ជាប់​បាក់ឌុបហើយ គួរ​ប្រឡង​គ្រូ ឬ​បន្ត​ថ្នាក់​ឧត្ដមសិក្សា?

  • 2016-06-22 17:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៥-២០១៦ ជិត​មក​ដល់​ហើយ តើ​សិស្សានុសិស្ស​ បាន​សម្រេច​ចិត្ត​ហើយ​ឬ​នៅ​ថា គួរ​ប្រឡង​គ្រូ​សិន ឬ​បន្ត​​ថ្នាក់​ឧត្ដម​សិក្សា។ តោះ! ទៅ​ស្ដាប់​មតិ​យុវវ័យ។

 

 

"ជម្រើស​ទាំង​ពីរ​សុទ្ធតែ​សំខាន់ ដូច្នេះ​ពួកគាត់ (សិស្ស) ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់។ តែ​បើ​តាម​គំនិត​ខ្ញុំ បើ​គ្មាន​លុយ​ទេ គួរ​ប្រឡង​គ្រូ​​បឋម ឬ​អនុ​អី​សិន​ទៅ។ ចាំ​បាន​ប្រាក់​ខែ មក​រៀន​ត​សៅរ៍-អាទិត្យ។ តែ​បើ​មាន​លុយ មក​រៀន​តែ​ម្ដង​ក៏​ល្អ។ ចិត្ត​ខ្ញុំ ចង់​ឱ្យ​ប្រឡង​គ្រូ​សិន មិច​មិច​​យើង​បាន​ក្រប​ខណ្ឌ​រដ្ឋ"។ សម្ដី​របស់​កញ្ញា ដានី។

 

មិន​ខុស​ពី ដានី ទេ​គឺ​យុវតី លីណា មក​ពី​ខេត្ត​កណ្ដាល​បាន​ឱ្យ​យោបល់​ថា បើ​ជឿជាក់​លើ​ខ្លួន​ឯង អ្នក​ដែល​ជាប់​​បាក់ឌុប គួរ​តែ​ដាក់ពាក្យ​ប្រលង​គ្រូ ព្រោះ​បើ​ជាប់​​ក្របខណ្ឌ​រដ្ឋ​គឺ​ល្អ ហើយ​ពួកគេមាន​ឱកាស​ បង្ហាត់​បង្រៀន​សិស្សរាប់សិបនាក់ ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្សដ៏​រឹងមាំ​ សម្រាប់​ប្រទេស​ជាតិ​។

 

លីណា ថា៖ "សម្រាប់​អ្នក​គ្មាន​លទ្ធភាព គួរ​ប្រឡង​គ្រូ ព្រោះ​អី​​រដ្ឋ​ល្អ។ រាល់​ថ្ងៃ​ហ្នឹង គេ​រក​តែ​​ក្របខណ្ឌ​រដ្ឋ​ទេ។ ពេល​គាត់​​ចេញ​បង្រៀន គាត់​​​អាច​​​សន្សំ​​លុយ​រៀន​ត​បាន ហើយ​ថែម​ទាំង​បានផ្ទេរ​ចំណេះ​ដឹង​ដល់​ក្មេងៗ"។

 

ចំណែក​យុវជន ផៃ សុវណ្ណរ៉ា បាន​ចែក​រំលែក​បទពិសោធន៍​ថា កាល​ចប់​បាក់ឌុប​ឆ្នាំ ២០០៧-២០០៨ លោក​បាន​ទិញ​ពាក្យ​ប្រលង​គ្រូ​​អនុវិទ្យាល័យ​ហើយ ប៉ុន្តែ​ដោយសារ​​ចង់​រៀន​មុខវិជ្ជា ដែល​ខ្លួន​ស្រលាញ់​ពេក លោក​ក៏​បោះបង់​ចោល​ការ​ប្រលង។

 

សុវណ្ណរ៉ា បញ្ជាក់​ថា៖ “ខ្ញុំ​ទិញ​ពាក្យ​រួច​ហើយ តែ​ដូរ​ចិត្ត​វិញ។ ខ្ញុំ​រៀន​អក្សរសាស្ត្រ​អង់គ្លេស... យើង​​លទ្ធភាព (ប្រាក់) ល្មមៗ​ពិបាក​ណាស់...ខ្ញុំ​ត្រូវ​​ធ្វើ​ការ​ថ្ងៃ រៀន​យប់ គ្មាន​ពេល​រៀន​ដិតដល់។ ​​មិត្តភ័ក្ដិ​ខ្ញុំ ជាប់​គ្រូ​មធ្យម គ្រូ​បឋម​គេ​​ការងារ​រដ្ឋ មាន​លុយ​រៀន​នៅ​សាកល​ខ្លួន​ឯង ​មិន​បាច់​ពឹង​​​​ឪពុកម្ដាយ"។

 

យល់​ថា​ល្អ​ទាំង​ពីរ តែ​យុវជន ហុង វណ្ណា បុគ្គលិកធនាគារ វ័យ​២៣​ឆ្នាំ​ប្រាប់​ថា បើ​​មាន​សមត្ថភាព យកល្អ​ពួកគេ​​ត្រូវ​ប្រឡង​យក​អាហារូបករណ៍ ហើយ​បើ​ជាប់ ​១០០%​​ នោះ កាន់​តែ​ល្អ​ប្រសើរ។

 

អតីត​សិស្ស​អាហារូបករណ៍មួយ​រយភាគរយ ផ្នែក​គណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា បាន​លើកឡើង​ថា៖ "បើ​​សមត្ថភាព​ល្អ​ដែរ គាត់​គួរ​ប្រឡង​អាហារូបករណ៍ បាន ៥០%, ៦០%, ១០០% ក៏​ល្អ​ដែរ។ ណាមួយ​​រៀន​នៅ​សាកល ​មាន​ឧកាស​ការងារ​ល្អ​ច្រើន ទទួល​បាន​ព័ត៌មាន​លឿន”។

 

ចុះ​ប្រិយមិត្ត​វិញ​យល់​ថា មួយ​ណា​ល្អ? មោះ! ជួយ​ឱ្យ​យោបល់​ដល់​ប្អូនៗ​តិច​មក។

 

ចុចអាន៖ ម៉ម ឃុនហួរ សិស្ស​ខ្លាំង​រូបវិទ្យា ប្រាប់​គន្លឹះ​រៀន​ ពូកែ

ចុចអាន៖ អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ទេ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​​​​​​​

អត្ថបទថ្មី