បញ្ហា​ធំ​ៗ​ដែល​កើត​ឡើង​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

  • 2016-06-25 21:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​អង់គ្លេស​ប្រមាណ ៥២ភាគ​រយ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប។ ដំណើរការ​ចាក​ចេញ​ដែល​ហៅ​ថា Brexit នេះ​នឹង​ធ្វើ​ឲ្យ​​បញ្ហា​ជា​ច្រើន​កើត​ឡើង​ដូច​ជា៖

 

១. ការ​ធ្លាក់​ចុះ​នៃ​លុយ​ផោន៖ ធនាគារ​អង់គ្លេស​​និយាយ​ថា​រូបិយវត្ថុ​​ធ្លាក់​ចុះ​ខ្លាំង​​ក្រោយ​ការ​បោះឆ្នោត​នេះ។ ប្រាក់​ផោន​ប្រាកដ​ជា​រង​ផល​ប៉ះពាល់​ដោយ​សារ​អង់គ្លេស​ពឹង​ផ្អែក​លើ​ការ​បណ្ដាក់ទុន​ពី​បរទេស​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​របស់​ខ្លួន។

 

២. វិបត្តិ​ទីផ្សារ​ភាគហ៊ុន៖ អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ភាគហ៊ុន​អង់គ្លេស​អាច​នឹង​ធ្លាក់​ចុះ​ដល់ ២៤% ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ជំនួញ​ជាមួយ​សហភាព​អឺរ៉ុប និង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ធំ​ៗ​ត្រូវ​ពិចារណា​ឡើង​វិញ​អំពី​ការ​សហការ​របស់​ពួក​គេ​ជាមួយ​អង់គ្លេស។ ​​

 

៣. សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ៖​ ធនាគារ​អង់គ្លេស​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និយាយ​ថា​លទ្ធផល​ប្រជាមតិ​នេះ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អង់គ្លេស​ដើរ​ថយ​ក្រោយ។ អ្នក​ជំនួញ​មួយ​ចំនួន​និយាយ​ថា​ពួក​គេ​នឹង​ពិចារណា​ឡើង​វិញ​ពី​ការ​វិនិយោគ​នៅ​អង់គ្លេស​ហើយ​ដំណើរការ​ដ៏​រញ៉េរញ៉ៃ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​លំបាក។

 

៤. អត្រាបាត់បង់ការងារ៖ ដំណើរការ Brexit​ នឹង​អាច​ឲ្យ​ការងារ​ជា​ច្រើន​សែន​តំណែង​ត្រូវ​រង្គោះរង្គើ។ ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​នឹង​ធ្វើ​ឲ្យ​អត្រា​គ្មាន​ការងារ​កើន​ឡើង​ខ្ពស់ ហើយ​ធនាគារ​និង​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ក៏​អាច​នឹង​ត្រូវ​ដោះដូរ​បុគ្គលិក​ទៅ​កាន់​អាល្លឺម៉ង់​ ឬ​បារាំង​ដើម្បី​ចៀសវាង​ការ​រំខាន់​មុខ​ជំនួញ​របស់​ពួក​គេ​នៅ​អឺរ៉ុប។​​

 

៥. ការ​កើន​ឡើង​ពន្ធ​និង​បន្ថយការ​​ចំណាយ៖ រតនាគារ​អង់គ្លេស​និយាយ​ថា​ភាព​ចលាចល​នៃ​សេដ្ឋកិច្ច​នឹង​ធ្វើ​ឲ្យ​ថវិការ​ជាតិ​មាន​ការ​ខ្វះខាត ដែល​គេ​នឹង​ត្រូវ​តំឡើង​ពន្ធ និង​កាត់​បន្ថយ​ការ​ចំណាយ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នោះ។

 

ហេតុ​អ្វី​ពិភពលោក​ទាំង​មូល​ត្រូវ​ខ្វល់ខ្វាយ​ពី​រឿង​នេះ?

 

អង់គ្លេស​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៥​ក្នុង​ពិភពលោក។ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ​នឹង​មាន​ការ​ប៉ះពាល់​ខ្លាំង​លើ​ការ​រីកចម្រើន​នៃ​ពិភពលោក។

 

បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​រំជើបរំជួល​នៅ​អឺរ៉ុប​ ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​និង​អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់ ហើយ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​ធំ​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ។​​

 

ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​នឹង​កើត​ឡើង​មិន​ត្រឹម​តែ​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​គឺ​ជុំវិញ​សាកលលោក។ រយៈ​ពេល​តែ​មួយ​ថ្ងៃ​ទីផ្សារ​ភាគហ៊ុន​សាកលលោក​បាន​ខាតបង់​អស់ ២,១ទ្រីលាន​ដុល្លារ ដែល​ជា​ការ​គំរាម​កំហែង​ធំ​មួយ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ ភាគហ៊ុន​អាមេរិក​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រីកចម្រើន​យឺត​ជា​សាកល និង​ដំណើរ​រាំង​ស្ទះ​របស់​ក្រុមហ៊ុន​អាមេរិក​នានា​នៅ​អឺរ៉ុប។

 

ក្រុមហ៊ុន​ធំៗ​​ជា​ច្រើន​​លើ​ពិភពលោក​មាន​ទីស្នាក់ការ​របស់ខ្លួន​នៅ​អង់គ្លេស សម្រាប់​ទីផ្សារ​អឺរ៉ុប​ទាំង​មូល។ ពួក​គេ​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​​ផ្លាស់​ប្ដូរ​មនុស្ស និង​ដំណើរ​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​ដើម្បី​ងាយ​ស្រួល​ប្រឡូក​ចូល​ក្នុង​ទីផ្សារ​ទាំង​នោះ។

 

ការ​ចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​អាច​នឹង​បង្ក​ឲ្យ​មាន​​អស្ថេរភាព​នយោបាយ​កាន់​តែ​ខ្លាំង​នៅ​អង់គ្លេស និង​អឺរ៉ុប។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron បាន​ប្រកាស​លាលែង​ពី​តំណែង ប្រទេស​ស្កុតឡែន​អាច​នឹង​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​ជា​លើក​ទី​ពីរ ហើយ​ក្រុម​ប្រឆាំង​សហភាព​អឺរ៉ុប​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង ៕

 

ចុចអាន៖៥​ចំណុច​គួរ​ដឹង​ពី​​​ការ​​ធ្វើ​ប្រជាមតិ​បោះ​ឆ្នោត​​​របស់​អង់គ្លេស​ចាក​ចេញ​ពី EU

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ cnn

អត្ថបទថ្មី