ធ្វើ​យ៉ាង​ណា ដើម្បី​​ក្លាយ​ជា​តួឯកវីដេអូ “ស្រទន់​មន្ត​ស្នេហ៍”?

  • 2016-07-27 23:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រលោម​លោក​មនោសញ្ចេតនា​ដ៏​ល្បី​ “ស្រទន់​មន្ត​ស្នេហ៍” ដែល​គ្រោង​នឹង​ប្រែ​ខ្លួន​មក​ជា​វីដេអូ​ភាគ​ទូរទស្សន៍នោះ ពេល​នេះ​កំពុង​បើក​ផ្លូវ​ឲ្យ​យុវវ័យ ក្លាយ​ជា​តួសម្ដែង ដោយ​ជា​ដំបូង​អាច​មក​សាកល្បង​បាន​ជា​មួយ​នឹង​លក្ខខ័ណ្ឌ​ងាយ​ៗ។

 

 

បើ​តាម​ជំនួយការ​ទូទៅ​របស់​​ក្រុម​ការងារ Studio4 កញ្ញា សម្ផស្ស បាន​បញ្ជាក់​ប្រាប់ Sabay ថា​ មិន​មែន​តែ​តារា​អាជីព​ទេ សូម្បី​តែ​សិស្ស​និស្សិត ឬ​អ្នក​ធ្វើការ​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​មាន​រូប​សម្រស់​សមរម្យ​ ក៏​អាច​មក​ទទួល​ការ​ធ្វើ​តេស្ដ(Casting) ដើម្បី​អាច​ជាប់​ក្នុង​ការ​ជ្រើសរើស​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​វីដេអូភាគ​ទូរទស្សន៍ ដែល​ប្រែ​ក្លាយ​ពី​ប្រលោម​លោក​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​រឿង "ស្រទន់​មន្តស្នេហ៍" ដែរ។ យ៉ាង​នេះក្ដី ជំនួយ​ការ​រូប​នេះ សង្កត់​ធ្ងន់​ថា គ្រប់​គ្នា ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​រឿង​ថ្មី​នេះ​ ទើប​អាច​ជាប់​ជម្រើស ព្រោះ​ពុំ​នោះ​ទេ មិន​អាច​សម្ដែង​ដល់​កម្រិត​អត្តចរិត ឬកពារ​របស់​តួ​អង្គ​ក្នុង​សាច់​រឿង​​ឡើយ។

 

វិល​មក​លក្ខខណ្ឌ​សម្រាប់​យក​ឱកាស​ចូល​សម្ដែង​សាក​ល្បង ខាង​ក្រុម​ការងារ​បាន​កំណត់​លក្ខខ័ណ្ឌ​ងាយ​ៗ​​ដែល​អាច​ឲ្យ​ប្រិយមិត្ត​​ក្លាយជា​តួ​ឯក​ ឬ​តួ​ផ្សេង​ៗ​ទៀត​​នោះ​​តាម​ការ​កំណត់​ខាងក្រោម​៖

 

-មាន​រូបថត​មួយ​ជំហរ​ខ្លួន -មាន​ប្រវត្តិរូប​សង្ខេប(CV) -ប្រាប់​ពី​តំណែង​តួ​ដែល​ចង់​សម្ដែង -បើ​មាន​បទពិសោធន៍​ខ្លះ​ៗ​កាន់តែ​ប្រសើរ ហើយ​ភ្ជាប់​ជាមួយ CV ដោយ​មក​ដាក់​នៅ Studio4 តែម្ដង តាម​អាសយដ្ឋាន​ផ្ទះ​លេខ ៣០ ផ្លូវ ២៦១ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​តាម​រយៈ​លេខ ០២៣ ៦៣ ២៣ ៣៦៣ ឬ​ផ្ញើ​ទៅ​កាន់ Inbox របស់ Page  Studio4  តែម្ដង។ មួយ​វិញ​ទៀត​ប្រិយមិត្ត ក៏​អាច​ផ្ញើ​ជា E-mail បានដូច​គ្នា តាម​អាសយដ្ឋាន​ខាង​ក្រោម ក្រុម​ការងារ​នឹង​ពិនិត្យ មុន​ពេល​កោះហៅ​ឲ្យ​ចូល​សាក​ល្បង៖

 

-admin@ Studio4kh.com

-contact@ Studio4kh.com

-jobs@ Studio4kh.com

 

លោក ជ័យ សម្បត្តិ អ្នក​ដឹក​នាំ​រឿង​នេះ​ធ្លាប់​និយាយ​ថា  ដំណើរ​ការ​ធ្វើតេស្ត​សាក​ល្បង​សមត្ថភាព​តួ​មាន​រយៈ​ពេល​ពេញ​មួយ​ខែ​សីហា​តែ​​ម្ដង ដែល​ការ​ជ្រើស​រើស​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​យ៉ាង​ហ្មត់ចត់​បំផុត ព្រោះ​សាច់​រឿង ត្រូវ​ការ​​តួអង្គ​នីមួយៗ​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់ ទើប​អាច​បំពេញ​តាម​រូបារម្មណ៍​តួ​អង្គ​ក្នុង​សាច់​រឿង​​បាន៕

 

វីដេអូ​ភាគ​ទូរទស្សន៍ "ស្រទន់​មន្តស្នេហ៍" ត្រូវ​បាន​ដាក់​ផែន​ការ​ផលិត បន្ទាប់​ពី​រឿង​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​នាម​ជា​ប្រលោម​លោក​មនោសញ្ចេតនា​យុវវ័យ។ យោង​តាម​សក្ដានុពល​ដែល​មាន​ស្រាប់ Sabay Digital Corp. និង​ក្រុមហ៊ុន CBS(Cambodia Broadcasting Service) ដែល​កាន់​កាប់​ប៉ុស្តិ៍​ទូរទស្សន៍ CTN, MyTV និង CNC បាន​សហការ​វិនិយោគ​ជាមួយ​គ្នា ជា​មួយ​កញ្ចប់​ថវិកាជា​ច្រើន​សែន​ដុល្លារ​អាមេរិក។ Studio 4 ដែល​មាន​ស្នាដៃ​ល្អ​ៗ​ជា​ច្រើន​លើ​វិស័យ​ថត​ភាពយន្ត និង​ប្រភេទ​នៃ​ការ​ថត​ផ្សេង​ទៀត ជា​ភាគី​ទី​៣ ដែល​ចូល​ខ្លួន​ មក​ធ្វើ​ជា​អ្នក​ដឹកនាំ​ការ​ថត។

 

តាម​លោក មាស រស្មី តំណាង​ផលិតកម្ម​ Studio 4 បច្ចុប្បន្ន "ស្រទន់​មន្តស្នេហ៍" កំពុង​ស្ថិត​នៅ​ដំណាក់​កាល​បើក​ឱកាស​ឲ្យ​យុវវ័យ​ចូល​សម្ដែង​សាក​ល្បង(Casting)។ឯ​សកម្មភាព​ចេញ​ថតរឿង​តែ​ម្ដង គឺ​នា​ដើម​ខែ​កញ្ញា ២០១៦​ខាង​មុខ៕

 

អត្ថបទ៖ទ្រី រ៉ាវី