ប្រុសៗយល់ម៉េចដែរ បើសង្សារស្លៀកពាក់សិចស៊ី?
- 2016-07-01 18:52:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗយល់ម៉េចដែរ បើសង្សារស្លៀកពាក់សិចស៊ី?
ចន្លោះមិនឃើញ
ពេលព្រះអាទិត្យអស្ដង្គត យុវតីមួយចំនួនតែងបញ្ចេញសាច់ខ្ចី ដើម្បីបង្អួតគេឯងតាមដងផ្លូវ តាមការស្លៀកពាក់ខើចខ្លី ខណៈចេញដើរលេងជាមួយសង្សារ មិត្តភ័ក្ដិ ឬ គ្រួសារជាដើម។ ពាក់ព័ន្ធនឹងរឿងនេះ មានសំណួរមួយ ចោទសួរថា តើប្រុសៗផ្សេងទៀតវិញ យល់យ៉ាងណាដែរ បើមិត្តស្រីរបស់ខ្លួនស្លៀកស៊ិចស៊ី ចេញទៅខាងក្រៅបែបនេះ?
ថ្វីបើមិនទាន់មានសង្សារ ប៉ុន្តែក្រោយពេលទទួលបានសំណួរនេះ យុវជន ម៉ៅ ចាន់ករុណា យល់ថា នារីៗស្រស់ស្អាតតាមការលេងសំលៀកបំពាក់ ហើយពួកគេស្លៀកពាក់សិចស៊ីទៀត គឺធ្វើឱ្យពួកគេកាន់តែមានសម្រស់ និងបានការចាប់អារម្មណ៍ ថែមមួយកម្រិតទៀត។
យុវជនរូបនេះបន្តថា បើលោកមានសង្សារ លោកមិនហាមឃាត់ទេ ហើយបើនាងចង់ស្លៀក លោកនឹងបំពេញតាមចំណូលចិត្តរបស់នាង។
នៅពេល Sabay សួរទៀតថា ចុះអត់ខ្លាចគេតាមមើល និងតាមញ៉ែទេឬ? យុវជនមកពីខេត្តកំពង់ធំតបថា មានអ្នកមើលច្រើនលោកសប្បាយចិត្តទៅវិញទេ ព្រោះមានន័យថាសង្សាររបស់លោកជានារីស្រស់ស្អាតម្នាក់។
ករុណាបន្តថា៖ "បានសង្សារស្អាត គ្រាន់តែគេមើលអត់មានអីខាតបង់ទេ។ បើគាត់ស្រលាញ់យើង បើគេតាមញ៉ែគាត់យ៉ាងណា ក៏គាត់មិនចោលយើងដែរ"។
ចំណែកយុវជន លីម គីមហួរ បានលើកឡើងថា ត្រឹមស្លៀកពាក់សិចស៊ីគ្មានបញ្ហាអ្វីទេ ប៉ុន្តែមិនត្រូវលេងខ្លួនខ្លាំងពេកទេ ព្រោះមិនមែនជារឿងល្អឡើយសម្រាប់នារីខ្មែរ។
គីមហួរ ថ្លែងថា៖ "បើនិយាយឱ្យចំទៅ ខ្ញុំមិនបិទសិទ្ធិគាត់ទេ តែក៏មិនឱ្យស្លៀកញឹកញាប់ដែរ គឺយូរៗឱ្យគាត់ Free Style ម្ដង ព្រោះជាចំណង់ចំណូលចិត្តរបស់គាត់។ បើយើងមិនចូលចិត្ត ប្រាប់គាត់ត្រង់ៗទៅ"។
ចុះបើប្រាប់គាត់ គាត់នៅតែចូលចិត្តស្លៀកពាក់បែបសិចស៊ីទៀត តើលោកនឹងធ្វើយ៉ាងណា? យុវជនមកពីខេត្តកណ្ដាលរូបនេះ បានរៀបរាប់ថា បើជាចំណង់ចំណូលចិត្តរបស់នាង លោកនឹងមិនហាមឡើយ ដើម្បីមនុស្សដែលខ្លួនស្រលាញ់។
"...យើងស្រលាញ់គ្នា យើងបំពេញចិត្ត ដើម្បីសុភមង្គលទាំងអស់គ្នា។ ការស្លៀកពាក់ ជាចំណូលចិត្តរបស់មនុស្សម្នាក់ៗ កុំឱ្យតែសិចស៊ីខ្លាំងពេកបានហើយ។ បើគាត់ស្ដាប់ គាត់កាត់បន្ថយខ្លួនឯងហើយ..."។
យុវជន លីម គីមហួរ
ងាកមកស្ដាប់លោក ជុំ ឧសភា ឯណេះវិញម្ដង អ្នកកំពង់ចាមរូបនេះយល់ថា បើទោះបច្ចុប្បន្នជាសម័យស៊ីវិល័យ នៃសំលៀកបំពាក់ក៏ដោយ ប៉ុន្តែការស្លៀកពាក់សិចស៊ី លេចមុខលេចក្រោយ មិនមែនជារឿងល្អសម្រាប់នារីឡើយ ហើយបើលោកមានសង្សារ ក៏លោកមិនឱ្យនាងស្លៀកពាក់ហួសហេតុដែរ។
លោក ជុំ ឧសភា បន្ថែមថា៖ “អត់ចង់ឱ្យគាត់ស្លៀកពាក់ខ្លីទេ តែចង់ឱ្យគាត់ស្លៀកសាមញ្ញ ព្រោះមិនចង់ឱ្យគេគិតថាសង្សារខ្ញុំ ជានារីសិចស៊ី"។
ឧសភា បញ្ជាក់ ថា ប្រជាជនខ្មែរឱ្យតម្លៃណាស់លើការស្លៀកពាក់ ជាពិសេសចាស់ៗតាមស្រុកភូមិ។ បើនារីណាស្លៀកពាក់សិចស៊ីហួសហេតុពេក ច្បាស់ជាមានពាក្យសម្ដីមិនល្អជាមិនខាន។ លោកថា និយាយដូច្នេះមិនបានន័យថា លោកគិតតែខ្លួនឯងទេ ប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃស្ត្រី៕
លោក ជុំ ឧសភា
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
អត្ថបទ៖ អ៊ុំ សុភក្តិ