Cambodia Property Awards 2017 ប្រកាសចាប់ផ្ដើមទទួលពាក្យឈរឈ្មោះហើយ
- 2016-07-06 21:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cambodia Property Awards 2017 ប្រកាសចាប់ផ្ដើមទទួលពាក្យឈរឈ្មោះហើយ
ចន្លោះមិនឃើញ
ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០១៧ ឬ Cambodia Property Awards 2017 បានប្រកាសចាប់ផ្ដើមទទួលឈរឈ្មោះជាផ្លូវការហើយ នៅក្នុងសន្និសីទព័ត៌មាន កាលពីព្រឹកមិញនេះ នៅសណ្ឋាគារ Raffles Hotel Le Royal។
Cambodia Property Awards 2017 គឺជាពានរង្វាន់សម្រាប់ផ្ដល់ជូនដល់ក្រុមហ៊ុនអភិវឌ្ឍ គម្រោង និងរចនាប្លង់ល្អបំផុតនៅកម្ពុជា ដែលរៀបចំដោយ PropertyGuru ក្រុមហ៊ុនអចលនទ្រព្យតាមអ៊ីនធឺណិតឈានមុខគេនៅអាស៊ីនោះ។
លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ពានរង្វាន់អចលនទ្រព្យអាស៊ី ថ្លែងក្នុងសន្និសីទព្រឹកមិញនេះថា "ពានរង្វាន់នេះ ធ្វើឡើងដើម្បីផ្ដល់ការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍ ឬគម្រោង នៅកម្ពុជា ដែលផ្ដល់ជូនអតិថិជននូវសំណង់ដែលមានគុណភាពល្អ ជាមួយនឹងការរចនាល្អបំផុត ជាពិសេសគឺដើម្បីទាក់ទាញបណ្ដាអ្នកវិនិយោគបរទេសមកវិនិយោគលើគម្រោងអចលនទ្រព្យនៅកម្ពុជា"។
លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ពានរង្វាន់អចលនទ្រព្យអាស៊ី
លោកបន្តថា គម្រោងដែលចូលប្រកួតបាន អាចជាគម្រោងទើបនឹងបញ្ចប់ក្នុងចន្លោះរយៈពេល ១២ ខែមុនការប្រកួតចាប់ផ្ដើម ឬអាចជាគម្រោងដែលកំពុងសាងសង់ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ ឬត្រឹម៣ឆ្នាំខាងមុខ។ ពានរង្វាន់មាន ១៥ ផ្នែកផ្សេងៗគ្នា។ ក្រុមហ៊ុនដែលឈ្នះពានធំជាងគេនៅកម្ពុជាក្នុងកម្មវិធី នឹងត្រូវបន្តទៅប្រកួតផ្ដាច់ព្រ័ត្រ ក្នុងខែវិច្ឆិកា នៅសិង្ហបុរី កម្រិតលំដាប់ថ្នាក់អាស៊ីតែម្ដង (សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា កម្ពុជា និងវៀតណាម)។
Cambodia Property Awards 2017 ដែលមានទស្សនាវដ្ដីអចលនទ្រព្យធំនៅអាស៊ី Property Report ជាដៃគូសហការផ្សព្វផ្សាយនោះ ផ្ដោតសំខាន់លើក្រុមហ៊ុនអភិវឌ្ឍ គម្រោង និងរចនាប្លង់នៅភ្នំពេញ ព្រះសីហនុ និងសៀមរាបប៉ុណ្ណោះ។
នៅពេលសួរថាតើនរណាខ្លះជាគណៈកម្មការវិនិច្ឆ័យ និងដំណើរការវាយតម្លៃយ៉ាងម៉េចនោះ លោក Terry បានឆ្លើយតបថា ក្រុមការងារគណៈកម្មការ មានអ្នកជំនាញអចលនទ្រព្យនៅក្រៅប្រទេស និងក្នុងប្រទេស វាយតម្លៃ ហើយការវាយតម្លៃទៀតសោត គឺត្រូវធ្វើឡើងយ៉ាងច្បាស់លាស់ មិនស៊ីសំណូកនោះទេ។ (១) គេពិនិត្យលើក្រុមហ៊ុន ឬគម្រោងបានគោរពលក្ខខណ្ឌគ្រប់ហើយឬនៅ។ (២) គេនឹងវាយតម្លៃជាបឋមលើគម្រោងស្នើមកដាក់ផ្អែកលើព័ត៌មានក្រុមហ៊ុនផ្ដល់ជូន។ (៣) ក្រុមការងារនឹងចុះវាយតម្លៃផ្ទាល់ដល់ទីកន្លែងគម្រោងតែម្ដង។ (៤) គណៈកម្មការនឹងសម្រេចវាយតម្លៃលើកចុងក្រោយ។
ការវាយតម្លៃផ្អែកលើគោលការណ៍ជាច្រើន ក្នុងនោះមានសំខាន់ៗ ដូចជា (១) ប្រវត្តិក្រុមហ៊ុនរយៈពេលមួយឆ្នាំចុងក្រោយ, (២) កំណើនការលក់, (៣) ទំនួលខុសត្រូវសង្គម, (៤) បញ្ហាបរិស្ថាន និង (៥) បញ្ហាផ្លូវច្បាប់ (ឧ.ជាប់បណ្ដឹង) ជាដើម។
នេះជាលើកទី២ ហើយដែលកម្ពុជា មានកម្មវិធីពានរង្វាន់អចលនទ្រព្យធំបំផុតបែបនេះ ខណៈឆ្នាំមុន Cambodia Property Awards 2016 ក្រុមហ៊ុន ប៉េង ហួត បានជាប់ពានធំជាងគេ និងច្រើនជាងគេ។ មានន័យថា គម្រោងរបស់ ប៉េង ហួត នឹងចូលប្រកួតពានលំដាប់អាស៊ីនៅសិង្ហបុរី នាខែវិច្ឆិកា ខាងមុខនេះ។
លោក Liam Aran Barnes និពន្ធនាយកទស្សនាវដ្ដីអចលនទ្រព្យធំនៅអាស៊ី Property Report
Cambodia Property Awards 2017 ចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៤-វិច្ឆិកា ខណៈដែលពិធីប្រកាសជយលាភីពានរង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី១៧-កុម្ភៈ-២០១៧។ ការចុះឈ្មោះ គឺឥតគិតថ្លៃ។
សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរួម, លក្ខខណ្ឌប្រកួត, គណៈកម្មការ និងផ្សេងៗ សូមទាក់ទង៖
ទូរសព្ទ +66(02) 204 9555
អ៊ីមែល info@asiapropertyawards.com
វិបសាយ www.asiapropertyawards.com/cambodia-property-awards/ ៕
អត្ថបទ៖ សុផាត