រឿង​ថ្មីរបស់​ចិន​​​​ត្រូវ​ផលិតកម្ម​ហូលីរូដ​ប្ដឹង​ថា​ចម្លង​តាម​រឿង​ "Cars”

  • 2016-06-22 18:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​នៅ​ពី​ក្រោយ​ខ្សែភាពយន្ត​បែប​គំនូរ​ជីវចល​ “The Autobots” របស់​ចិន​កំពុង​រង​ការ​ប្ដឹង​ផ្ដល់​ពី​សំណាក់​សហគ្រាស​ភាពយន្ត​ Disney និង​ស្ទូឌីយោ​ Pixar ដោយ​អះអាង​ថា “The Autobots” ជា​ភាពយន្ត​យក​លំនាំ​តាម​ ភាពយន្ត "Cars” ដ៏​ល្បី​ល្បាញ​របស់​ពួក​គេ។

 

 

សហគ្រាស​ភាពយន្ត​ Disney បាន​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​បី​ដែល​នៅ​ពី​ក្រោយ​​ភាពយន្ត“ The Autobots” រួម​មាន​ក្រុមហ៊ុន​ Lanhuoyan, ក្រុមហ៊ុន​ G-Point និង​វិបសាយ​ក្នុង​ស្រុក​ PPLive ​ឲ្យ​បញ្ឈប់​ការ​ចែក​ចាយ​ភាពយន្ត​នេះ​ជា​បន្ត​ទៀត។ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ ៤​ លាន​យាន់​ (ប្រមាណ​ ៦០៧ ៤៨៨ ដុល្លារ) ពី​ក្រុមហ៊ុន​ពីរ​ដំបូង​គេ​ផង​ដែរ។

 

 

គួរ​រំលឹក​ថា​ "Cars”​ជា​ភាពយន្ត​គំនូរ​ជីវចល​ចេញ​ផ្សាយ​ឆ្នាំ​ ២០០៦ ដែល​ផលិត​ឡើង​ដោយ​ ​ស្ទូឌីយោ​ Pixar និង​ចេញ​ផ្សាយ​ដោយ​​សហគ្រាស​ភាពយន្ត Disney ហើយ​ប្រាំ​ឆ្នាំ​បន្ទាប់​វគ្គទី​ពីរ​នៃ​ភាពយន្ត​នេះ​ក៏​បាន​ចេញ​ផ្សាយ​​ដោយ​មាន​​ចំណង​ជើង​ថា​ "Cars 2”។​

 

Disney និង​ Pixar បាន​លើក​ឡើង​ថា​ "The Autobots” ដែល​ចេញ​ផ្សាយ​​​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ទៅ​ និង​ចេញ​ផ្សាយ​​លើ​អនឡាញ​ដោយ​វិបសាយ​ PPLive ពិត​ជា​ស្រដៀង​ទៅ​នឹង​​សាច់​រឿង​របស់​ "Cars” ទាំង​ពីរ​វគ្គ។ ដើម​បណ្ដឹង​ទាំង​ពីរ​បាន​អះអាង​ថា​តួ​ឯក​​ក្នុង​ "The Autobots” ឈ្មោះ​ K1 និង​ K2 គឺ​យក​លំនាំ​តាម​​តួ​ឯក​ “Lightning McQueen” ក្នុង​ "Cars” និង​ តួ​​ “Francesco Bernoulli” ក្នុង​ "Cars 2”។

 

 

លើស​ពី​នេះ​សូម្បី​តែ​រូប​ Poster ផ្សាយ​​ភាពយន្ត​ "The Autobots” ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​ Poster របស់​ "Cars 2” ​ហើយ​ឈ្មោះ​ជា​ភាសា​ចិន​របស់​ភាពយន្ត។

 

ចំពោះ​ការ​ប្ដឹង​ផ្ដល់​នេះ​ខាង​ក្រុមហ៊ុន​ Lanhuoyan បាន​ឆ្លើយ​តប​ថា​ខ្លួន​មិន​មាន​កំហុស​ឡើយ​ ព្រោះ​ថា​បុគ្គលិក​របស់​ខ្លួន​​បង្កើត​ភាពយន្ត​នេះ​ឡើង​ដោយ​ឯករាជ្យ​ ហើយ​​ក្រុមហ៊ុន​នេះ​ថែម​ទាំង​បាន​លើក​ឡើង​ពី​ចំណុច​ខុស​គ្នា​ជា​ច្រើន​នៃ​ភាពយន្ត​ទាំង​ពីរ​ផង​ដែរ។ យ៉ាង​ណា​ក្ដី​មក​ទល់​ពេល​នេះ​តុលាការ​នៅ​មិន​ទាន់​ប្រកាស​សាល​ក្រម​នៅ​ឡើយ​ទេ៕

 

​​​ចុច​អាន៖ ខ្សែ​ភាពយន្ត​ល្អ​មើល ៥ រឿង​​នៅ​សល់​សម្រាប់​​ឆ្នាំ​២០១៦ មិន​គួរ​រំលង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ ecns