អតីតស្ថាបនិកក្រុម EV Band ទៅជំនួសតំណែង មាស សុខរតនៈ?
- 2016-08-02 16:09:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតស្ថាបនិកក្រុម EV Band ទៅជំនួសតំណែង មាស សុខរតនៈ?
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ លោក មាស សុខរតនៈ តែងបដិសេធរាល់សំណួរផ្សេងៗពាក់ព័ន្ធទៅនឹងតារាចម្រៀងនានាក្នុងផលិតកម្ម Town ដោយបានលើកឡើងថា លោកបានផ្លាស់ទៅកាន់ផ្នែកផ្សេងហើយ។
ប្រភពមួយបង្ហើបឱ្យដឹងថា តាមពិតក្រៅពីតួនាទីចាត់ការទូទៅហើយនោះ អតីតអ្នកជំនាញលាយភ្លេងនៅវិទ្យុស្ត្រីអេហ្វអឹម ១០២ រូបនេះក៏មានតួនាទីបន្ថែមខ្លះទៀតដែរនៅក្នុងផលិតកម្មខាងលើ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក មាស សុខរតនៈ នោះទេ ដោយសារទូរសព្ទរបស់លោកមិនមានអ្នកទទួល។ ប៉ុន្តែនាពេលកន្លងទៅអតីតអ្នកចាត់ការទូទៅផលិតកម្មTownធ្លាប់បាននិយាយថា លោកបានចេញពីតួនាទីនេះហើយ ដោយទៅកាន់ Town Group វិញម្ដង។ លោកថា៖"ខ្ញុំបានចេញពីTown ហើយ អញ្ចឹងការងារផ្សេងទៀតពាក់ព័ន្ធជាមួយផលិតកម្ម Town មិនបាច់ទាក់ទងមកខ្ញុំទេ"។
ដោយឡែកសាមីខ្លួនលោក អ៊ា វឌ្ឍនា បានទទួលស្គាល់ថា លោកពិតជាបានចូលទៅកាន់តំណែងជំនួសលោក មាស សុខរតនៈ ប្រាកដមែន។ “ខ្ញុំត្រឡប់មកពីបារាំងវិញហ្នឹង រតនៈ គាត់ទាក់ទងខ្ញុំឱ្យជំនួសគាត់ ព្រោះលឺថាគាត់ទៅកាន់ផ្នែកទូរទស្សន៍វិញម្ដង អញ្ចឹងខ្ញុំក៏មកទៅ"។ លោក អ៊ា វឌ្ឍនា ថ្លែងមកកាន់ Sabay។
អតីតប្រធានក្រុម EV ខាងលើបន្តថា លោកទើបចូលរួមជាមួយផលិតកម្មបាន ៣ សប្ដាហ៍ប៉ុណ្ណោះ ហើយកំពុងសិក្សាពីបរិយាកាសការងារនៅឡើយ ហើយមានរឿងរ៉ាវជាច្រើនត្រូវស្វែងយល់ទៀតផង៕
អត្ថបទ៖ សំ ជំនាញ