ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

  • 2016-07-26 17:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ជិះ​ម៉ូតូ​ផ្សង​ព្រេង​ជនជាតិ​សិង្ហបុរី​មួយ​រូប​បាន​ចំណាយ​ពេល​ដល់​ទៅ ៣២ ថ្ងៃ​តែ​ម្នាក់ឯង​​ឃ្លាត​ឆ្ងាយ​ប្រពន្ធ​កូន ទម្រាំ​បាន​មក​ដល់​កម្ពុជា។

 

 

កិច្ច​សម្ភាសន៍​ជាមួយ​ Sabay លោក Derrick ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ផ្សងព្រេង​ជនជាតិ​សឹង្ហបុរី​​ប្រាប់​ថា​ ការ​​ធ្វើ​ដំណើរ​ឆ្លង​ដែន​កាត់ ៦ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ និង​ចុង​ក្រោយ​កម្ពុជា។ តាម​ផ្លូវ Derrick បាន​ដាក់​គ្រប់សព្វ​មក​ជាមួយ​លើ​ម៉ូតូ មាន តង់ ថ្នាំពេទ្រ និង​គ្រឿង​ការពារ​ផ្សេង​ៗ​ទៀត​ បង្ការ​ពេល​អាសន្ន​តាម​ផ្លូវ។

 

ជិះ​ម៉ូតូ​ឆ្លង​ដែន​កាត់​ដល់​ទៅ ៦​ ប្រទេស​នេះ​ពុំ​មែន​ជា​រឿង​ងាយ​ប៉ុន្មាន​ទេ សម្រាប់ Derrick ដោយ​តាម​ផ្លូវ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​គួរសម។ ការ​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​និង​ឆ្លង​កាត់​ប្រទេស​តំបន់​អាស៊ាន ទាមទារ​ឲ្យ Derrick ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល​ឈឺក្បាល​គួរសម​នៅ​តាម​តំបន់​ព្រំដែន។

 

 

បើ​និយាយ​ពី​ម៉ូតូ​របស់​លោក​ធ្លាប់​មាន​បញ្ហា​ពីរ​ដង​។ លើក​ទី​មួយ​គឺ​នៅ​​តំបន់​មួយ​ឈ្មោះ Pai ក្នុង​ប្រទេស​ថៃ។ ម៉ូតូ​របស់ Derrick ត្រូវ​រើ​ម៉ាស៊ីន ដាក់​គ្រឿង​បន្លាស់​ថ្មី ដែល​ទាមទារ​ឲ្យ​អ្នក​ផ្សេង​ព្រេង​ឆ្លង​ដែន​រូប​នេះ​ត្រូវ​កុម្ម៉ង់​ទិញ​ពី​សិង្ហបុរី​មក​វិញ ហើយ​ការ​ដំណើរ​ការ​កុម្ម៉ង់​គឺ​ចំណាយ​ពេល ១ថ្ងៃ។

 

ចំណែក​លើក​ទីពីរ គឺ​ខូច​ចំ​ប្រទេស​ឡាវ​ក្នុង​ក្រុង វៀង ច័ន្ទ តែ​ម៉ាស៊ីន​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​នៅ​ថៃ​ឡើយ។ ប៉ុន្តែ​ដោយ​សារ​ប្រទេស​នេះ​គ្មាន​សេវាកម្ម​​ដែល​លោក​ប្រើប្រាស់​ម៉ូតូ​ Pulsar លោក​ត្រូវ​ដឹក​ម៉ូតូ​ទៅ​រក​កន្លែង​ជួសជុល​នៅ​ក្រុង វៀង ច័ន្ទ។ ទី​បំផុត​លោក​រក​បាន​កន្លែង​មួយ​អាច​ជួសជុល​ម៉ូតូ​លោក​បាន តែ​ត្រូវ​ដាក់​គ្រឿង​បន្លាស់​ផ្សេង​ជំនួស។

 

 

ដំណើរ​ផ្សងព្រេង​ថ្ងៃ​ទី ៣៥​​ នៅ​កម្ពុជា Derrick ត្រូវ​ចេញ​ដំណើរ​ទៅ កំពត ឡើង​ភ្នំ​បូកគោ ហើយ​ថ្ងៃ​បន្ទាប់​នឹង​ចេញ​ទៅ​សៀមរាប​រួច​​ធ្វើ​ដំណើរ​ទៅ​ប៉ោយប៉ែត​ឆ្លង​ចូល​ថៃ ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

អំឡុង​ពេល​​លោក​កំពុង​ស្នាក់នៅ​​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​នេះ Derrick ថា ប្រជាជន​កម្ពុជា​ពិត​ជា​រួស​រាយ ហើយ​ភាគ​ច្រើន​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​លោក​ឆ្លង​កាត់ ដូច្នេះ​វា​ងាយ​សម្រាប់​លោក​ប្រាស្រ័យ​ទាក់ទង​។

 

 

ក្រៅ​ពី​ម៉ូតូមិត្ត​សំឡាញ់​តាម​ផ្លូវ​របស់ Derrick មួយ​ទៀត​មាន​តែ​ទូរសព្ទ iPhone 5s តែ​មួយ​គត់​ជា​អ្នក​ប្រាប់​ផ្លូវ​ ពេល​ធ្វើ​ដំណើរ​កាត់​ប្រទេស​នីមួយៗ។

 

ទោះ​បី​ដឹង​ថា នឹង​មាន​ឧបសគ្គ តែ​ភរិយា​របស់ Derrick ពុំ​បាន​ហាម​ឃាត់​មហិច្ចតា​របស់​លោក​ឡើយ មាន​តែ​គាំទ្រ។

 

 

អ្នក​ផ្សងព្រេង​រូប​នេះ ថា​ដំណើរ​ផ្សងព្រេង​របស់​លោក​ទម្រាំ​បាន​មក​ដល់​កម្ពុជា ជា​ទិស​ដៅ​ចុង​ក្រោយ​នេះ ពិត​ជា​អស្ចារ្យ​ទោះ​បី​មាន​ឧបសគ្គ​និង​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​របួស​ស្រាល​ពីរ​ដង​កាល​នៅ​ឡាវ។

 

ទិស​ដៅ​ផ្សងព្រេង​ពេល​បន្ទាប់​ក្រៅ​ពី ៦ប្រទេស​នេះ Derrick មិន​ទាន់​បាន​កំណត់​នោះ​ទេ។ ការ​ជ្រើសរើស​ប្រទេស​ទាំង ៦ខាង​លើ គឺ​ដោយ​សារ​ទាំងអស់​នេះ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មិន​សូវ​លំបាក​ក្នុង​ការ​ផ្សងព្រេង​ដោយ​ម៉ូតូ។ រយៈ​ពេល​ជាង ៣០​ថ្ងៃ​នេះ Derrick ថា​បាន​ទស្សនា​ច្រើន​តំបន់​រាប់​មិន​អស់​តាម​ប្រទេស​នីមួយៗ គ្រាន់​តែ​ថា​ស្នាក់នៅ​មិន​បាន​ច្រើន​ថ្ងៃ។

 

 

ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា តាម​ផ្លូវ​ទៅ​ផ្ទះ Sabay ជូនពរ​ឲ្យ Derrick ជួប​តែ​សំណាង​ល្អ។

 

ស្វែង​យល់​ពី​ដំណើរ​កម្សាន្ត​របស់ Derrick ចុច​ត្រង់​នេះ

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី