១៥នាទីលើកទឹកចិត្តយុវជន ឲ្យសម្រេចក្ដីស្រមៃខ្លួន
- 2016-08-19 23:04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥នាទីលើកទឹកចិត្តយុវជន ឲ្យសម្រេចក្ដីស្រមៃខ្លួន
ចន្លោះមិនឃើញ
កម្មវិធី Youth With Impact ចែករំលែករឿងរ៉ាវអស្ចារ្យផ្ទាល់ខ្លួន និងជាបទពិសោធន៍ប្លែកៗទៅដល់សាធារណជន ពីយុវជនមានទេពកោសល្យចំនួន៥នាក់ បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅអង្គការ Impact Hub ភ្នំពេញ។ កម្មវិធីដែលបានរៀបចំឡើងនោះ មានគោលបំណងសំខាន់ក្នុងលើកកម្លាំងចិត្តដល់អ្នកចូលរួម ឲ្យចេះសម្រេចក្ដីស្រមៃរបស់ខ្លួន។
រយៈពេល១៥នាទី សម្រាប់វាគ្មិននីមួយៗបានបង្ហាញពីបទពិសោធន៍ខុសៗគ្នា តាមរយៈប្រធានបទរបស់ខ្លួន ដោយនូវអ្វីដែលខ្លួនជួបប្រទះ និងការដោះស្រាយឧបសគ្គនានាមុននឹងសម្រេចបានបំណងប្រាថ្នា។
នៅក្នុងប្រធានបទមួយឈ្មោះ " បង្កើតក្ដីសុបិន ដើម្បីសម្រេចបំណង-ឥទ្ធិពលនៃបាល់ទាត់" របស់វាគ្មិនមួយរូបក្នុងកម្មវិធីខាងលើគឺ កញ្ញា សេង សុជាតា បានបង្ហាញពីការស្រលាញ់ចូលចិត្តផ្នែកកីឡាបាល់ទាត់របស់នាង។ ជាមួយនឹងការជម្នះនឹងទស្សនៈថាមនុស្សស្រីមិនអាចលេងកីឡា បានធ្វើឲ្យជីវិតរបស់នាងផ្លាស់ប្ដូរ។ ខ្លឹមសារសង្ខេបនៃបទពិសោធរបស់និស្សិតឆ្នាំទី១ នៃដេប៉ាតេម៉ង់ ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) បានបង្ហាញតាមរយៈវីដេអូឃ្លីបថា កញ្ញាជាក្មេងស្រីមកពីតំបន់ដាច់ស្រយាលនៃខេត្តបាត់ដំបង ដែលនៅឆ្ងាយពីសាលារៀន។ បទពិសោធន៍ជីវិតដែលកញ្ញាឆ្លងកាត់ចាំមិនភ្លេចនោះគឺ នៅពេលឪពុកម្ដាយបានផ្ចុងផ្ដើមឲ្យរៀបការ ជាមួយមនុស្សដែលកញ្ញាមិនដែលស្គាល់ ជាអ្នកមានទ្រព្យសម្បត្តិ ហើយពេលនោះ យុវតីរូបនេះទើបតែមានវ័យ១៤ឆ្នាំប៉ុណ្ណោះ។
ទោះយ៉ាងណាក្ដី ដោយសារការចិញ្ចឹមចិត្តឲ្យតម្លៃលើការអប់រំ កញ្ញាព្យាយាមនិយាយជាមួយឪពុកម្ដាយ ថាចង់បន្តការសិក្សា ទោះបីសាលានៅឆ្ងាយពីផ្ទះក៏ដោយ។
នាថ្ងៃមួយ មានអង្គការឈ្មោះ ស្មារតីនៃអ្នកកីឡា បានចុះទៅភូមិរបស់កញ្ញា និងបង្រៀនក្មេងៗ ពីបំណិនជីវិត ឲ្យស្គាល់ពីគ្រោះថ្នាក់នៃគ្រាប់មីន ដោយងាកទៅលេងកីឡាបាល់ទាត់។ នៅពេលនោះហើយ ដែលកញ្ញាមានចំណាប់អារម្មណ៍ចូលចិត្តបាល់ទាត់ ហើយអង្គការដដែលក៏បានហៅកញ្ញាឲ្យចូលរួម កម្មវិធីបាល់ទាត់មួយឈ្មោះបាល់ទាត់នៃក្ដីសង្ឃឹម នៅប្រទេសអាហ្វ្រិកខាងត្បូង នៅឆ្នាំ២០១០។
ទៅដល់ប្រទេសអាហ្វ្រិកខាងត្បូង កញ្ញាបានរៀនពីបទពិសោធន៍នៃមនុស្សជាច្រើនមកពីបណ្ដាប្រទេសនានាដែល មានបញ្ហា ដូចជា សង្គ្រាម ជំងឺ តែមនុស្សទាំងនោះមិនចុះចាញ់ និងខំប្រឹងផ្លាស់ប្ដូរជីវិតរបស់ខ្លួន ។ ជាមួយការរៀនពីបទពិសោធន៍នោះ ពេលត្រលប់មកកម្ពុជាវិញ កញ្ញាបានបានជំរុញចិត្ត ខិតខំប្រឹងរៀន និងជម្នះបញ្ហាដែលជួបប្រទះ ដែលជាទស្សនៈថាស្ត្រីមិនអាចធ្វើអ្វីក្រៅពី នៅផ្ទះ មានគ្រួសារ មើលថែកូន។
ដោយការខិតខំព្យាយាមរៀនសូត្រ និងការចូលរួមក្នុងសង្គម បញ្ចេញសមត្ថភាពផ្នែកកីឡាបាល់ទាត់ បង្ហាញឲ្យមនុស្សជាច្រើនបានឃើញ យុវតីអ្នកខេត្តបាត់ដំបងរូបនេះ ក៏មានឱកាសចូលរួមក្នុងកម្មវិធីស្ត្រីអស្ចារ្យ។ កម្មវិធីនោះបានធ្វើឲ្យនាងមានឱកាសទៅ ប្រទេសជាច្រើននៅ អឺរ៉ុប អាហ្វ្រិកខាងត្បូង អាមេរិក រុស្ស៊ី និងអាហារូបករណ៍សិក្សានៅសហរដ្ឋអាមេរិកមួយឆ្នាំ។ ត្រលប់មកវិញកម្ពុជាវិញ កញ្ញាបានដាក់ពាក្យប្រលងនៅ ដេប៉ាតេម៉ង់ ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ដោយមានទស្សនៈវិស័យ ចង់បង្ហាញផ្សព្វផ្សាយពីបញ្ហាសង្គម លើកស្ទួយស្ត្រី និងវិស័យកីឡា។
ជាចុងក្រោយកញ្ញា មានមោទនភាពអាចបន្តការសិក្សា និងជាមនុស្សដំបូងគេក្នុងគ្រួសារដែលបញ្ចប់ថ្នាក់ទី១២ និងឱកាសទៅស្គាល់ប្រទេសក្រៅ ។ ជាសារដល់យុវជន កញ្ញាបានផ្ដាំផ្ញើថា៖ "សម្រាប់អ្នកមានក្ដីស្រមៃ នៅតែបន្តដើរទៅមុខ ទោះបីមានឧបសគ្គមករាំរាំងយ៉ាងណាក៏ដោយ។ ហើយសម្រាប់អ្នកមិនទាន់មានក្ដីស្រមៃ ចេះបង្កើតក្ដីស្រមៃដើម្បីសម្រេចគោលបំណងរបស់ខ្លួន និងចេះឲ្យតម្លៃលើការអប់រំ និងកីឡា "។
គួររំលឹកផងដែរ ថាកម្មវិធីខាងលើបានធ្វើឡើង នៅអង្គការ Impact Hub ភ្នំពេញ។ នៅទីនោះជាកន្លែងធ្វើការរួមមួយ ដែលសាធារណជនអាចជួបផ្ទាល់នឹងមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗ ក្នុងគោលបំណងជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមក ការជួយគាំទ្រដល់សហគ្រិនវ័យក្មេង និងមានរៀបចំកម្មវិធី សិក្ខាសាលាអប់រំ និងការជជែកពិភាក្សាផ្សេងៗផងដែរ៕