី​នៅ​មជ្ឈមណ្ឌល​​​​សុខភាព​​ក្នុង​ទី​ក្រុង​ញ៉ូវយក​បាន​ឲ្យ​ដឹង៖ " ខ្ញុំ​ជា​ញឹក​ញាប់​តែង​ប្រាប់​ទៅ​អ្នក​ជំងឺ​​របស់​ខ្ញុំ​​គួរ​​​ចូល​គេង​ដោយ​ពុំ​ចាំ​បាច់​ស្លៀក​ខោ​ក្នុង​។ ប្រសិន​បើ​​​តំបន់​នោះ​(បរិវេណ​ប្រដាប់​បន្ត​ពូជ) គ្រប​ដណ្ដប់​ដោយ​ខោ​​ក្នុង​សាច់​ក្រណាត់​​ដែល​មិន​ស្រូប​សំណើម គឺ​បង្ក​ជា​កន្លែង​​​​ឲ្យ​ពពួក​​​មេរោគ​និង​ផ្សិត​កើត​ឡើង។ ករណី​នេះ​​​​ធ្វើ​ឲ្យ​ស្បែក​​បរិវេណ ប្រដាប់​បន្ត​ពូជ​រោល​រលាក "។ ចំពោះ​​ករណី​នេះ​​​អាច​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​​​សម្រាប់​ស្ត្រី​ឈប់​មាន​រដូវ។

 

​​​​​​​​វេជ្ជបណ្ឌិតDweck បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ស្ត្រី​​ដែល​មិន​អាច​អត់​ស្លៀក​​ខោ​អាវ​ទ្រនាប់​​ពេល​គេង​​បាន​​គឺ​គួរ​តែ​ជ្រើស​រើស​ខោ​អាវ​​ក្នុង​​ជាតិ​កប្បាស​ណា​​ដែល​រលង់​ៗ។

 

ដោយ​ឡែក​​​បើ​តាម​​​វេជ្ជបណ្ឌិត Brian Steixner ​ប្រធាន​វិទ្យាស្ថាន​​សុខភាព​បុរស​នៃ​សមាគម​​សិក្សា​ផ្នែក​តម្រង​នោម​​​ក្នុង​រដ្ឋ​ New Jersey សហរដ្ឋអាមេរិក​​​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​បុរស​ៗ​ដែល​​ស្លៀក​ខោ​ក្នុង​​​​​រឹប​ៗ​​ពេល​គេង​អាច​ធ្វើ​ឲ្យ​​​ប៉ះ​ពាល់​គុណភាព​​មេ​ជីវិត​(ទឹក​កាម) របស់​ពួក​គេ ដោយ​សារ​តែ​​ការ​ស្លៀក​ខោ​ក្នុង​ធ្វើ​ឲ្យ​មាន​សីតុណ្ហភាព​ក្ដៅ​​ត្រង់​​ប្រដាប់​បន្ត​ពូជ​នៅ​ពេល​យប់។ ជា​ពិសេស​ខោ​​ក្នុង​រឹប​ធ្វើ​ឲ្យ​​ស្បែក​​​រលាក​​​ងាយ​ឆ្លង​មេរោគ​ផ្សេង​ៗ។

 

ជា​មួយ​ការ​បង្ហាញ​ពី​អ្នក​ជំនាញ​សុខភាព​​ដូច​ខាង​លើ​ដដែល​​ រួម​និង​​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​​​ក៏​បាន​ណែ​នាំ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​​ ការ​​គេង​ដោយ​គ្មាន​សំលៀក​បំពាក់​ជាប់​ខ្លួន​ផង​ដែរ​ដែល​​អាច​ជួយ​​កាត់​បន្ថយ​កម្ដៅ ធ្វើ​ឲ្យ​គេង​បាន​លឿន និង​ទទួល​ដំណេក​យ៉ាង​លក់​ស្កប់ស្កល់។ គេង​នៅ​ក្នុង​កន្លែង​ត្រជាក់ ស្ងួត និង​ស្អាត ដោយ​ខ្លួន​ទទេ នឹង​ជួយ​កាត់​បន្ថយ​កម្ដៅ ដែល​អាច​មាន​ផល​ល្អ​ចំពោះ​សុខភាព ពិសេស​ក្នុង​រដូវ​ក្ដៅ៕

 

ចុចអាន៖  ហេតុ​ផល​គ្រោះថ្នាក់​​ដែល​អ្នក​មិន​គួរ​​ប្រើ​សំឡី​ត្បារ​ដល់​ក្នុង​​​ត្រចៀក

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​​​​​

​​​​​​​​​

​​​​​​​​​​

អត្ថបទពេញនិយម