ម៉ាន់ កុសល៖ ខ្ញុំ​សឹងតែ​ហូរ​ទឹក​ភ្នែក ហើយ​លែង​ឯកោ​ដូច​មុន​

  • 2016-06-17 17:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ស្បែក​ធំ ម៉ាន់ កុសល បាន​និយាយ​ថា លោក​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ឃើញ​អ្នក​ជំនាន់​ក្រោយ​ខ្នះខ្នែង​ជួយ​ក្នុង​ដំណាក់​កាល​សមាគម​របស់​លោក​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច។

 

 

“អារម្មណ៍​របស់​ខ្ញុំ​មិន​ធម្មតា​ទេ លើស​ពី​ការ​រំភើប ពេល​ខ្លះ​សឹង​តែ​ហូរ​ទឹក​ភ្នែក ដោយ​សារ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​លែង​ឯកោ​ទៀត​ហើយ"។ លោក​ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា កម្លាំង​ប្រឹងប្រែង​ជួយ​វិស័យ​វប្បធម៌​ស្បែក​ធំ​ពី​អ្នក​ជំនាន់​ក្រោយ​កើន​ឡើង​ ហើយ​ជា​ការ​តបស្នង​លោក​សន្យា​ថា នឹង​ប្រឹងប្រែង​បណ្ដុះ​បណ្ដាល​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៀត។

 

ក្រៅ​ពី​នេះ​លោក​គ្រូ ម៉ាន់ កុសល ក៏​បាន​អះអាង​បន្ត​ថា លោក​នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​រឿង​ថ្មីៗ​សម្រាប់​សម្ដែង​ជា​ល្ខោន​ស្រមោល​ស្បែក​ធំ និង​ជា​ល្ខោន​ខោល​ផង​ដែរ។

 

 

ម្សិលមិញ​នេះ ក៏​មាន​តំណាង​ក្រុម​នគររាជ​ឌីជេ អាចារ្យ​ធំ និង​អ្នក​និពន្ធ កែវ សាស្រ្តា បាន​នាំ​យក​ថវិកា​ប្រមាណ ១​លាន​រៀល​ជា​ប្រាក់​ចំណេញ​ពី​ការ​លក់​កន្សែង អាវយឺត ទឹក​បរិសុទ្ធ ក្នុង​ឱកាស​ការ​ប្រកួត​បាល់​ទាត់​រវាង​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ​ប្រគល់​ជូន​លោក​គ្រូ ម៉ាន់ កុសល ផង​ដែរ។

 

ពួក​គេ​អះអាង​ថា នឹង​ប្រឹងប្រែង​ស្វែង​រក​ថវិកា​ជួយ​ទ្រទ្រង់​សមាគម​សិល្បៈ​សុវណ្ណភូមិ​បន្ត​ទៀត ដើម្បី​ធានា​បាន​និរន្តរភាព​សមាគម​មួយ​នេះ​សម្រាប់​អភិរក្ស​សិល្បៈ​វប្បធម៌​ស្បែក​ធំ និង​ល្ខោន​ខោល​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ។

 

សមាគម​សិល្បៈ​សុវណ្ណភូមិ​ចាប់​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ និង​ល្ខោន​ខោល​រៀងរាល់​ល្ងាច​ថ្ងៃ​សុក្រ និង​សៅរ៍​ចាប់​ពី​ម៉ោង ៧ ល្ងាច​តទៅ។ ព័ត៌មាន​បន្ថែម​ទាក់ទង​លេខ​ទូរសព្ទ ០១២ ៨៤៦ ០២០

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម