គន្លឹះយកអាហារូបករណ៍ “ Ecole Polytechnique” ពីសាលាល្បីលំដាប់ទី១ នៅបារាំង
- 2016-08-23 17:11:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះយកអាហារូបករណ៍ “ Ecole Polytechnique” ពីសាលាល្បីលំដាប់ទី១ នៅបារាំង
ចន្លោះមិនឃើញ
ការដាក់ពាក្យដោយផ្ទាល់លើវិបសាយសាលា ធ្វើតេស្តមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងសំណួរផ្ទាល់មាត់ទាក់ទងនឹងវិទ្យាសាស្រ្តថ្មីៗ ជាឧបសគ្គរបស់ស៊ីធា។ យ៉ាងណា និស្សិតវិស្វកម្មថាមពលឆ្នាំទី៣ បានឆ្លងផុតនិងទទួលបានអាហារូបករណ៍ដោយជោគជ័យ។
នូ ស៊ីធា ជានិស្សិតវិស្វកម្មថាមពលឆ្នាំទី ៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានប្រាប់ឱ្យដឹងថា ដំណើរការនៃដាក់ពាក្យយកអាហារូបករណ៍ពីសាលាល្បីមួយនេះមិនជាពិបាកពេកទេ ពោលអាហារូបករណ៍នេះបើកទទួលពាក្យនៅចន្លោះខែ កក្កដា និងខែកញ្ញា។
យុវជនរូបនេះថា ដំបូងត្រូវស្វែងរកវិបសាយផ្ទាល់របស់សាលា (Polytechnique) រួចបំពេញទម្រង់បែបបទសុំអាហារូបករណ៍ដោយភ្ជាប់មកជាមួយព្រឹត្តិបត្រ័ពិន្ទុប្រចាំឆ្នាំ លិខិតបញ្ជាក់ពីគ្រូ (Recommendation Letters) ប្រវត្តិរូបសង្ខេប និងសំណេររៀបរាប់ពីការប្តេជ្ញាចិត្តផ្ទាល់ខ្លួន (Personal Statement) ជាភាសាអង់គ្លេស ឬបារាំងក៏បាន។ បន្ទាប់ពីដាក់ពាក្យរួចហើយ ត្រូវឧស្សាហ៍បើកមើលអ៊ីម៉ែល ដើម្បីប្រាកដថាពាក្យសុំអាហារូបករណ៍នោះត្រូវបានទទួលយក ឬបដិសេធ។
យុវជនសម្បុរស្រអែមរូបនេះបន្តថា អាហារូបករណ៍នេះផ្ដល់ឱ្យរយៈពេលបួនឆ្នាំសម្រាប់ថ្នាក់បរិញ្ញ្ញាប័ត្រផ្តោតសំខាន់លើជំនាញវិស្វកម្ម ដូច្នេះពិន្ទុលើមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យាត្រូវតែ A+,A ឬ B ទើបអាចមានសង្ឃឹមជាប់ច្រើន។
ជាងនេះទៀត វិញ្ញាសារធ្វើតេស្តជុំទីមួយ ក៏មានតែពីរមុខវិជ្ជានេះដែរ។ បន្ទាប់ពីសំណុំបែបបទសុំអាហារូបករណ៍ត្រូវបានសាលាទទួលយក រីឯការធ្វើតេស្តជុំទីពីរ ធ្វើឡើងដោយផ្ទាល់មាត់ជាមួយគណៈកម្មការអាហារូបករណ៍មានដូចជា ចំណេះដឹងទូទៅទាក់ទងនឹងវិទ្យាសាស្រ្តថ្មីៗ គណិតវិទ្យា និងរូបវិទ្យា ជាភាសាបារាំង ឬភាសាអង់គ្លេស ដោយឡែកការប្រឡងគេកំណត់ចំនួន មានន័យថា អ្នកដែលមានពិន្ទុខ្ពស់ជាងគេតាមប្រទេសនីមួយៗក្នុងចំណោម ៦០នាក់ គឺមានអាទិភាព។
ក្នុងនាមជានិស្សិតរៀមច្បងមួយរូប ស៊ីធាបានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយដែលមានបំណងចង់ដាក់អាហារូបករណ៍នេះ ត្រូវខិតខំប្រឹងប្រឺងរៀនគណិតវិទ្យា រូបវិទ្យា ភាសាអង់គ្លេស ឬភាសាបារាំង និងតាមដានព័ត៌មានវិទ្យាសាស្រ្តថ្មីៗឱ្យបានច្រើន ៕
ចុចអានបន្ត៖ ជា ឡង់ដា៖ “ធ្វើអាជីវកម្មមិនទាមទារបទពិសោធន៍ ប៉ុន្តែគ្មានបទពិសោធន៍ក៏មិនអាចធ្វើឲ្យអាជីវកម្មជោគជ័យ”
អត្ថបទ៖ រក្សា