ព្រោះ​សេរី​ភាព បុគ្គល​ពីរ​រូបលះបង់​ប្រាក់​ខែ​រាប់​ពាន់​​ ​ពុះពាររហូត​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន

  • 2016-06-23 16:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេរី​ភាព ជា​រឿង​ចម្បង​ដែល​បុគ្គល​ម្នាក់ៗ​តែង​ចង់​បាន​ជានិច្ច។ ព្រោះ​ចង់​បាន​សេរី​ភាព​មិន​ចង់​ធ្វើ​ការ​ដើម្បី​តែ​ប្រាក់​ខែ ក្រោម​សម្ពាធ​និង​ការ​​បង្គាប់​បញ្ជា​ពី​គេ ធ្វើ​ឲ្យ​បុគ្គល​ឆ្នើម​ពីរ​រូប​លះ​បង់​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ មក​បើក​ក្រុមហ៊ុន​ខ្លួន​ឯងរហូត​ជោគជ័យ​។

 

“ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ទេ​ ទោះ​បី​ខ្ញុំ​គ្មាន​បទ​ពិសោធន៍​រក​ស៊ី​ក៏​ដោយ”។

 

សុខ​ សុភមង្គល​ នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន CODINGATE

 

ដោយ​មិន​ចង់​យក​ចំណេះ​​​ដែល​ខ្លួន​ខំ​ប្រឹងប្រែង​​ទទួល​បាន​ទាំង​លំបាក​ទៅ​ធ្វើ​ការ​បម្រើ​ឲ្យ​គេ​ ​ទោះ​បី​ស្ថានភាព​ហិរញ្ញវត្ថុ​​មិន​អំណោយ​ផល​និង​​បទពិសោធន៍​រក​ស៊ី​នៅ​ស្ទើរ មង្គល បាន​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ផ្នែក​សេវា​បង្កើត​វិបសាយ និង​​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​លើ​អាជីវកម្ម​ខ្នាត​តូច​មួយ​ជាមួយ​មិត្តភ័ក្ដិ​ពីរ​បី​នាក់​ទៀត។

 

បន្ទាប់​ពី​មាន​ការ​តាំង​ចិត្ត​បែប​នេះ​មង្គល​បាន​​ប្រើ​ដើម​ទុន​តែ​ ១២០ ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​បើក​ក្រុមហ៊ុន​ដែល​មាន​សេវា​បង្កើត​វិបសាយ​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​លើ​អាជីវកម្ម​ខ្នាត​តូច​​ឡើង។

 

មង្គល​ថា កាល​បើក​​ដំបូង​មាន​គ្នា​តែ​ពីរ​បី​នាក់​បាន​​ត្រួស​ត្រាយ រហូត​ដំណើរ​ការ​រយៈ​ពេល​ ៣ ឆ្នាំ​​ក៏​បាន​ពង្រីក​​សមាជិក​ឡើង​ជិត​ដល់​ ២៦ នាក់។ គម្រោង​មាន​ធ្វើ​មិន​ចេះ​ចប់ សុទ្ធ​តែ​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង ក្រៅ​ស្រុក​ជា​ច្រើន​មក​ទាក់​ទង​ដោយ​ក្នុង​ខែ​នេះ​ទទួល​បាន​​ជាង ១០០ គម្រោង​ ដូច​ជា​ការ​រចនា​បង្កើត​វេបសាយ និង​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​ផ្សេងៗ​ដូច​ជា​តាម​ហាង​លក់​ទំនិញ សណ្ឋាគារ និង​គ្រប់​គ្រង​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​នានា​ជាដើម។

 

លទ្ធផល​សម្រេច​បាន​នេះ មង្គល​ថា​ជា​ជោគជ័យ​សម្រាប់​ការ​បើក​​ដំណើរ​​ការ​អាជីវកម្ម​របស់​លោក​បន្ទាប់​ពី​​បាន​ប្រឹងប្រែង​​និង​ពុះពារ​ការ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​នេះ។

 

គ្រុយ វណ្ណា នាយក​ប្រតិបត្តិ​​​​ក្រុមហ៊ុន AliEN DEV

 

ចំណែក​លោក គ្រុយ វណ្ណា នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ក្រុមហ៊ុន AliEN DEV វិញ ថា​ក្រោយ​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន Asial ជប៉ុន​បាន៣ ឆ្នាំ វណ្ណា​ក៏​មាន​អារម្មណ៍​ថា​ឯកោ ​នឹក​គ្រួសារ​ ​ពិសេស​​ចង់​បាន​សេរីភាព​ច្រើន ក៏​សម្រេច​ចិត្ត​បោះបង់​ចោល​ប្រាក់​ខែ ៣០០០ដុល្លារ​នៅ​ជប៉ុន មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​វិញ។

 

នៅ​ឆ្នាំ ២០១៤ វណ្ណា​បាន​បង្កើត​ក្រុម​បង្កើត​កម្មវិធី​ទូរសព្ទ​មួយ​ឈ្មោះ ALiEN DEV ដោយ​មាន​គ្នា​ ៤ នាក់ ហើយ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ ក៏​បាន​បង្កើត​ក្តារ​ចុច​សម្រាប់ iOS ដោយ​មាន​ឈ្មោះ​ថា Khmer Smart Keyboard។

 

ដោយ​សារ Khmer Smart Keyboard ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ទើប​ Developer វ័យ​ក្មេង​រូប​នេះ​សម្រេច​ចិត្ត​បង្កើត​ជា​ក្រុមហ៊ុន​តូច ALiEN DEV ដោយ​បាន​ចូល​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ទៀត សរុប​ទុន ១ម៉ឺន​ដុល្លារ។

 

វណ្ណា​ថា រយៈ​ពេល​ប្រហែល​ជាង​មួយ​ឆ្នាំ​ដែល​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ដាក់​ឱ្យ​ប្រើ​លើ iOS និង Android ឃើញ​ថា​មាន​ការ​ពេញ​និយម​ខ្លាំង និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ពី​ពលរដ្ឋ​ខ្មែរ​និង​បណ្ដា​ស្ថាប័ន​នានា ហើយ​ក្រុម​លោក​បាន​ព្យាយាម​រិះរក​មុខងារ​ថ្មីៗ​ដើម្បី​បន្ថែម​លើ​កម្មវិធី​ក្តារ​ចុច​នេះ​ឱ្យ​កាន់​តែ​ទំនើប។

 

វណ្ណា​ថា មក​ទល់​ពេល​នេះ Khmer Smart Keyboard មាន​អ្នក​ទាញ​យក​ប្រមាណ ៣៨ម៉ឺន​នាក់​មក​ហើយ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់ ALiEN DEV៕

 

អត្ថបទ៖ ឆានី & ផាន់និត