តារា​ចម្រៀង​វ័យ ១៩​ឆ្នាំ ម៉ូលីកា រំពឹង​ខ្ពស់​នៅ Rock Music

  • 2016-07-12 22:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសមាជិក​ក្រុម F2B ម៉ូលីកា បាន​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​វាសនា​នៃ​អាជីព​ចម្រៀង​របស់​ខ្លួន បន្ទាប់​ពី​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​នៅ Rock Music។

 

 

តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា បច្ចុប្បន្ន​កំពុង​ហាត់​ច្រៀង​បទ Original Song មួយ​ចំនួន​ដែល​ផលិតកម្ម​តម្រូវ។ បទ​ចម្រៀង​ទាំង​នោះ​មាន​លក្ខណៈ Hip Hop ហើយ​គ្រោង​នឹង​យក​ទៅ​បង្ហាញ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ខាង​មុខ​ទៀត​ផង សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​ទី​នោះ​ជាមួយ​នឹង​តារា​ចម្រៀង​ផ្សេង​ទៀត​ក្នុង​ទ្រនំ​ជាមួយ​គ្នា។ នាង​មិន​អាច​ផ្ដល់​ព័ត៌មាន​លំអិត​ពី​បទ​ចម្រៀង​ទាំង​នោះ​ទេ​ដោយ​លើក​ឡើង​ថា ជា​គោលការណ៍​ស្ថាប័ន។

 

ម៉ូលីកា ចាត់​ទុក​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​អាជីព​ចម្រៀង​​ក្រោយ​មាន​ទ្រនំ​ផលិតកម្ម​ច្បាស់លាស់ ជា​ហេតុ​នាំ​ឱ្យ​នាង​មាន​ការ​រំពឹង​ខ្ពស់។ “ខ្ញុំ​ត្រៀម​ទៅ​សម្ដែង​នៅ​អាមេរិក​ឆាប់​ខាង​មុខ​យក​បទ​ចម្រៀង​ទៅ​បង្ហាញ​ទី​នោះ ហើយ​ថ្មីៗ​នេះ​ក៏​ខាង​កូរ៉េ​គេ​ទាក់ទង​ទៅ​ច្រៀង​ដែរ ហើយ​អាច​ទៅ​ក្រៅ​បន្តបន្ទាប់​ទៀត នេះ​ជា​ហេតុផល​នាំ​ឱ្យ​ខ្ញុំ​សង្ឃឹម"។ ម៉ូលីកា ថ្លែង​មក​កាន់ Sabay ។

 

តារា​ចម្រៀង​វ័យ​១៩​ឆ្នាំ​រូប​នេះ​បន្ត​ថា ម្យ៉ាង​ទៀត ដោយ​សារ​ការ​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ជា​ផ្លូវការ​ដូច្នេះ ធ្វើ​ឱ្យ​រូប​នាង​កាន់​តែ​មាន​អ្នក​ស្គាល់​ច្រើន​ជាង​មុន ដែល​អាច​មាន​ទីផ្សារ​ច្រើន​ជាង​មុន​ដូច​គ្នា​ដែរ។ ដោយ​សារ​ស្រលាញ់​វិស័យ​ចម្រៀង និង​មាន​ឱកាស​ចូល Rock Music នាង​ក៏​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សា​ត្រឹម​ឆ្នាំ​ទី​១​ជា​បណ្ដោះ​អាសន្ន​សិន ដោយ​ផ្ដោត​តែ​លើ​ការ​សិក្សា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ