អ្នកចូលរួមក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ កាលពីរាត្រីថ្ងៃសៅរ៍ សប្ដាហ៍មុន មានអារម្មណ៍បុកពោះ រំជួលចិត្ត ដោយលោក ប៉ិច បូឡែន បានរៀបរាប់ពីលក្ខណៈសម្បត្តិពិសេសៗរបស់សហគ្រិនម្ចាស់ពានរង្វាន់នីមួយៗយ៉ាងក្បោះក្បាយ មុននឹងប្រកាសឈ្មោះរបស់គេឲ្យមហាជនបានដឹង។
តាមការថ្លែងឲ្យដឹងពីប្រធាន JCI ថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០១៦ រូបនេះ ថា លក្ខណៈសម្បត្តិពិសេសៗរបស់ម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាទាំង ៤ ប្រចាំឆ្នាំ២០១៦ មាន៖
ម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦៖ លោក ចាង ប៊ុនលាង ម្ចាស់ហាងប្រោនកាហ្វេ
- ជាសហគ្រិនមួយរូបដែលបាន និងកំពុងចូលរួមជំរុញ និងធ្វើឲ្យរំភើបចិត្តដល់ស្មារតីសហគ្រិនភាពរបស់យុវជនកម្ពុជា
- ជាសហគ្រិនដែលបានរួមចំណែកកសាងទម្លាប់ និងផ្នត់គំនិតវិជ្ជមានដល់កម្ពុជា
- ជាសហគ្រិនដែលត្រូវបានចាត់ទុកជាមោទនភាពជាតិ និងត្រូវបានបង្ហាញជាញឹកញាប់តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ
- ជាសហគ្រិនដែលចាត់ទុកបុគ្គលិក និងអតិថិជនទាំងអស់ជាក្រុមគ្រួសារតែមួយ
- ជាសហគ្រិនដែលបានបង្កើតអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិត មានមហិច្ឆតាខ្ពស់ ហើយបាននិងកំពុងផ្លាស់ប្ដូររបត់អាជីវកម្មកាហ្វេនៅកម្ពុជា
ម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមផ្នែកស្ត្រី៖ លោកស្រី ស្រ៊ាត មុំសុភា អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍ SOPHIYA Travel & Tours
- ជាសហគ្រិនដែលអភិវឌ្ឍខ្លួនពីនិយោជិកដ៏សាមញ្ញមួយរូប និងធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើន ជាមួយការតាំងចិត្តដ៏មហិមាពុះពារបង្ហាញភាពជាគំរូដល់ស្ត្រីកម្ពុជាដទៃទៀត
- ជាសហគ្រិនដែលជានិមិត្តរូបនៃក្តីសង្ឃឹម ការតស៊ូឯករាជ្យភាព និងទំនុកចិត្តខ្លួនឯង
- ជាសហគ្រិនដែលបានធ្វើដំណើរគ្រប់ទិសទី លះបង់ពេលវេលាជាច្រើនដើម្បីលើកទឹកចិត្ត និងធ្វើឲ្យរំភើបចិត្តដល់សហគ្រិនស្ត្រីដទៃទៀត
- ជាសហគ្រិនដែលបាននិងកំពុងនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា
ម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យឆ្លាតផ្នែកបច្ចេកវិទ្យា៖ លោក សុខ សុភមង្គល ប្រធានក្រុមហ៊ុន បច្ចេកវិទ្យាកុំព្យូទ័រ Codingate
- ជាសហគ្រិនមួយរូបដែលតាំងចិត្តកសាងមោទនភាពកូនខ្មែរ
- ជាសហគ្រិនយកចិត្តទុកដាក់ខ្ពស់ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍយុវជនកម្ពុជា
- ជាសហគ្រិនដែលបានចំណាយពេលវេលា ប្រឡូកក្នុងហានិភ័យជាច្រើនដើម្បីបង្កើតនូវឱកាសពាណិជ្ជកម្មជូនដល់សហគ្រិនដទៃទៀតតាមរយៈបច្ចេកវិទ្យា
- ជាសហគ្រិនដែលមានវ័យក្មេង តែមានភាពជាអ្នកដឹកនាំចាស់ទុំ
- ជាសហគ្រិនដែលមានមហិច្ឆតាធំ ដែលផ្ដើមចេញពីអាជីវកម្មដ៏តូចមួយ
ម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម៖ លោកស្រី នាវ នារីបញ្ចពិសី នាយិកាក្រុមហ៊ុនទេសចរណ៍ All Dreams (Cambodia) Co. Ltd.
- ជាសហគ្រិនមួយរូបដែលបានបង្កើតអាជីវកម្មក្នុងទិសដៅលើកកម្ពស់សង្គម វប្បធម៌ សិល្បៈ និង បរិស្ថានកម្ពុជា
- ជាសហគ្រិនដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍របស់កម្ពុជា
- ជាសហគ្រិនដែលពោរពេញដោយទឹកចិត្តស្រលាញ់សង្គមកម្ពុជា មានឆន្ទៈ ពុះពារ និងភាពអំណត់អត់ធ្មត់ ដើម្បីបង្ហាញពីសក្តានុពល និងសម្រស់ល្អឯករបស់កម្ពុជាដែលជារាជាណាចក្រអច្ឆរិយទៅកាន់ភ្ញៀវអន្តរជាតិ៕
អត្ថបទ៖ លីដា