ព្រឹត្តិការណ៍ Green Night លើកកម្ពស់ការការពារព្រៃឈើ និងសត្វព្រៃ
- 2016-07-29 20:50:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ Green Night លើកកម្ពស់ការការពារព្រៃឈើ និងសត្វព្រៃ
ចន្លោះមិនឃើញ
អង្គការសង្គ្រោះសត្វព្រៃ បានរៀបចំព្រឹត្តិការណ៍ Green Night នៅផ្ទះមេត្តា (Meta House) កាលពីយប់មិញ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារសំខាន់របស់ព្រៃឈើ និងសត្វព្រៃ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងជនបរទេស និងជនជាតិខ្មែរ។
លោក ទេព ប៊ុននី នាយកប្រតិបត្តិអង្គការសង្គ្រោះសត្វព្រៃ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ Green Night នេះឡើង គឺដើម្បីផ្សព្វផ្សាយនូវការយល់ដឹងជាសាធារណៈពីសារសំខាន់របស់ព្រៃឈើ និងប្រយោជន៍ទៅអនាគត។ លោកបានបន្តទៀតថា អង្គការសង្គ្រោះសត្វព្រៃ បានអញ្ជើញដៃគូពាក់ព័ទ្ធឲ្យចូលរួមច្រើន ដើម្បីរួមគ្នាធ្វើការលើកកម្ពស់ការការពារព្រៃឈើ និងសត្វព្រៃ ហើយក៏មានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិចមួយចំនួនផងដែរ។
យ៉ាងណាក្ដី លោក ទេព ប៊ុននី បានលើកឡើងថា ព្រឹត្តិការណ៍មួយនេះហាក់ដូចជាតំណក់ទឹកភ្លៀងស្រក់ចូលក្នុងទន្លេ។ "បើយើងមើល វាដូចជាតំណក់ទឹកមួយនៅក្នុងទន្លេចឹង... ពិតមែនថាមិនបានជួយខ្លាំង តែជាចំណែកមួយជួយរុញច្រាន ការយល់ដឹង និងការផ្សព្វផ្សាយ ព្រោះអ្នកចូលរួមមានបរទេស មានខ្មែរ ជាតំណាងអង្គការដៃគូផង ជាតំណាងជនជាតិដើមភាគតិចផង។ ចឹងយើងរំពឹងថាពួកគាត់ អាចចូលរួមចំណែកផ្សព្វផ្សាយបន្ត"។ លោក ទេព ប៊ុននី ថ្លែងបញ្ជាក់។
នៅក្នុងព្រឹត្តិការណ៍កាលពីយប់មិញ មានការដាក់បង្ហាញសៀវភៅពាក់ព័ន្ធនឹងជីវិតសត្វព្រៃនៅកម្ពុជា ក៏ដូចជាផែនទីព្រៃឈើ ព្រមទាំងការលេងល្បែង Eco-Game ដើម្បីស្វែងយល់ពីបរិស្ថានផងដែរ។ ក្រៅពីនេះ មានការដាក់បង្ហាញផលិតផលស្នាដៃខ្មែរ រួមទាំងការបញ្ចាំងភាពយន្តឯកសារខ្លីក្រោមចំណងជើងថា Our Forest – Our Future (ព្រៃឈើយើង អនាគតយើង) និងការដាក់តាំងបង្ហាញរូបភាពជាច្រើនទៀត៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ គង់ វិសាល