របរ​លក់​កាសែត ប្រើ​ដើម​ច្រើន ចំណេញ​តិច សល់​លក់​អេតចាយ

  • 2016-06-24 14:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​វត្តមាន​សារព័ត៌មាន​អនឡាញ​ច្រើន នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំនោរ​ការ​អាន​លើ​កាសែត​បោះពុម្ព​បាន​​ធ្លាក់​ចុះ រហូត​ដល់​អ្នក​លក់​កាសែត​ តាម​តូបមួយ​ចំនួន​ត្អូញត្អែរ​ថា របរ​នេះ​ប្រើ​ដើម​ច្រើន តែ​បែរ​ចំណេញ​តិច​ទៅ​វិញ។

 

 

អ្នក​លក់​កាសែត​នៅ​ក្រោយ​វិទ្យាល័យ​យុគន្ធរមួយ​រូប​ បាន​ប្រាប់ Sabay ក្នុង​ន័យ​មិន​បញ្ចេញ​ឈ្មោះ​ថា អ្នកស្រី​បាន​ប្រើ​ដើម​ពី ៥ ឬ ៦ ម៉ឺន​រៀល ប៉ុន្តែ​ចំណេញ​បាន​តិច​បំផុត ហើយ​បើ​ថ្ងៃ​ណា​សល់​នោះ អ្នកស្រី​ថ្លឹង​គីឡូ​លក់​អេតចាយ​តែ​ម្ដង។ ​

 

“ខ្ញុំ​ទិញ​គេ​ដាច់។ កាសែត​ណា​អត់​ដាច់ ​ខ្ញុំ​យក ៦ ច្បាប់ តែ​បើ​កាសែត​ណា​ដាច់ ខ្ញុំ​យក​ ២០​ ច្បាប់។ ​ខ្ញុំ​ទិញ​ពី​គេ ១ ច្បាប់​ជាង ៧០០ (រៀល) លក់​វិញ ១០០០។ បើ​សល់​ថ្លឹង​គីឡូ​លក់​ឱ្យ​គេ​ជូត​ផ្ទះ​អី​ចឹង​ទៅ​ណា។ ១ គីឡូបាន​ ២០០០"។

អ្នក​លក់​កាសែត​ជាង ២ ឆ្នាំ​នេះ បាន​បន្ត​ទៀត​​ថា សន្ទុះ​នៃ​ការ​ទិញ​មើល អាស្រ័យ​តាម​​ថ្ងៃ​ដែល​មាន​​ព្រឹត្តិការណ៍​ ហើយ​កាសែត​ដែល​លក់​ដាច់​នោះ មាន​តែ​២​ប៉ុណ្ណោះ ខណៈ​កាសែត​ជាច្រើន​ទៀត​មិន​សូវ​ជា​មាន​អ្នក​ចាប់​អារម្មណ៍​នោះ​ទេ។

 

អ្នកស្រី​រៀបរាប់​ថា៖ “ថ្ងៃ​ណា​មាន​រឿង​ច្រើន គេ​ទិញ​មើល​ច្រើន តែ​ថ្ងៃ​ណា​អត់​ខាត"។

 

ចំណែក​បុរស​ម្នាក់​កំពុង​​លក់​កាសែត​នៅ​ក្បែរ​នោះ ក៏​បាន​ប្រាប់​ឱ្យ Sabay ដឹង​ដែរ​ថា របរ​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​​តិចតួច ប៉ុន្តែ​លោក​នឹង​អ្នក​លក់​ផ្សេងទៀត មិន​ពឹង​ផ្អែក​តែ​លើ​ការ​លក់​កាសែត​ឡើយ។

 

លោក​និយាយ​​ថា៖ "ខ្ញុំ​យក​មក​ម្ដង​ខ្ទង់ ៤០ ទៅ ៥០ ច្បាប់​ចម្រុះ​គ្នា។ មិនសូវ​ជា​ចំណេញ​​ប៉ុន្មាន​ទេ យើង​លក់​គ្រាន់​តែ​ផ្សែផ្សំ​​ជាមួយ​សៀវភៅ​អី​ទៅ"។

 

ក្រៅ​ពី​របរ​លក់​កាសែត ក្រុម​​អ្នក​លក់​ខាងលើ ក៏​មាន​លក់​សម្ភារៈ​សិក្សា​ជាច្រើនដូចជា សៀវភៅ ប៊ិច ខ្មៅដៃ និង​ អ៊ុតសៀវភៅជាដើម ដែល​ជា​របរ​ស្នូល​របស់​ពួកគាត់៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបទូរសព្ទដៃ