ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង

  • 2016-06-18 17:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បើ​ចង់​ញ៉ាំ​ចេកឆាប​ឆ្ងាញ់ៗ​មាននៅ​ឯណា? អ្នក​ទាំងអស់​គ្នា​គិត​ដូច​ខ្ញុំ​គិត​ទេ ថា​នៅ​ស្គន់​មាន​ច្រើន​ណាស់ ជាពិសេស​ចេកឆាប​នៅ​ទីនោះ​ស្រួយ​ឆ្ងាញ់​ជក់​មាត់​តែ​ម្ដង។ ចុះ​តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា កន្លែង​ផលិត​នៅឯណា?

 

 

ចូល​អែប​ខាងលិច​ស្ថានីយ​ប្រេង​សាំង ខាងលិច​ផ្សារ​ព្រៃទទឹង​ទៅ​ត្រង់​ប្រហែល ១០០ម៉ែត្រ រួច​បត់​ឆ្វេង​ប្រហែល ២០ម៉ែត្រ រួច​ក៏​បត់​ស្កាំ តាម​ផ្លូវលំ​ប្រមាណ​ជា ៥០០ម៉ែត្រ​ទៀត អ្នក​នឹង​ទៅដល់​ផ្លូវ​កែង​បត់​ស្ដាំ​ម្តង​ទៀត គឺ​ចាប់ពី​ផ្លូវ​នេះ បើ​អ្នក​បាន​ទៅដល់​ទីនោះ ​អ្នក​ប្រាកដជា​បាន​ឃើញ ​ចង្គ្រាន​នៅក្បែរៗ​ផ្ទះ មាន​ខ្ទះ​ត្នោតធំៗ និង​មាន​សំ​បកចេក​ជា​ហូរហែ។ ទីនេះ​ហើយ​ គឺ​ភូមិ​ស្រែ​ត្រោក​ស្ថិត​ក្នុង​ឃុំ​ជ្រៃវៀន​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​ដែល​ជា​កន្លែង​ផលិត​ចេកឆាប​ដ៏​ធំ​មួយ ព្រោះ​ប្រជាជន​នៅ​ទីនេះ​ជាច្រើន​គ្រួសារ​បាន​ចាប់​ផ្តើម​ការ​ងារ​ធ្វើ​ចេកឆាប​នេះ​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

 

អ្នកធ្វើ​ចេកឆាប​ម្នាក់​ឈ្មោះ​ស្រី​កំពុង​ប្រញឹក​ដៃ​ឈូស​ចេក​ដែល​បក​សំបក​ហើយ នៅ​លើ​ឧបករណ៍​ច្នៃ​មួយ ដែល​អាច​ចិត​ចេក​ជា​បន្ទះ​មូលៗ​បាន​យ៉ាង​រហ័ស។ អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹងថា មុខរបរ​ធ្វើ​ចេកឆាប ត្រូវ​បាន​ប្រជាជន​នៅទីនេះ​ធ្វើ​ជិត ២០ឆ្នាំ​មកហើយ ដោយ​ដំបូង ​គឺ​មានតែ​ចេកឆាប​វែងៗ​ឆឹង​តែ​ជាមួយ​ស្ករ​ទេ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ចេកឆាប​ប្រភេទ​ថ្មី​មាន​រាងមូល​ស្តើងៗ ព្រមទាំង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ត្រូវ​បាន​គេ​ផលិត​ឡើង ហើយ​វា​ក៏​ចាប់ផ្ដើម​ពេញ​និយម​ពិសា​ពី​សំណាក​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ន។

 

 

អ្នកស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ស្ទើរ​តែ​រាល់ថ្ងៃ​គ្រួសារ​របស់​អ្នកស្រី​បាន​ធ្វើ​ចេកឆាប​នេះ ដោយមាន​ការចូលរួម​ពី​កូនស្រី​ទាំងពីរ និង​ប្ដី​របស់​គាត់។ ប្រភព​ខាងលើ​បាន​ត្អូញត្អែរ​ថា​ របរ​នេះ​កាន់តែ​ចំណេញ​តិចទៅៗ​ដោយសារតែ​ចេក​កាន់តែ​ថ្លៃ​ចេក១បេ​ថ្លៃ២៨ ០០០៛ ចំណាយ​លើ​អាចម៍រណារ​ដើម្បី​ដុត​ជំនួស​អុស ៧៥០ ០០០៛ ក្នុង​មួយ​ឡាន​ថ្លៃ​ជួល​បក​ចេក ៤ ០០០៛ ក្នុង១បេ​រួម​ទាំង​ថ្លៃ​គ្រឿងផ្សំ​ជាច្រើន​មុខ​ទៀត។

 

ចំពោះ​ចេកឆាប​ដែល​ធ្វើ​ឆ្អិន​ហើយ​មាន​ម៉ូយ​ប្រចាំ​មក​យក​ម៉ូយ​ខ្លះ​ត្រូវ​យក​ទៅ​ឲ្យ​ និង​ម្ដងម្កាល​មាន​គេ​មក​ទិញ​ដល់​ផ្ទះ។ អ្នកស្រី ស្រី​និយាយ​ទាំង​មាន​មោទកភាព​ថា ដោយសារតែ​ចេកឆាប​នេះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ រហូត​មាន​អ្នកខ្លះ​ទិញ​ផ្ញើ​បងប្អូន​ដល់​អាមេរិក​ក៏​មាន៕

 

 

 
 
 

អត្ថបទ៖ គីម សាយ