មូលហេតុ​​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច

  • 2016-07-22 23:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ទ្រាំ​យូរ​មិន​ចូល​បន្ទប់​ទឹក នៅ​ពេល​ឈឺ​បត់ជើង​តូច? ជា​ការ​ល្អ អ្នក​មិន​គួរ​ទ្រាំ​ឡើយ ពោល​គឺ​អ្នក​គួរតែ​ទៅ​បន្ទប់​ទឹក​ដើម្បី​បត់ជើង ព្រោះ​ថា​ការ​ទ្រាំ​យូរ​នៅ​ពេល​ឈឺ​បត់ជើង គ្មាន​ផល​ល្អ​អ្វី​ចំពោះ​អ្នក​ឡើយ គឺ​មាន​តែ​ផល​អាក្រក់​ប៉ុណ្ណោះ។  

ការ​បត់​ជើង​តូច គឺ​ជា​វិធី​មួយ​ដែល​រាងកាយ​មនុស្ស​ធ្វើ​ឡើង ដើម្បី​បញ្ចេញ​ជាតិ​ទឹក​ដែល​មាន​ច្រើន​លើស​កំណត់ និង​កាក​សំណល់​ផ្សេងៗ។  

 

ខាងក្រោម​នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ​នៅ​ពេល​ឈឺ​បត់ជើង​តូច៖  

ក្រួស​ក្នុង​តម្រងនោម

ក្រួស​ក្នុង​តម្រងនោម គឺ​ជា​ការ​បង្កើត​ឡើង​នៃ​ខនិជ​រឹង​នៅ​ក្នុង​តម្រងនោម ឬ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម។ ការ​ទ្រាំ​យូរ​នៅ​ពេល​ឈឺ​បត់ជើង​តូច អាច​បង្ក​ឲ្យ​មាន​ជាតិពុល និង​សារធាតុ​ខនិជ កើន​ឡើង និង ឡើង​ក្រាម​លើស​កំណត់ បង្កើត​ទៅ​ជា​ក្រួស។ ពេល​ដែល​ក្រួស​ទាំងនោះ​មាន​ទំហំ​តូច វា​អាច​ចេញ​ពី​តម្រងនោម​ដោយ​គ្មាន​ការ​ឈឺចាប់ ប៉ុន្តែ​នៅ​ពេល​ក្រួស​ទាំងនោះ​មាន​ទំហំ​ធំ វា​អាច​នឹង​ធ្វើ​ឲ្យ​ស្ទះ​លំហូរ​ទឹកនោម ដែល​បណ្ដាល​ឲ្យ​កើត​មាន​រោគ​សញ្ញា​ឈឺចាប់​ធ្ងន់ធ្ងរ។  

នោម​ទាស់

ការ​ទ្រាំ​យូរ​នៅ​ពេល​ឈឺ​បត់ជើង​តូច អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​ចុះ​ខ្សោយ​ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​បណ្ដាល​ឲ្យ​នោម​ទាស់ ឬ នោម​ចេញ​មិន​អស់​ពី​ប្លោក​នោម។ សាច់ដុំ​នៃ​ប្លោក​នោម​នឹង​លាតសន្ធឹង​ដើម្បី​ផ្ទុក​ការ​កើន​ឡើង​នៃ​បរិមាណ​ទឹកនោម ហើយ​រួម​តូច​វិញ​បន្ទាប់​ពី​បត់ជើង​រួច ដែល​វា​អាច​បង្ក​ឲ្យ​សាច់ដុំ​ផ្លោក​នោម​ចុះ​ខ្សោយ​បាន។  

ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម

ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម ឬ Urinary Tract Infection (UTI) គឺ​ជា​ផល​ប៉ះពាល់​សាមញ្ញ​មួយ​នៃ​ការ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច។ នៅ​ពេល​ដែល​ទឹកនោម​ត្រូវ​បាន​ទុក​ឲ្យ​ស្ថិត​ក្នុង​ប្លោក​នោម​រយៈ​ពេល​យូរ វា​អាច​អភិវឌ្ឍ​កម្រិត​នៃ​បាក់តេរី​ខ្ពស់ ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ទៅ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម ឬ ប្លោកនោម។ ជាង​នេះ​ទៅ​ទៀត វា​អាច​នាំ​ឲ្យ​ឆ្លង​មេរោគ​ប្លោក​នោម និង​តម្រង​នោម​ធ្ងន់ធ្ងរ​ទៀត​ផង ហើយ​បង្ក​ឲ្យ​មាន​អាការ​ដូច​ជា ឈឺ​នៅ​ពេល​បត់​ជើង​តូច ពិបាក​បត់​ជើង​តូច ក្ដៅ​ខ្លួន ញាក់ និង ឈឺ​ក្រពះ ជាដើម៕  

ចុចអាន៖ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន  

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ interesting-facts