ក្រុម ISIS បង្កើតរូបិយប័ណ្ណកាក់មាស ផ្ទាល់ខ្លួន
- 2016-07-07 22:30:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម ISIS បង្កើតរូបិយប័ណ្ណកាក់មាស ផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមសកម្មជនស៊ីរី មានឈ្មោះថា RBSS (Raqqa is Being Slaughtered Silently) បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយបង្ហាញឲ្យឃើញពីកាក់មាសថ្មី របស់រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS។
រូបភាពទាំងនោះត្រូវបានបង្ហោះឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុម ISIS បានចាប់ផ្ដើមបញ្ចេញរូបិយប័ណ្ណផ្ទាល់ខ្លួន មានឈ្មោះថា «Golden Dinar» នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមភេរវកម្មមួយនេះ។ បើតាមរបាយការណ៍មិនច្បាស់ការណ៍ បានអះអាងថា កាក់មាសនេះចាប់ផ្ដើមចរាចរ នៅក្នុងទីក្រុង Dir e-Zour ប្រទេសស៊ីរី និង ទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ខណៈក្រុម ISIS បានស្នើឲ្យឈ្មួញទិញប្រេង ប្រើប្រាស់រូបិយប័ណ្ណមួយនេះ។
ស្ថាបនិកនៃក្រុម RBSS លោក Hamoud al-Mousa ក៏បានបង្ហោះរូបភាពជាច្រើន នៅលើគណនីបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន ដោយបង្ហាញឲ្យឃើញពី ផ្នែកខាងមុខ និងខាងក្រោយនៃកាក់មាស Golden Dinar នោះទៀតផង។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ឡើយថា តើកាក់មាស Golden Dinar មួយ មានតម្លៃប៉ុន្មាន។ បើតាមការចុះផ្សាយនៅលើបណ្ដាញក្រុមភេរវកម្មនេះ កាលពីឆ្នាំ២០១៤ បានឲ្យដឹងថា កាក់មាស Golden Dinar តម្លៃ ១ Dinar អាចមានទម្ងន់ ៤.២៥ក្រាម និងផលិតឡើងដោយមាសចំនួន ២១ការ៉ាត់។ នេះសបញ្ជាក់ថា វាអាចមានតម្លៃប្រហែល ១៦២ដុល្លារ បើប្រៀបធៀបនឹងតម្លៃទីផ្សារ នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ អ្នកគាំទ្រក្រុម ISIS ម្នាក់ ក៏បានបង្ហោះរូបភាពនៃកាក់មាស តម្លៃ ១ Dinar និង ២ Dinar នៅលើគណនីបណ្តាញសង្គម Twitter ផងដែរ ដោយភ្ជាប់ជាមួយពាក្យមួយឃ្លាថា «ស្លាប់ក្នុងកំហឹងរបស់អ្នក»។
យ៉ាងណាមិញ កាក់មាសនេះត្រូវបានរចនា និងតុបតែងជាមួយនឹងនិមិត្តសញ្ញាអ៊ីស្លាម និងពាក្យស្លោក ISIS «The Islamic State, a Caliphate according to the Prophetic Method» ផងដែរ៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ vocativ