មាន​កូន៦​នាក់ តែ​ដល់​ពេល​ចាស់​ដាក់​ជញ្ជីង​យក​លុយ​ចិញ្ចឹម​ជីវិត

  • 2016-06-24 13:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុខ​ព្រះបរមរាជវាំង​ និង​ក្បែរ​ទី​សក្ការ​ព្រះ​អង្គ​ដង្កើ ជា​កន្លែង​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ទៅ​លំហែ​កាយ​នា​ពេល​ល្ងាច​តែ​ក្នុង​នោះ​ក៏​មាន​បុរស​វ័យ​៧១​ឆ្នាំ​ម្នាក់​ កំពុង​រង់ចាំ​អតិថិជន​មក​ថ្លឹង​ជញ្ជីង​ដើម្បី​យក​ប្រាក់​បន្តិច​បន្តួច​មក​ចិញ្ចឹម​ជីវិត បើ​ទោះ​បី​មាន​កូន​ប្រុស​ស្រី​ដល់​ទៅ ៦​នាក់។

 

 

លោក​តា​ មាស សុផល ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឥដ្ឋ​ ឃុំ​សំរោង​ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង​ បាន​ឱ្យ​ដឹង​ថា​សព្វថ្ងៃ​គាត់​សម្រាក​នៅ​រោង​កាហ្វេ​ នៅ​វាល​ព្រះ​មេរុ ហើយ​របរ​នេះ​គាត់​អាច​រក​បាន​ត្រឹម​តែ​មួយ​ម៉ឺន​រៀល រីឯ​ចំណាយ​លើ​ការ​បរិភោគ​ប្រហែល​៧ពាន់​រៀល​ទៅ​ហើយ​ក្នុង​ថ្ងៃ។ លោក​តា​បាន​និយាយ​ថា​៖ "ខ្ញុំ​ដេក​នៅ​វាល​មេរុ...ដេក​នៅ​អា​រោង​កាហ្វេ​គេ... មួយ​ថ្ងៃ​រក​បាន ១ម៉ឺន ជួន​កាល​លើស​អូន... បើ​ចាយ​វិញ​ខ្ទង់​ទាំង​ព្រឹក​ ទាំង​ថ្លៃ​កាហ្វេ​ ទាំង​អី​ចូល​ប្រហែល​ជា​៧​ ៨​ពាន់"។

 

លោក​តា​បាន​បន្ត​ទាំង​បើក​ភ្នែក​ពុំ​សូវ​រួច​ទៀត​ថា​ កាល​ពី​មុន​ធ្លាប់​ធាក់​ស៊ីក្លូ​ តែ​ដោយ​សារ​កម្លាំង​មិន​អំណោយផល​ក៏​ប្ដូរ​របរ​។ លោក​តា​បាន​ប្រាប់​ទៀត​ថា គាត់​មក​ភ្នំពេញ​ដោយ​សារ​ខ្វះ​ថវិកា។ “ខ្ញុំ​គ្មាន​ធ្វើ​អី​ទេ​ កាល​ពី​មុន​ ខ្ញុំ​ធាក់​ស៊ីក្លូ ដល់​យើង​ចាស់​ទៅ ធាក់​ស៊ីក្លូ​វា​មិន​កើត​ក៏​មក​ហ្នឹង​ផ្លាស់​កម្មវិធី​នឹង​ទៅ​...ដោយសារ​ខ្វះ​លុយ​កាក់​ដើម្បី​ដោះ​ស្រាយ​ជីវភាព​មួយ​ចំណែក ហើយ​មួយ​ចំណែក​ទៀត​ខ្វះ​លុយ​ធ្វើ​បុណ្យ​ធ្វើ​ទាន។" សម្ដី​លោក​តា។

 

និយាយ​ពី​ស្ថាន​ភាព​គ្រួសារ​វិញ លោក​តា​ដែល​មក​រស់នៅ​ម្នាក់​ឯង​នេះ​បន្ត​ថា ភរិយា​របស់​គាត់​ជា​កសិករ​ ហើយ​មាន​កូន​៦​នាក់​ ដោយ​ប្រកប​របរ​ជា​កសិករ និង​អ្នក​រត់​ម៉ូតូ​ឌុប​ តែ​កូនៗ​ពុំ​មាន​លទ្ធភាព​អាច​ជួយ​សម្រាក​ជីវភាព​គាត់​បាន​ទេ​។ លោកតា​បាន​និយាយ​ថា៖ "(ប្រពន្ធ)បាទ​មាន​តើ...មាន​ធ្វើ​អី​ទេ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​នៅ​ស្រុក​...កូន​៥​ ៦​នាក់ ហើយ​គេ​ខ្លះ គេ​នៅ​ធ្វើ​ស្រែ ខ្លះ​គេ​មក​រត់​ម៉ូតូ​ឌុប​អ៊ីចឹង​ដែរ...ពួកគាត់​(កូន)​ដោះស្រាយ​តែ​ខ្លួន​គាត់ ចិញ្ចឹម​តែ​គ្រួសារ​គេ​គ្មាន​បាន​ជួយ​ទេ​ព្រោះ​វា​គ្មាន​នែ​ទំនប់​គ្រួសារ​គេ​"។

 

លោក​តា​ សុផល​បាន​ប្រាប់​ទៀត​ថា​ មូលហេតុ​អាកាសធាតុ​និង​ទិន្នផល​ធ្លាក់​ចុះ​ ទើប​បណ្ដាល​ឱ្យ​គាត់​មាន​ជីវភាព​ដល់​សព្វថ្ងៃ។ "មូលហេតុ​ហ្នឹង​ដូច​ថា មេឃ​ក៏​រាំង​ ធ្វើ​ស្រូវ​ក៏​មិន​សូវ​បាន ម្យ៉ាង​ទៀត​ផល​ក៏​បាន​តិច ហើយ​ខាត​ ទិញ​អា​របស់​គេ​វា​ថ្លៃ​ ថ្លៃ​ជី​ថ្លៃ​ប្រេង​អី​"។ សម្ដី​លោក​តា។

 

យ៉ាង​ណា​មិញ​ លោក​តា​បាន​ប្រាប់​ថា ភ្នំពេញ​អាច​ជា​ក្ដី​សង្ឃឹម​របស់​គាត់ ក្នុង​ការ​ជួយ​សម្រាល​ជីវភាព​ដោយសារ​តែ​មាន​មនុស្ស​ច្រើន និង​អាច​ប្រកប​របរ​អ្វី​ផ្សេងៗ​ទៀត​៕

 

អត្ថបទ៖ នួន ចាន់លីហួត

អត្ថបទពេញនិយម