សក្ដានុពល Google និង Facebook ជំរុញ​ទឹក​ចិត្ត​យុវជន​ខ្មែរ​ពីរ​រូប​ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការ

  • 2016-08-10 16:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google និង Facebook សុទ្ធ​តែ​ជា​ក្រុម​បច្ចេកវិទ្យា​យក្ស​ផ្តល់​ចំណូល​ដល់​បុគ្គលិក​រាប់​ម៉ឺន​ដុល្លារ​មួយ​ឆ្នាំៗ ថែម​ទាំង​ផ្តល់​បទ​ពិសោធន៍​ការងារ​ប្លែក​និង​ការ​ប្រកួត​ប្រជែង​ខុស​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត​លើ​ពិភពលោក។ មូលហេតុ​នេះ​ទើប​ជំរុញ​ទឹកចិត្ត​យុវជន IT ខ្មែរ​ពី​ររូប​ប្រាថ្នា​ដាក់​ពាក្យ​ធ្វើការ ដើម្បី​មាន​ឱកាស​អភិវឌ្ឍ​សមត្ថភាព។

 

បូរិត  ជាប់​អាហារូបករណ៍​ទៅសិក្សា​ផ្នែក Programing Language នៅ​កូរ៉េ

 

បូរិត អតីត​និស្សិត​ផ្នែក IT នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​បច្ចុប្បន្ន​កំពុង​ត្រៀម​ខ្លួន​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ខាង​ផ្នែក ភាសា​សរសេរ​កម្មវិធី​នៅ​កូរ៉េ ទី​​ប្រាថ្នា​​ដែល​គេ​ចង់​ធ្វើ​ការ​គឺ​ក្រុមហ៊ុន ​Google បើ​លទ្ធភាព​រួច ។

 

បូរិត បញ្ជាក់​ថា ក្រុមហ៊ុន Google បាន​បង្កើត​ធនធាន​​មនុស្ស​យ៉ាង​ច្រើន​ហើយ​បច្ចេកវិទ្យា​បង្កើត​កន្លង​មក​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​និង​តែង​មាន​ការ​គាំទ្រ​ពី​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។ ក្រៅ​ពី​នេះ ប្រាក់​ខែ​ក៏​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​រូបគេ​រឹត​តែ​ចង់​ធ្វើ​ការ​នៅ​ក្រុម​​ហ៊ុន​មួយ​នេះ។

 

តាំង ម៉េង អ្នក​បង្កើត​កម្មវិធី Android នៅ​សិង្ហបុរី 

 

ដោយ​ឡែក​សម្រាប់ តាំង ម៉េង ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ប្រទេស​សិង្ហបុរី ឲ្យ​ដឹង​ថា Google និង Facebook សុទ្ធ​តែ​ជា​ទី​កន្លែង​ខ្លួន​ចង់​ទៅ​ធ្វើ​ការ ព្រោះ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ផ្តល់​តួនាទី​ល្អៗ​សម្រាប់​អ្នក​បង្កើត​កម្មវិធី Android។ ម្យ៉ាង​ទៀត​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទាំង​នេះ មាន​ឱកាស​ប្រកួត​ប្រជែង​ខ្លាំង និង​មាន​ភាព​ច្នៃ​ប្រឌិត​ច្រើន ក្នុង​ការ​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក។

 

តាម​ពិត តាំង ម៉េង ធ្លាប់​បាន​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​កន្លង​មក​ដែរ តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​មក​វិញ​ឡើយ។ យ៉ាងណា​អ្នក​បង្កើត​កម្មវិធី Android នេះ ពុំ​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ទេ និង​បាន​​ប្តេជ្ញា​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់​ដែល​អាច​ឲ្យ Google ឬ Facebook ជ្រើស​រើស​គេ​ជា​បុគ្គលិក៕

 

អាន៖ តាំង ម៉េង៖ “ខ្ញុំ​នឹង​ដាក់​ពាក្យ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ជាប់​ការងារ​នៅ Facebook ឬ Google ”

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី