កក្រើក​ប្រលាន​យន្ត​ហោះ ដោយ​សារ​ក្រុម​តារា​ថៃ​ព្រឹក​មិញ

  • 2014-10-31 20:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ថៃ Nick និង ​គ្នីគ្នា​ប្រមាណ ​១១​ នាក់​ ផ្សេង​ទៀត ដែល​សុទ្ធសឹងតែ​ជា​តួ​សម្ដែង​ក្នុង​រឿង "ក្រុម​ស្ទាវ​អ្នក​លេង​ខោ​ខ្លី" បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ព្រឹក​នេះ ក្នុង​គោលបំណង​ជួប​អ្នក​គាំទ្រ ​បាន​ទៅ​ស្វាគមន៍​យ៉ាង​កកកុញ និង​ ផ្សព្វផ្សាយ​ពី​ស្នាដៃ​ថ្មី​របស់​ពួក​គេ​ផង​ដែរ។

 

 

វត្តមាន​តារា​ថៃ​ទាំង​នោះ គឺ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន Westec Media ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា។ កញ្ញា ឡៅ ផានី ជា​អ្នក​គ្រប់គ្រង​បាន​និយាយ​ថា នេះ​ជា​លើក​ទី​ ២ ​ហើយ ដែល​បាន​អញ្ជើញ​ក្រុម​នេះ​មក​ប្រទេស​កម្ពុជា ហើយ​ការ​មក​ដល់​លើក​ដំបូង គឺ​តាម​រយៈ​រឿង ​"ខ្ញុំ​ខ្លាច​ហើយ​ម៉ែ​ណាត"។

 

ដោយ​សារ​តែ Westec Media មើល​ឃើញ​ពី​ភាព​ជោគជ័យ​ក្នុង​ដំណើរ​លើក​មុន នាំ​ឲ្យ​មាន​ការ​គាំទ្រ​ស្ទើរ​នឹក​ស្មាន​មិន​ដល់។ គណៈ​គ្រប់គ្រង​ទាំង​អស់ បាន​សម្រេច​អញ្ជើញ​តារា​ទាំង​នោះ​មក​ប្រទេស​យើង​ម្ដង​ទៀត ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​មួយ​ទៀត ដែល​អ្នក​ស្រី​យល់​ថា ជា​ការ​ផលិត​បាន​ល្អ​ជាង​មុន។

 

កញ្ញា ឡៅ ផានី បាន​បញ្ជាក់​ថា រឿង​"ក្រុម​ស្ទាវ​អ្នក​លេង​ខោ​ខ្លី" នឹង​ចែក​ចាយ​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​នៅ​ភ្នំពេញ​ដូច​ជា Platinum Cineplex, Major Cineplex by Cellcard, និង​ រោង​ភាពយន្ត​Legend ជា​ដើម។ ការ​បញ្ចាំង​ត្រូវ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

 

ប៉ុន្តែ​ពូក​គេ​នឹង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នីមួយៗ ដោយ​ចាប់​ផ្ដើម​ពី​រោងភាពយន្ត ​Platinum Cineplex ផ្សារ​សុរិយា​នៅ​រសៀល​នេះ។ ដោយ​ឡែក​សម្រាប់​រោង​ភាពយន្ត​Major Cineplex by Cellcard ផ្សារ​ទំនើប AEONនឹង​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច៕

 

 

អត្ថបទ៖ សំ ជំនាញ