ទម្លាប់ពេលព្រឹករបស់កំពូលបុគ្គលបច្ចេកវិទ្យាទាំង ៦
- 2014-10-31 14:18:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ពេលព្រឹករបស់កំពូលបុគ្គលបច្ចេកវិទ្យាទាំង ៦
ចន្លោះមិនឃើញ
មានដែលចង់ដឹងទេថា រាល់ព្រឹកបុគ្គលជោគជ័យក្នុងវិស័យបច្ចេកវិទ្យាធ្វើអ្វីខ្លះ? ប្រហែលជាមានអ្វីខុសពីមនុស្សធម្មតាហើយមើលទៅ ទើបធ្វើឲ្យពួកគាត់សម្រេចសមិទ្ធផលបានច្រើនបែបនេះ។ ឥលូវមើលទម្លាប់បុគ្គលខ្លាំងក្នុងវិស័យបច្ចេកវិទ្យាទាំង ៦។
១ លោកស្រី Padmasree Warrior ប្រធានបច្ចេកទេស និងយុទ្ធសាស្ត្ររបស់ Cisco
មិនដឹងថាអាចហៅថា អ្នកក្រោកពីព្រលឹមខ្លាំង ឬអត់ទេ ព្រោះរាល់ថ្ងៃលោកស្រីភ្ញាក់នៅម៉ោង ៤ និង ៣០ នាទីព្រឹក។ លោកស្រីត្រូវចំណាយពេល ១ ម៉ោងដើម្បីអានអ៊ីមែល មើលព័ត៌មាន ហាត់ប្រាណ និងរៀបចំកូនៗឲ្យបានរួចរាល់ត្រៀមទៅសាលារៀន។ លោកស្រីទៅដល់កន្លែងធ្វើការយ៉ាងយូរបំផុតម៉ោង ៨ និង ៣០ នាទី។
២ លោក David Karp ស្ថាបនិក Tumblr
ស្ថាបនិកវ័យ ២៨ ឆ្នាំមិនបានឆែកអ៊ីមែលរបស់ខ្លួនទេរហូតដល់ម៉ោងប្រហែល ៩ និង ៣០ នាទីពេលដែលគាត់ទៅដល់ Office ទើបបើកមើល។ គាត់មានទស្សនៈថា មិនគួរចាប់ផ្ដើមថ្ងៃថ្មីដោយការឆែកអ៊ីមែលដូចអ្វីដែលនាយកប្រតិបត្តិជាច្រើនផ្សេងទៀតធ្វើទេ។ លោកធ្លាប់លើកឡើងប្រាប់ទស្សនាវដ្ដី Inc. ថា៖ "អានអ៊ីមែលនៅផ្ទះមិនធ្វើឲ្យអារម្មណ៍ល្អ និងទទួលបានផ្លែផ្កាទេ។ ប្រសិនបើមានអ្វីសំខាន់ដែលត្រូវការខ្ញុំ ប្រាកដជាមានអ្នក Call ឬផ្ញើសារមកខ្ញុំមិនខាន"។
៣ លោក Steve Jobs អតីតនាយកប្រតិបត្តិ Apple
Jobs ចំណាយពេលព្រឹករបស់លោក វាយតម្លៃការងារ និងគោលដៅជីវិតឡើងវិញ។ ក្នុងសន្ទរកថារបស់លោកទៅកាន់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford អតីតស្ថាបនិកក្រុមហ៊ុន Apple បាននិយាយថា៖ "សម្រាប់រយៈពេល ៣៣ ឆ្នាំមកនេះ ខ្ញុំឆ្លុះកញ្ចក់រាល់ព្រឹក និងសួរខ្លួនឯង "បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតខ្ញុំ តើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំធ្វើនឹងធ្វើនៅថ្ងៃនេះទេ? ហើយបើចម្លើយគឺទេ ប៉ុន្មានថ្ងៃជាប់គ្នា ខ្ញុំដឹងថា ខ្ញុំត្រូវផ្លាស់ប្ដូរវាចេញ"។
៤ លោកស្រី Marissa Mayer នាយកប្រតិបត្តិ Yahoo
លោកស្រីក៏ជាអ្នកភ្ញាក់ព្រលឹមម្នាក់ដែរ។ គេមិនច្បាស់ថា លោកស្រីងើបម៉ោងប៉ុន្មានឲ្យប្រាកដទេ តែលោកស្រីធ្លាប់លើកឡើងថា លោកស្រីមិនត្រូវការសម្រាកច្រើនទេគឺចន្លោះពី ៤ ទៅ ៦ ម៉ោងប៉ុណ្ណោះ។ ក្បាលម៉ាស៊ីនរបស់ Yahoo រូបនេះក៏ធ្លាប់បានគូសបញ្ជាក់ដែរថា អ្នកអាចមានពេលវេលាធ្វើការ ១៣០ ម៉ោងក្នុងមួយសប្ដាហ៍នប្រសិនបើអ្នកចេះងូតទឹកឲ្យបានត្រឹមត្រូវ។
៥ លោក Jason Goldberg នាយកប្រតិបត្តិ Fab
Goldberg ជាប្រភេទមនុស្សក្នុងជំពូកដែលជឿថា ការហាត់ប្រាណនៅពេលព្រឹកនឹងធ្វើឲ្យអ្នកសម្រេចកិច្ចការច្រើនពេញមួយថ្ងៃ។ បើយោងតាមការស្រាវជ្រាវដែលចុះផ្សាយក្នុងទិនានុប្បវត្តិអន្តរជាតិការគ្រប់គ្រងសុខភាពនៅកន្លែងការងារ អារម្មណ៍មនុស្សប្រសើរឡើងនៅថ្ងៃដែលបានធ្វើលំហាត់ប្រាណ។ Goldberg ធ្លាប់និយាយនឹងទស្សនាវដ្ដី Inc. ថា៖ "ខ្ញុំចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្ញុំនៅម៉ោង ៦ ព្រឹករាល់ថ្ងៃ ហើយអ្វីដែលខ្ញុំធ្វើមុនគេគឺឆែកអ៊ីមែលកណ្ដាលយប់ដែលមិនទាន់អាន។ ក្រុមបច្ចេកវិទ្យារបស់យើងគឺ នៅឥណ្ឌា ដូច្នេះល្វែងម៉ោងពួកគេដើរមុនយើង។ បន្ទាប់ពីឆ្លើយតបអ៊ីមែលហើយ ខ្ញុំត្រូវរត់លើម៉ាស៊ីនរត់ហាត់ប្រាណរយៈពេល ៣០ នាទី"។ ផលិតករភាពយន្ត និងកម្មវិធីទូរទស្សន៍រូបនេះបន្ថែមថា បន្ទាប់ពីនោះលោកចំណាយពេលមើលកម្មវិធីទូរទស្សន៍ដែលលោកចូលចិត្ត។ លោកមិនចង់យកខួរក្បាលរបស់លោកគិតពីការងារនៅពេលព្រឹកច្រើនទេ។
៦ លោកស្រី Alexa Von Tobel នាយកប្រតិបត្តិ និងស្ថាបនិកនៃ LearnVest
Von Tobel ក៏គាំទ្រការហាត់ប្រាណនៅពេលព្រឹក មុនពេលឈានទៅសម្រេចការងារដែលបានត្រៀមទុកពីយប់។ ស្ត្រីវ័យ ៣១ ឆ្នាំរូបនេះបញ្ជាក់ថា ការហាត់ប្រាណធ្វើឲ្យមានអារម្មណ៍ថា មានកម្លាំងពលំមួយថ្ងៃពេញ។ លោកស្រីចូលចិត្តធ្វើការងារលំបាកមុន ពិសេសការងារដែលលោកស្រីបានដាក់ជាអាទិភាពពីយប់។
ចុះអ្នកភ្ញាក់ពីគេងម៉ោងប៉ុន្មាន ហើយធ្វើអ្វីមុនគេ?
អាន៖ ៥ម៉ូដែលពី BMW ធានាម៉ាស្អាត
ប្រែសម្រួល៖ សីហា ប្រភព៖ skillcrush