Selena Gomez ត្រូវ​ហាម​មិន​ឲ្យ​​​សម្ដែង​នៅ​​​ចិន​ព្រោះ​រូប​ថត​មួយ​សន្លឹក​កាល​ពី​២​ឆ្នាំ​មុន

  • 2016-04-29 16:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ចាស់​មួយ​សន្លឹក​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​អាមេរិក Selena Gomez លែង​មាន​ឱកាស​បាន​សម្ដែង​នៅ​ប្រទេស​ចិន។

 

 

អតីត​តារា​របស់ Disney តារា​ចម្រៀង​និង​សម្ដែង Selena Gomez ទើប​តែ​ត្រូវ​បង្ខំ​ឲ្យ​លុប​ចោល​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ចិន​ដោយ​សារ​រូបភាព​កាល​ពី​២​ឆ្នាំ​មុន។ បើ​តាម​ការ​គ្រោង​ទុក ម្ចាស់​បទ "Hands For Myself” នឹង​ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក "Revival” របស់​ខ្លួន​ក្នុង​ខែ​ឧសភា ហើយ​នឹង​​មក​សម្ដែង​នៅ​ទីក្រុង Guangzhou និង​សៀងហៃ​ប្រទេស​ចិន​​ក្នុង​ខែ​សីហា។ យ៉ាងណាក៏ដោយ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Selena ​ការ​ប្រគំ​តន្ត្រី​ទាំង​២​នៅ​ចិន​ខាង​លើ​បែរ​ជា​បាត់​ស្រមោល​សូន្យ​ឈឹង។ តាម​បណ្ដាញ​ព័ត៌មាន Shanghaiist មូលហេតុ​ដែល​នាំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​នោះ​គឺ តារា​អា​យុ​២៣​ឆ្នាំ ធ្លាប់​បាន​ថត​រូប​ជាមួយ​សម្ដេច​សង្ឃ​ទីបេ Dalai Lama កាល​ពី​២​ឆ្នាំ​មុន។ Selena បាន​ចែក​រំលែក​ថត​រូប​មួយ​នេះ​ក្រោយ​ពេល​បាន​ជួប​​សម្ដេច​សង្ឃ Dalai Lama ក្នុង​កម្មវិធី "We Day” នៅ​ទីក្រុង Vancouver។

 

 

គួរ​បញ្ជាក់​ថា​ Dalai Lama គឺ​ជា​​សម្ដេច​សង្ឃ​​ទីបេ​ដែល​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ប្រទេស​ឥណ្ឌា​​ក្នុង​ឆ្នាំ ១៩៥៩ បន្ទាប់​ពី​បាន​​បះបោរ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​មិន​បាន​សម្រេច។ នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​មុន ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង Maroon 5 នៅ​ទីក្រុង​សៀងហៃ​​ក៏​ត្រូវ​បាន​លុប​ចោល​ដូច​គ្នា​​បន្ទាប់​ពី​សមាជិក​របស់​ក្រុម​ចម្រៀង​នេះ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ខួប​កំណើត​លើក​ទី​៨០​របស់​សម្ដេច​សង្ឃ​ខាង​លើ៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖foxnews