ដី​៥​ប្រភេទ​​រក​ស៊ី​មិន​ឡើង ​ទោះ​លក់​ថោក​ក៏​មិន​គួរ​ទិញ

  • 2016-05-23 18:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិញ​ដី​សង់​ផ្ទះ​គឺ​គេ​ជឿ​ណាស់​លើ​ហុង​ស៊ុយ ព្រោះ​គេ​មាន​ជំនឿ​ថា​ដី​ល្អ​អាច​នាំ​មក​នូវ​ភាព​ចម្រុង​ចម្រើន​ដល់​ការ​រក​ស៊ី និង​ជីវិត​គ្រួសារ​បាន។ ផ្ទុយ​ទៅ​វិញ បើ​ដី​មិន​ល្អ ធ្វើ​ឲ្យ​ជីវិត​ជួប​តែ​អពមង្គល​និង​រក​ស៊ី​មិន​ទៅ​មុខ។

 

ខាង​ក្រោម​នេះ​ជា​ដី​ដែល​អ្នក​មិន​គួរ​ទិញ​ដើម្បី​សង់​ផ្ទះ​ឡើយ៖

 

 

១. ដី​វាល​កប់​ខ្មោច

 

បើ​តាម​គោលការណ៍​របស់​ក្បួន​ហុង​ស៊ុយ​​បញ្ហា​ប្រវត្តិ​ដី​គឺ​មិន​អាច​មើល​រំលង​បាន​ឡើយ​ ព្រោះ​បើ​​ទិញ​ប៉ះ​ចំ​ដី​វាល​កប់​ខ្មោច ​ដី​មាន​មនុស្ស​ស្លាប់​ ឬ​កើត​ឧបទ្ទវហេតុ​អាក្រក់​ផ្សេង​ៗ​គឺ​ជា​ដី​មិន​ល្អ។

 

ត្រូវ​ចេះ​សាក​សួរ​ពី​ប្រវត្តិ​ដី ដែល​ប្រការ​នេះ​សំខាន់​ណាស់​ព្រោះ​មនុស្ស​ភាគ​ច្រើន​តែង​មិន​គិត​ដល់​បញ្ហា​មួយ​នេះ​ទេ ។ បើ​សាង​សង់​ផ្ទះ​ចាត់​ទុក​ថា​អពមង្គល​រស់នៅ​មិន​សុខ​ខុម​សោះ​ឡើយ។ ​ដី​មាន​ប្រវត្តិ​បែប​នេះ​ហាម​សាង​សង់​ផ្ទះ​ដាច់ខាត​ ព្រោះ​ជា​​ដី​បង្ក​ផល​អាក្រក់​ឲ្យ​អ្នក​រស់​នៅ​លើ​ដី​នេះ កើត​បញ្ហា​​មិន​ចេះ​ចប់​ហើយ។

 

២. ដី​ទាប​ជាង​​ផ្លូវ​ថ្នល់

 

តាម​ក្បួន​ហុង​ស៊ុយ​ ដី​ទាប​ជាង​ផ្លូវ​ថ្នល់​តែង​បង្ក​ឲ្យ​ផ្ទះ​ដែល​សាង​សង់​លើ​ដី​​នោះ​បាត់​បង់​ជោគ​លាភ។ រី​ឯ មនុស្ស​រស់​នៅ​ក្នុង​ផ្ទះ​មាន​អារម្មណ៍​សោះ​កក្រោះ ខ្វះ​ភាព​រស់​រវើក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​ជួប​តែ​ភាព​រដិបរដុប​យា​យី​ច្រើន។

 

ការ​ពិនិត្យ​មើល​កម្ពស់​ដី​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ក្បួន​ហុង​ស៊ុយ។ ត្រូវ​ចង​ចាំ​ថា​ដី​ដែល​ខ្ពស់​ជាង​ផ្លូវ​ថ្នល់​តែង​តែ​ល្អ​ជាង​ដី​ដែល​ទាប​ជាង។ បើ​មាន​ត្រង់​ណា​ខ្ពស់​ទាប​មិន​ស្មើ​គ្នា​ត្រូវ​ចាក់​បំពេញ​ឲ្យ​បាន​ស្មើ​ល្អ​ទើប​ប្រសើរ។ ​ផ្ទៃ​ដី​ដែល​មាន​លក្ខណៈ​ល្អ​ចាំ​បាច់​ត្រូវ​មាន​កម្រិត​កម្ពស់​ដី​មិន​ខុស​ប្លែក​ពី​គ្នា​ខ្លាំង​។ ​

 

៣. ផ្ទៃ​ដី​​មាន​ជម្រាល​ផ្អៀង

 

​ផ្ទៃ​ដី​ស្ថិត​​លើ​ទី​ខ្ពស់​និង​ជម្រាល​ទាប​គឺ​ពុំ​ផ្ដល់​ជោគ​លាភ​ល្អ​ដូច​គ្នា។ ស្ថាន​ដី​ដែល​មាន​លក្ខណៈ​បែប​នេះ​ចាត់​ទុក​ថា​មិន​ល្អ​ហើយ​មិន​គួរ​សាង​សង់​ផ្ទះ​រស់​នៅ​ឡើយ។ ផ្ទៃ​ដី​ផ្ទះ​ដែល​នៅ​ផ្នែក​ខាង​មុខ​ខ្ពស់​ជាង​ផ្នែក​ខាង​ក្រោយ​ក៏​ចាត់​ទុក​ថា​អាក្រក់​មិន​ត្រូវ​តាម​ក្បួន​ហុង​ស៊ុយ​ដែរ។

 

​បើ​ចង់​សាង​សង់​ផ្ទះ​ឲ្យ​បាន​ជោគ​លាភ​លើ​ជម្រាល​ដែល​ល្អ​គឺ​ត្រូវ​ជ្រើស​រើស​យ៉ាង​ណា​ឲ្យ​ខាង​ក្រោយ​ផ្ទះ​ស្ថិត​ក្នុង​បរិវេណ​ជម្រាល​ខ្ពស់ ឯ​មុខ​ផ្ទះ​ជម្រាល​ទាប​ទើប​ផ្ដល់​ជោគ​លាភ​ល្អ​ជាង។

 

៤. ដី​ច្រមុះ​ជ្រូក

 

ទីតាំង​ដី​បែប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ល្អ​ទាល់​តែ​សោះ ព្រោះ​បរិវេណ​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ផ្ទាល់ ហើយ​បើ​ចង់​កាត់​បន្ថយ​ពី​ចង្រៃ​ឧបទ្រព​ចេញ​ខ្លះ មាន​តែ​ជ្រើស​រើស​ធ្វើ​ទ្វារ​ចូល​មិន​ឲ្យ​ចំ​ត្រង់​ច្រមុះ​ជ្រូក​ប៉ុណ្ណោះ។

 

៥. ប្រភេទ​ដី​រាង​ត្រីកោណ​

 

​ដី​រាង​ត្រីកោណ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាក្រក់​បំផុត ព្រោះ​ថា​ការ​សាងសង់​ផ្ទះ​ឬ​អគារ​នានា​តែង​ជួប​ការ​លំបាក​ហើយ​បើ​ករណី​សង់​ផ្ទះ​កណ្ដាល​ដី​នាំ​ឲ្យ​ខូច​ផ្ទៃ​ដី​ថែម​ទៀត ។

 

ចំណែក​ដី​រាង​ចតុកោណកែង​ឬ​ការ៉េ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ប្រភេទ​ដី​ល្អ​បំផុត។ ប៉ុន្តែ​សម្រាប់​ដី​រាង​ផ្សេងៗ​ទៀត​ដូច​ជា រាង​អក្សរ T អក្សរ L ​ចតុកោណស្មើ ចតុកោណព្នាយ​និង​រាង​ប្លែក​ៗ​ដទៃ​ទៀត​ដែល​គ្មាន​ជ្រុង​ណា​មួយ​ស្មើ​គ្នា​ក៏​ពុំ​សូវ​ល្អ​ប៉ុន្មាន​ដែរ​ព្រោះ​ថា ជោគ​លាភ​ចូល​មិន​ដល់​ក្រោយ។

 

អត្ថបទ៖ លឹម សុ​នា ប្រភព៖ តម្រា​ហុង​ស៊ុយ