ក្រោមហេតុផលចំណូលចិត្ត និងចង់ចួលរួមលើកស្ទួយការប្រើប្រាស់អក្សរខ្មែរឲ្យកាន់តែផុសផុលសម្បូរបែប លោក ម៉ៅ ពិសិដ្ឋ បានលះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើនដើម្បីច្នៃប្រឌិតបង្កើតពុម្ពអក្សរខ្មែរយូនីកូដថ្មីៗមួយចំនួន។
អតីតមន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតពុម្ពអក្សរខ្មែរឲ្យប្រើប្រាស់ជាសាធារណៈរូបនេះបានប្រាប់ពីគន្លឹះនៃការបង្កើតពុម្ពអក្សរខ្មែរយូនីកូដ ជាមួយក្រុមការងារ Sabay ខាងក្រោមនេះ៖
1.ហេតុអ្វីបានជាលោកនឹកចង់បង្កើតពុម្ពអក្សរខ្មែរ? បង្កើតនៅឆ្នាំណា ?
ខ្ញុំចាប់ផ្តើមរៀនបង្កើតពុម្ពអក្សរតាំងពីឆ្នាំ ២០០៦ មកម្ល៉េះតែពេលនោះខ្ញុំធ្វើតែពុម្ពអក្សរឡាតាំង និង Limon ប៉ុណ្ណោះ ហើយក៏មិនបានចែកចាយឲ្យបានទូលំទូលាយដូចពុម្ពក្រោយៗព្រោះពេលនោះការប្រើអ៊ីនធ័រណិតនៅមានកម្រិតនៅឡើយ។ ដល់ឆ្នាំ២០១០ទើបខ្ញុំចាប់ផ្តើមបង្កើតពុម្ពខ្មែរយូនីកូដ ដោយសារតែខ្ញុំចូលចិត្តរបៀបវាយអក្សរថ្មីនេះ ម្យ៉ាងវិញទៀតពុម្ពអក្សរមានស្រាប់ នៅខ្វះតួអក្សរឡាតាំងដែលស៊ីគ្នានឹងទម្រង់អក្សរខ្មែរកំពុងប្រើហើយក៏មានពុម្ពខ្លះរហូតគ្មានតួអក្សរឡាតាំងទៀតផង ហេតុផលមួយទៀតគឺខ្ញុំនៅតែស្រឡាញ់ពុម្ពអក្សរ Limon ឬ ABC មួយចំនួន ដូច្នេះខ្ញុំចង់ឲ្យវាក្លាយជាពុម្ពខ្មែរយូនីកូដ ដើម្បីអាចវាយតាមរបៀបខ្មែរយូនីកូដដែរ។
2.តើការបង្កើតពុម្ពអក្សរខ្មែរពិបាកដែរទេ ? ត្រូវការធនធានអ្វីខ្លះ?
ចំណុចពិបាកមួយគឺពុម្ពអក្សរយូនីកូដមានតួអក្សរ (Glyph)ច្រើនជាង Legacy (Limon ឬ ABC) រហូតដល់ខ្ទង់ពាន់អាស្រ័យលើថាតើយើងធ្វើពុម្ពអក្សរនេះឲ្យមានលក្ខណៈសម្បូរបែបឬអត់ ជាពិសេសគឺនិមិត្តសញ្ញាជាច្រើនក្នុងផ្នែកឡាតាំង។ ក្នុងពុម្ពអក្សរខ្មែរយូនីកូដ យើងត្រូវរៀបបណ្តុំអក្សរជាច្រើនទុកឲ្យហើយ ដូចជា ក និង កា ត្រូវធ្វើពីរដងផ្សេងគ្នានេះហើយជាហេតុផលដែលយើងវាយតួប្រកបខ្លះក្រោយសោះ បែរជាចេញនៅខាងមុខបាន ឧ. [មេ] យើងវាយ [ម+េ] តែវាអាចចេញជា [មេ] បាន។
ចំពោះធនធានគឺមិនមានអ្វីក្រៅតែពីកុំព្យូទ័រដែលអាចដំណើរការប្រព័ន្ធWindows។ សម្រាប់កុំព្យូទ័រ Mac អាចប្រើកម្មវិធីផ្សេងបាន ដូចជា Font Lab ជាដើម។ធនធានសំខាន់ជាងគេគឺភាពអំណត់ និងការស្រឡាញ់/ចំណូលចិត្តបើមិនមានធនធានទាំងពីរនេះទេ អ្នកនឹងបោះបង់វាចោលកណ្តាលទីមិនខាន។
3.បង្កើតពុម្ពអក្សរដោយរបៀបណាខ្លះ?
ការពិតមានកម្មវិធីច្រើនសម្រាប់ធ្វើ តែខ្ញុំប្រើកម្មវិធី Logic Font Creator ហើយចំពោះការគូរតួអក្សរមានពេលខ្លះខ្ញុំគូរផ្ទាល់នៅក្នុងកម្មវិធីតែម្តង ឬធ្វើក្នុងកម្មវិធីឌីហ្សាញមួយចំនួន ដូចជា Illustrator, Corel Draw, Photoshop ឬសរសេរដោយដៃលើក្រដាសរួចScan ចូល ឬអាចប្រើកម្មវិធីគូរផ្សេងៗលើស្មាតហ្វូនជាដើម រួចទាញវាចូលទៅក្នុងកម្មវិធីណាមួយខាងលើ។ ជាការងាយគួរជ្រើសរើសគំរូពុម្ពណាដែលដើរបានល្អស្រាប់ រួចយកមកកែច្នៃតាមចិត្ត អាចយកពុម្ពខ្ញុំប្រើដោយសេរីបាន។
4.តើលោកចំណាយពេលប៉ុន្មានដើម្បីបង្កើតពុម្ពអក្សរខ្មែរនិមួយៗ? មកដល់ពេលនេះ បង្កើតបានប៉ុន្មានហើយ?
តាមអារម្មណ៍ បើចង់ខ្លាំង ២ទៅ៣ថ្ងៃរួចមួយហើយ តែបើខ្ជិល អាច១អាទិត្យ ឬ១ខែក៏មាន។ ពុម្ពអក្សរខ្មែរយូនីកូដត្រកូល Kh MPS ខ្ញុំធ្វើបាន៧ហើយ។
5.តើក្រៅពីបង្កើតពុម្ភអក្សរខ្មែរ លោកគ្រោងធ្វើអ្វីទៀតទេទាក់ទងនឹងបច្ចេកវិទ្យានេះ ?
ក្រៅពីការបង្កើតពុម្ពអក្សរខ្មែរយូនីកូដ ខ្ញុំក៏កំពុងចូលរួមសរសេរអត្ថបទវិគីភីឌាជាភាសាអង់គ្លេស បកប្រែ Facebook ជាភាសាខ្មែរ បន្ថែមការបកប្រែទៅក្នុង Google Translate ព្រមទាំងកម្មវិធី Open Source និងវ៉ិបសៃថ៍មួយចំនួន មកជាភាសាខ្មែរ។ បញ្ចូលទីតាំងសំខាន់ៗមួយចំនួនចូលក្នុង Google Map និងសរសេរ Review ជាច្រើនសម្រាប់ Trip Advisor។ ថ្មីៗនេះខ្ញុំក៏បានរៀបចំពុម្ពអក្សរខ្មែរមួយចំនួនដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដាក់លេខរៀង ឬលេខទំព័រជាលេខខ្មែរ (0១២៣៤៥៦៧៨៩) ជំនួសឲ្យលេខអារ៉ាប់ ដែលយើងនិយមហៅថាលេខសកល (0123456789)។ ខ្ញុំនឹងកាត់បន្ថយការបង្កើតពុម្ពអក្សរ ដោយខ្ញុំនឹងផ្តោតទៅលើដំណោះស្រាយបញ្ហាដែលទាក់ទងនឹងខ្មែរយូនីកូដ ព្រោះខ្ញុំគិតថាមានពុម្ពច្រើនហើយ ម្យ៉ាងក៏មានអ្នកបង្កើតច្រើនដែរ។
6.តើលោកមានអ្វីចង់និយាយទៅមិត្តអ្នកអានដែរទេ ?
-ចំពោះអ្នកចូលចិត្តបង្កើតពុម្ពអក្សរ និងអ្នកមានបំណងចង់ចាប់ផ្តើម ពេលធ្វើពុម្ពអក្សរខ្មែរយូនីកូដ សូមកុំភ្លេចបញ្ចូលពុម្ពអក្សរឡាតាំងដែលមានរូបរាងស៊ីគ្នានឹងអក្សរខ្មែរក្នុងពុម្ពនោះផង ដើម្បីពេលប្តូរKeyboard (Switch Keyboard) ទៅឡាតាំងកុំឲ្យចេញម៉ូដអក្សរផ្សេងដែលមិនស៊ីគ្នា។
-ចំពោះមិត្តអ្នកអានទូទៅ សូមព្យាយាមប្រើប្រាស់អក្សរខ្មែរឲ្យបានច្រើនពេលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ជាពិសេសនៅលើ Facebook ដោយកាត់បន្ថយការសរសេរសំនៀងខ្មែរជាឡាតាំង ព្រោះថាការធ្វើបែបនេះយូរៗទៅ លោកអ្នកនឹងខ្សោយទាំងភាសាខ្មែរ និងអង់គ្លេស។
ប្រិយមិត្តអាចទាញយកពុម្ពអក្សរយូនីកូដបង្កើតឡើងដោយលោក ពិសិដ្ឋ បាននៅទីនេះ
https://goo.gl/LcY1OV៕
អត្ថបទៈ លីដា