Ronaldo ចាកចេញពីជំរំហ្វឹកហាត់របស់ជម្រើសជាតិហើយ តើមានរឿងអ្វីចំពោះគាត់?
- 2026-10-01 02:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ចាកចេញពីជំរំហ្វឹកហាត់របស់ជម្រើសជាតិហើយ តើមានរឿងអ្វីចំពោះគាត់?
ចន្លោះមិនឃើញ
Cristiano Ronaldo បានចាកចេញពីជំរំហង្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ ខណៈអនាគតរបស់ប្រធានក្រុមវ័យ ៤១ឆ្នាំជាមួយក្រុមជម្រើសជាតិ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីមានភាពតានតឹងជាមួយគ្រូបង្វឹកថ្មី Jorge Jesus។ ការចាកចេញនេះកើតឡើងមុនការប្រកួត UEFA Nations League ជាមួយដាណឺម៉ាក។ នេះបើតាមការចុះផ្សាររបស់ Reuters ថ្ងៃទី១ ខែតុលា។
ភាពតានតឹងបានចាប់ផ្តើមបន្ទាប់ពី Ronaldo ត្រូវបានដាក់ឱ្យអង្គុយលើកៅអីបម្រុងពេញ ៩០នាទី ក្នុងជ័យជម្នះ ២-១ របស់ព័រទុយហ្គាល់លើន័រវែស។ មុនការប្រកួត Jesus បានពន្យល់ថា Ronaldo បានលេងប្រកួតមុនត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយការមិនដាក់ឱ្យចូលលេងគឺជាការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រ។
បន្ទាប់ពីការប្រកួត Ronaldo មិនបានហ្វឹកហាត់ជាមួយក្រុមជាធម្មតាទេ ប៉ុន្តែហ្វឹកហាត់ដោយឡែកនៅកន្លែងហាត់ប្រាណ។ Jesus បានបដិសេធថា Ronaldo មិនបានបដិសេធការហ្វឹកហាត់ឡើយ ហើយបាននិយាយថា លោកជាអ្នកទទួលខុសត្រូវលើការសម្រេចចិត្តផ្នែកបច្ចេកទេសទាំងអស់។
នៅថ្ងៃទី៣០ ខែកញ្ញា Jesus បានបញ្ជាក់ថា Ronaldo នឹងមិនចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតជាមួយដាណឺម៉ាកនៅឡើយ ដែលការប្រកួតនេះគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ម៉ោងនៅកម្ពុជា។ បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់គ្រូបង្វឹក Ronaldo បានពិភាក្សាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ លោក Pedro Proença ហើយសម្រេចចាកចេញពីជំរំ។ FPF បានបញ្ជាក់ជាផ្លូវការថា Ronaldo បានចាកចេញ ហើយក្រុមនឹងបន្តត្រៀមប្រកួតជាមួយកីឡាករ ២៤នាក់ដែលនៅសល់ ។ Ronaldo កាលប៉ុន្មានថ្ងៃមុនក៏បានលើកឡើងដែរថានៅពេលមួយដែលក្រុមជម្រើសជាតិ និងគ្រូបង្វឹងលែងគិតថាលោកមានប្រយោជន៍ចំពោះក្រុមលោកក៏នឹងចាកចេញ។
Ronaldo បានបង្ហោះសារថា លោកនឹងប្រាប់ “ការពិត” ដល់ប្រជាជនព័រទុយហ្គាល់នៅពេលសមស្រប អំពីមូលហេតុដែលធ្វើឱ្យលោកសម្រេចចាកចេញពីក្រុមជម្រើសជាតិ។ លោកក៏បានជូនពរឱ្យព័រទុយហ្គាល់ និងមិត្តរួមក្រុមទាំងអស់ទទួលបានជោគជ័យ។
Ronaldo គឺជាកីឡាករដែលមានចំនួនបង្ហាញខ្លួនឱ្យជម្រើសជាតិព័រទុយហ្គាល់ច្រើនបំផុត និងជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិបុរស។ ទោះមានការរាយការណ៍អំពីលទ្ធភាពចូលនិវត្តន៍ពីជម្រើសជាតិក៏ដោយ Ronaldo មិនទាន់ប្រកាសជាផ្លូវការថា លោកចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនោះទេ៕