មាន សូនីតា ថា​សិល្បៈ​បាន​បង្រៀន​នាង​ឲ្យ​ស្គាល់​អត្ថន័យ​​ពេញ​លេញ​នៃ​ពាក្យ "​ជីវិត"

  • 2016-05-03 13:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា កើត​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ១៩៩០ មាន​បង​ប្អូន​ពីរ​នាក់​ជា​កូន​ពៅ ​មាន​ដើម​កំណើត​មក​ពី​ខេត្ត កំពង់ចាម មុន​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​ដូច​សព្វ​ថ្ងៃ​ ពី​ដើម​ឡើយ​ នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​គិត​ និង​មិន​ធ្លាប់​យល់​អ្វី​ទៅ​ជា​អត្ថន័យ​ពេញ​លេញ​របស់​ពាក្យ​ថា​ "ជីវិត" ។

 

ប៉ុន្តែ​អ្វីៗ​​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ​នៅ​ពេល​ដែល​នាង​បាន​ផ្លាស់​ប្ដូរ​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​ នៅ​ពេល​ដែល​នាង​បាន​បញ្ចប់​ថ្នាក់​​កម្រិត​ឧត្ដម​សិក្សា។

 

 

បើក​ទំព័រ​ជីវិត​ក្នុង​វិថី​សិល្បៈ៖

 

នៅ​ក្នុង​ឆ្នាំ​ ២០០៩ ​ដោយ​សារ​ការ​ស្រលាញ់​ និង​មាន​ក្ដី​ស្រមៃ​ជា​អាជីព​តារា​សម្ដែង នីតា បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រឡង​ក្នុង​កម្មវិធី​ Freshie Boys & Girls ជំនាន់​ទី​៨ ជា​លទ្ធផល នីតា​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ចំណោម​បេក្ខភាព​រាប់​ពាន់​អ្នក។

 

បន្ទាប់​ពី​នោះ​ នីតា​ បាន​ចុះ​កុង​ត្រា​ជា​មួយ​ ក្រុមហ៊ុន កម្សាន្ត​ក្នុង​ស្រុក​មួយ ​រយៈ​ពេល​ប្រមាណ​ជា​៣ឆ្នាំ​ អំឡុង​ពេល​នោះ​ដែរ​ នីតា ពុំ​ទាន់​មាន​ឱកាស​ច្រើន​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ឡើយ​ទេ។

 

 

ជីវិត​ពេញ​លេញ​ក្នុង​វិស័យ​សិល្បៈ៖

 

បន្ទាប់​ពី​ចប់​កុង​ត្រា​ជា​មួយ​ក្រុមហ៊ុន​កម្សាន្ត​មួយ​នោះ​មក​ នីតា នៅ​តែ​ពុំ​ទាន់​មាន​ភាព​លេច​ធ្លោ រហូត​មក​ដល់​ឆ្នាំ​២០១២​ ដែល​នាង​បាន​ជួប​ជា​មួយតារា​ចម្រៀង ម៉ុង ​ម៉ានិត (Manith Jupiter) ដែលកាល​ណោះ ​ម៉ានិត​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ផ្នែក​ដឹក​នាំ​សម្ដែង​វីដេអូ​ឲ្យ​ផលិតកម្ម​ រ៉ក់​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ស្រី ពាន់ ភួងបុប្ផា ទើប​នាង​ចាប់​ផ្ដើម​លេច​ធ្លោ។

 

ម៉ានិត​ បាន​ជ្រើស​រើស ​នីតា​ ដើម្បី​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ដែល​ខ្លួន​បាន​ដឹក។ ស្រប​ពេល​នោះ​ដែរ​ ផលិត​កម្ម​ត្រូវ​ការ​តួ​ស្រី​តម្រូវ​ជា​ស្រី​ស្អាត​ សាច់​ឈាម​ជា​កូន​អ្នក​មាន ​និង​ រស់​នៅ​បរទេស​ ទើប​ ម៉ានិត ​ណែនាំ​ នីតា​ទៅ​កាន់​អ្នក​ដឹកនាំ​។ រឿង​ "បេះដូង​អ្នក​ការ​ពារ​" ជា​រឿង​ដំបូង​ដែល​នាង​បាន​សម្ដែង។ ចាប់​ពី​ពេល​នោះ​មក​​ នីតា​ បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ទស្សនិកជន​។

 

 

 

ប្រវត្តិ​ការ​សិក្សា៖

 

ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២​សិក្សា​នៅ​ខេត្ត​កំពង់ចាម និង​​បាន​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ​ ដោយ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១៣។

 

 

ការងារ​សង្គម ​និង​ចលនា​ស្រលាញ់៖

 

កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​មីនា ​ឆ្នាំ​២០១៦ នីតា បាន​សហការ​ជា​មួយ​ ម៉ានិត ​បង្កើត​ចលនា​មួយ​មាន​ឈ្មោះ​ថា​ចលនា "ស្រលាញ់​សៀវភៅ" ដែល​ទឹក​ប្រាក់​៦០%​ ពី​ចលនា​នេះ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ​ឆ្នាំ​២០១៦ ​នីតា ​ក៏​បាន​ចុះ​ទៅ​ចែក​រំលែក​នូវ​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ដល់​កុមារ​ចំនួន​៦០០​នាក់​នៅ​ខេត្ត​សៀមរាប។

 

ចំណែក​ឯ​ចលនា​ "ស្រលាញ់" របស់​នាង​វិញ​ត្រូវ​បាន​បង្កើត​ឡើង​ជា​មួយ​ភាព​ជឿ​ជាក់​មួយ​ថា​ ក្ដី​ស្រលាញ់​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ​នៅ​ក្នុង​ជីវិត​មិន​ថា​បុគ្គល​ណា​នោះ​ទេ​។ ហើយ​ចលនា​នេះ​ដែរ​ ត្រូវ​បង្កើត​ឡើង​ក្នុង​គោល​បំណង​​ជួយ​ទៅ​ដល់​កុមារ​កំព្រា​ដែល​គ្មាន​ទី​ពឹង​ និង​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​ពួក​គេ​ដោយ​ការ​បង្ហាត់​បង្រៀន​នូវ​អ្វី​ដែល​ខ្លួន​មាន​ដល់​ពួក​គេ ជា​ពិសេស​ចង់​ឲ្យ​ក្មេង​ៗ​ទាំង​អស់​គិត​ថា​ពិភព​លោក​មួយ​នេះ​ត្រជាក់​ពិត​មែន​តែ​ពួក​គេ​មិន​ឯកា​នោះ​ទេ។

 

 

 

រឿង​រ៉ាវ​២​យ៉ាង​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត៖

 

១. ​រយៈពេល​បី​ឆ្នាំ​ដែល​នីតា​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ ​ជាមួយ​ក្រុម​កុមារ​កំព្រា​នៅ​អង្គការ PIO នីតា​ប្រាប់​ថា​ ទីនោះ​ប្រៀប​បី​ដូច​ជា​ស្ថាន​នរក​របស់​មនុស្ស​រស់​ក្មេងៗ​ទាំង​នោះ​មិន​ដែល​​ស្គាល់​ទេ​ ពាក្យ​ថា​គេង​បាន​គ្រប់​គ្រាន់ ​ញ៉ាំ​គ្រប់​គ្រាន់​ ក្ដី​អាណិត​ស្រលាញ់​ ឬ​ពាក្យ​ថា​រៀន​សូត្រ​នោះ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពួក​គេ​រស់​នៅ​លើ​ភ្នំ​សំរាម​ដែល​សូម្បី​តែ​កន្លែង​គេង​សមរម្យ​មួយ​គ្មាន ពេល​ញ៉ាំ​បាយ​ត្រូវ​ចង​មុង​ញ៉ាំ​ដើម្បី​គេច​ពី​សត្វ​រុយ​មក​ពី​ភ្នំ​សំរាម ពេល​ភ្លៀង​មក​ម្ដងៗ​មេឃ​ជា​ដំបូល​សម្រាប់​ពួក​គេ។

 

២. ការ​ចែក​ទាន​សប្បុរសធម៌​ដល់​កុមារ​គ្មាន​ទី​ពឹង​ចំនួន​៦០០​នាក់​នៅ​ខេត្ត​សៀមរាប​ដែល​ត្រូវ​នឹង​ថ្ងៃ​កំណើត​របស់​នាង (១០.០២.២០១៦)៕

 

 

 

រឿង​រ៉ាវ​ដែល​សោក​ស្ដាយ​២​យ៉ាង​ក្នុង​ជីវិត៖

១. ការ​ដែល​នាង​ខិត​ខំ​គ្រប់​បែប​យ៉ាង​ ​ដើម្បី​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ដែល​ខ្លួន​មាន​ទាំង​អស់​ទៅ​ដល់​កុមារ​កំព្រា​នៅ​ PIO​ តែ​ពួក​គេ​ហាក់​បី​ដូច​ជា​មិន​បាន​ទទួល​នូវ​អ្វី​ដែល​នាង​បាន​ចែក​រំលែក​នោះ​ទេ ​រហូត​ដល់​នាង​បាន​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ពី​ពួក​គេ​ ទើប​នាង​យល់​ថា ​ពួក​គេ​មិន​ដូច​ក្មេង​ធម្មតា​ដែល​ចេញ​ពី​ផ្ទះ​ទៅ​រៀន​នោះ​ទេ​ គឺ​គេ​ត្រូវ​គិត​ពី​បញ្ហា​ក្រពះ​ជា​ចម្បង។

 

២. នាង​ស្ទើរ​តែ​បោះ​បង់​ចោល​ការ​ប្រកួត Freshie Boys & Girls ដោយ​សារ​តែ​នាង​ត្រូវ​ក្រោក​តាំង​ពី​ម៉ោង​៣​ឬ៤ទៀប​ភ្លឺ​ដើម្បី​ហ្វឹកហាត់​រហូត​ដល់​ល្ងាច។

 

 

អំពី​ក្រមា​ខ្មែរ៖

នីតា​ នៅ​តែ​បញ្ជាក់​ដដែលៗ​ថា​ នាង​មិន​មែន​ជា​មនុស្ស​ទី​មួយ​ដែល​បាន​យក​ក្រមា​ខ្មែរ​មក​ច្នៃ​ជា​សំលៀក​បំពាក់​នោះ​ទេ​។ តែ​កាល​ដែល​នាង​សម្រេច​យក​ក្រមា​មក​ច្នៃ​នោះ​ ដោយ​សារ​នាង​ចង់​ឲ្យ​វា​រស់​ជា​ថ្មី​ និង​ចង់​បង្កើន​ការងារ​ដល់​បង​ប្អូន​ដែល​ប្រកប​របរ​ត្បាញ​ ព្រោះ​ថា​ មួយ​រយៈ​ក្រោយ​នេះ​បង​ប្អូន​ដែល​ប្រកប​អាជីវកម្ម​នេះ​ ចាប់​ផ្ដើម​បោះបង់​វា​បន្តិច​ម្ដងៗ ហើយ​ម៉្យាង​ទៀត​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​គិត​ថា ​ការ​ដែល​ប្រើ​ប្រាស់​ក្រមា​វា​មិន​អាក្រក់​ ឬ​អន់​នោះ​ទេ​តែ​វា​បាន​បង្កប់​នូវ​អត្ថន័យ​ និង​អត្តសញ្ញាណ​​របស់​ខ្មែរ។ ហើយ​រាល់​ទឹក​ប្រាក់​ចំណេញ​ពី​ការ​លក់​ក្រមា​ខ្មែរ​ ៥% ​នីតា​បាន​បញ្ចូល​ទៅ​ក្នុង​មូលនិធិ​ "ស្រលាញ់" ដើម្បី​ជួយ​ដល់​កុមារ​កំព្រា។

 

 

សិល្បៈ​នៅ​តែ​ជា​ផ្នែក​ធំ​មួយ​ក្នុង​ជីវិត​របស់​នីតា៖

 

សម្រាប់​គម្រោង​អនាគត​ នីតា​ មិន​បោះ​បង់​សិល្បៈ​នោះ​ទេ​ រឹត​តែ​ខិត​ខំ​បន្ថែម​រួម​ជាមួយ​ការ​បង្កើត​ជំនួញ​ដែល​ទាក់​ទង​នឹង​សិល្បៈ​ ព្រោះ​ថា​ការ​ងារ​សិល្បៈ​ បាន​បង្រៀន​នាង​ច្រើន​អំពី​ពាក្យ​ថា ​ជីវិត​ និង​នាំ​នាង​ទៅ​រក​អ្វី​ដែល​ថ្មី។

 

 

សារ​ពី​ មាន សូនីតា ទៅ​កាន់​យុវវ័យ​ចង់​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង៖

 

នីតា ប្រាប់​ថា​ "ក្រៅ​ពី​ទេព​កោសល្យ​ពី​កំណើត​ ការ​អប់រំ​ជា​មូលដ្ឋាន​ចម្បង​ដើម្បី​ក្លាយ​ជា​អ្នក​សម្ដែង​ដ៏​ជោគ​ជ័យ" សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​ដែល​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​សម្ដែង​ជោគជ័យ​នោះ​ កត្តា​ទី​មួយ​ដែល​សំខាន់​ សូម​កុំ​បោះបង់​ការ​សិក្សា​ជា​ដាច់​ខាត​ ព្រោះ​ការ​អប់រំ​អាច​នាំ​យើង​ឲ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម។​ ហើយ​មួយ​ទៀត ​ត្រូវ​ចេះ​អោន​លំទោន​គោរព​អ្នក​ដ៏​ទៃ ​គោរព​ការងារ​ គោរព​ពេលវេលា ដើម្បី​រក្សា​តម្លៃ​ខ្លួន​ និង​ទទួល​ជោគជ័យ​ក្នុង​ការងារ៕

 

អត្ថបទ៖ SAMEDY

ប្រភព៖ Sabay Magz, One Mission

អត្ថបទពេញនិយម