ក្រសួងវប្បធម៌ប្រាប់គោលការណ៍ យូណេស្កូ ក្រោយថៃប្រកាសដាក់ល្ខោន Khon ជាសម្បត្តិបេតិកភណ្ឌអរូបី
- 2016-06-01 23:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ប្រាប់គោលការណ៍ យូណេស្កូ ក្រោយថៃប្រកាសដាក់ល្ខោន Khon ជាសម្បត្តិបេតិកភណ្ឌអរូបី
ចន្លោះមិនឃើញ
ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌បានឱ្យដឹងថា មិនមែនគ្រប់សំណើដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សុទ្ធតែត្រូវបានអង្គការ យូនីស្កូ ទទួលយកទេ។ ជាក់ស្ដែងសំណើរបស់ថៃដាក់ល្ខោន Khon មានទម្រង់ដូចល្ខោនខោលកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីក៏ដូច្នេះដែរ ប្រសិនបើភាគីប្រទេសកម្ពុជា ឬប្រទេសណាមួយលើពិភពលោកមានការជំទាស់ អង្គការនឹងពិចារណាចំពោះសំណើរបស់ថៃមិនខាន។
ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌
"បើប្រទេសថៃនិយាយថា ល្ខោននេះវាកកើតឡើងនៅក្នុងសម័យអយុធ្យាមែន វាកាន់តែជាទឡ្ហីករណ៍មួយបង្ហាញពីការឆ្លុះបញ្ចាំងឱ្យឃើញពីប្រវត្តិសាស្ត្រថែមទៀតផង អញ្ចឹង យូនីស្កូ គេអាចពិចារណាបានហើយ"។ លោក ថៃ នរៈសត្យា ថ្លែងមកកាន់ Sabay ។
លោកអះអាងថា ក្រសួងវប្បធម៌នៅតែប្រកាន់តួនាទីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ដោយមិនព្រងើយកន្តើយចំពោះរឿងដែលធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌរបស់ជាតិឡើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ដោយសារតែក្រសួង នៅមិនទាន់ទទួលបានព័ត៌មានស្ដីពីសំណើរបស់ថៃជាផ្លូវការ ទើបក្រសួងនៅមិនទាន់មានចំណាត់ការណាមួយនៅឡើយ។
លោកបន្តថា ក្រសួងវប្បធម៌កម្ពុជា ត្រូវប្រជុំក្នុងជួរថ្នាក់ដឹកនាំទាំងអស់ ដើម្បីរកដំណោះស្រាយបញ្ហានេះ ឬអាចឆ្លងដល់អន្តរក្រសួងបន្ថែមទៀតផង ប្រសិនបើមានភាពចាំបាច់នោះ។
ល្ខោនខោលរបស់កម្ពុជា
ឯកឧត្ដម ថៃ នរៈសត្យា បានបន្ថែមថា នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសវប្បធម៌មានឯកសារតម្កល់គ្រប់គ្រាន់ទាក់ទងទៅនឹងល្ខោនខោលរបស់ខ្មែរ។ ប៉ុន្តែភាពយឺតយ៉ាវដាក់សំណើទៅអង្គការ យូណេស្កូ ក៏ដោយសារកម្ពុជាកំពុងដំណើរការដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុហ៍ ក៏ដូចជាប្រាសាទនានាជាច្រើនទៀត រួមទាំងភ្លេងអារក្ស និងចាប៉ីដងវែងជាដើម។
លោកបន្តថា៖"ក្រសួងធ្វើជាអាទិភាពចំពោះរបស់ណាដែលប្រឈមទៅនឹងការបាត់បង់ច្រើនជាងគេ ចំពោះល្ខោនខោល កំពុងតែមាននិរន្តរភាព។ ប៉ុន្តែបើថៃគេដាក់អញ្ចឹងក្រសួងយើងត្រូវការពារបេតិកភណ្ឌយើងដែរ"៕
ល្ខោន Khon របស់ប្រទេសថៃ
អត្ថបទ៖ សំ ជំនាញ