Facebook បណ្ដេញ​បុគ្គលិក​មួយ​ក្រុម ទុក​ពេល​មួ​យ​ម៉ោង​ឲ្យ​រើ​ចេញ​ពី Office

  • 2016-08-27 18:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ Facebook បាន​បណ្ដេញ​បុគ្គលិក​ជាប់​កុងត្រា​របស់​ខ្លួន​មួយ​ក្រុម​ពី ១៥ ទៅ ១៨ នាក់ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ប្រធាន​បទពេញ​និយម (Trending Topics)។ នេះ​បើ​យោង​តាម​សារព័ត៌មាន Business Insider។

 

បុគ្គលិក​ ទាំង​នោះ ត្រូវ​បាន Facebook ជូន​ដំណឹង​នៅ​ម៉ោង ៤ ល្ងាច ហើយ​កំណត់​ឲ្យ​រើ​ចេញ​ពី Office នៅ​ម៉ោង ៥ ល្ងាច ខណៈ​ដែល​ក្រុមហ៊ុន​ក៏​បាន​ទូទាត់​សំណង​ជា​ប្រាក់​ខែ ៦ សប្ដាហ៍​ផង​ដែរ។

 

 

នេះ ​ជា​ការ​កំណែទម្រង់​ធំ​មួយ​របស់ Facebook ដោយ​ដក​មនុស្ស​ចេញ ហើយ​ប្រើ​ប្រព័ន្ធ​កំណត់​ដោយ​ស្វ័យ​ប្រវត្តិ​វិញ ដែល​ដំណើរ​ដោយ​ក្រុម​អ្នក​វិស្វករ។ ពី​មុន ប្រធាន​បទ​ពេញ​និយម​ដែល​គេ shareលើ Facebook ត្រូវ​បុគ្គលិក​ខាង​លើ​ជា​អ្នក​កែ​សម្រួល សរសេរ​បន្ថែម​ខ្លីៗ និង​ចេញ​ផ្សាយ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ គឺ​ក្រុម​វិស្វករ​នឹង​ប្រើ​ប្រព័ន្ធ​កំណត់​ស្វ័យប្រវត្តិ (Algorithm) ដើម្បី​ធានា​ភាព​សុក្រឹត។

 

Trending Topics របស់ Facebook ត្រូវ​គេ​រិះគន់​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ ថា​លម្អៀង ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​នយោបាយ។ ទោះ​យ៉ាង​ណា ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​ក្រុមហ៊ុន រក​មិន​ឃើញ​កំហុស​បុគ្គលិក​នោះ​ទេ តែ​ទី​បំផុត Facebook នៅ​តែ​សម្រេច​ដក​មនុស្ស​ចេញ ដាក់​ជំនួស​ដោយ​ប្រព័ន្ធ​វិញ៕

 

 

ដោយ៖ សុផាត ប្រភព៖ Business Insider