ដឹង​អត់​​ថា ​ខ្សែក្រវាត់​ សុខហ៊ុច​ ឈ្នះ​យប់​មិញ​មាន​តម្លៃ​យ៉ាង​ណា?

  • 2016-08-29 16:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​អ្នក​លេង​គុន​ខ្មែរ​ មឿន សុខហ៊ុច​ ឈ្នះ​ខ្សែ​ក្រវាត់​យប់​មិញ​នៅ​លើ​ទឹក​ដី​ថៃ​ ទង់​ជាតិ​ និង​ភ្លេង​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​ត្រូវ​បាន​​គោរព​ជា​ផ្លូវ​ការ​មុន​ពេល​​ការ​ប្រកួត​ចាប់​ផ្តើម​ ហើយ​​អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​មោទនភាព​ចំពោះ​រូប​គេ។ តើ​ខ្សែ​​ក្រវាត់​នេះ​មាន​តម្លៃ​បែប​ណា?

 

 

ខ្សែ​ក្រវាត់​កម្រិត​ប្រាក់

 

 

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ខ្សែ​ក្រវាត់​ដែល​ មឿន សុខហ៊ុច​ ឈ្នះ​យប់​មិញ​ជា​ប្រភេទ​ខ្សែ​ក្រវាត់​កម្រិត​​ប្រាក់។ កម្មវិធី​ប្រដាល់​ Max Muay Thai ​បាន​កំណត់​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មារ៉ាតុន​​៣​ប្រភេទ​គឺ​មាស​ ប្រាក់​ និង​សំរឹទ្ធ។ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ត្រូវ​ធ្វើ​ឡើង​ពី​កម្រិត​សំរឹទ្ធ​រួច​ឈាន​ចូល​ប្រាក់​ និង​មាស។ ​ទោះ​ជា​យ៉ាង​ណា​ ​កីឡាករ​ដែល​មាន​កម្រិត​ខ្ពស់​ដូច​ជា​ព្រឹត្តិការណ៍​ មឿន សុខហ៊ុច​ប្រកួត​ឈាន​ចូល​កម្រិត​​ដណ្តើម​ខ្សែក្រវាត់​ប្រាក់។

 

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា​ Max Muay Thai ​បាន​រៀប​ចំ​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​​​ដែល​ មឿន សុខហ៊ុច​ឈ្នះ​យប់​មិញ​គឺ​ជា​កម្មវិធី​ទី​១​ និង​ត្រូវ​រៀប​ចំ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ប្រាក់​៣​ទៀត​ដើម្បី​យក​ម្ចាស់​ខ្សែ​ក្រវាត់​ទាំង​៤​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មាស។ ដូច្នេះ​ មឿន សុខហ៊ុច​បាន​ក្លាយ​ជា​បេក្ខភាព​ទី​១​​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មាស។ ទោះ​ជា​យ៉ាង​ណា​ ព័ត៌មាន​​​នេះ​មិន​ទាន់​​ប្រាកដ​១០០​%​​នោះ​ទេ​​ពោល​គឺ​អាច​ប្រែ​ប្រួល។

 

ខ្សែក្រវាត់​កម្រិត​ពិភព​លោក​ (World Champion)​ ទោះ​បី​ជា​ការ​ប្រកួត​របស់​ Max Muay Thai ជា​លក្ខណៈ​កម្មវិធី​ប្រកួត​របស់​ទូរទស្សន៍ ប៉ុន្តែ​ទាំង​ពិធីករ​កម្មវិធី​ និង​អេក្រង់​ LED បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ខ្សែ​ក្រវាត់​ដែល​ មឿន សុខហ៊ុច​ទទួល​បាន​នេះ​ជា​លក្ខណៈ​ពិភពលោក។ ពិធីករ​បាន​ប្រកាស​ក្តែង​ៗ​ថា World Champion ​ដូច្នេះ​មាន​ន័យ​ថា កីឡាករ​កម្ពុជា​រូប​នេះ​ឈ្នះ​​​ខ្សែក្រវាត់​ពិភព​លោក។

 

ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មារ៉ាតុន​នេះ​មាន​បេក្ខភាព​៤​នាក់​ក្នុង​នោះ​​ការ​ប្រកួត​ជុំ​ទី​១​ មឿន​ សុខហ៊ុច​ បាន​ឈ្នះ​កីឡាករ​ទួរគី​ក្នុង​ទឹក​ទី១​ ខណៈ​កីឡាករ​ស៊ុយអែត​ Ammon Decker ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​​ថៃ​​ក្នុង​ទឹក​ទី​២​ដែរ។ ដូច្នេះ សុខហ៊ុច​ត្រូវ​ជួប​ Decker វគ្គ​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ប្រព្រឹត្ត​ទៅ​៣​ទឹក​ ប៉ុន្តែ​អ្នក​ទាំង​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ ហើយ​បន្ថែម​១​ទឹក​ទៀត​ពោល​គឺ​ទឹក​ទី​៤។ ការ​ប្រកួត​កាត់​សេចក្តី​ទឹក​ទី​៤​ ចៅ​ក្រម​បាន​កាត់​សេចក្តី​ឲ្យ​​អ្នក​លេង​រន្ទះ​ជើង​កម្ពុជា​ឈ្នះ​ដោយ​ពិន្ទុ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​តែ​ម្តង។  

ប្រាក់​រង្វាន់​

 

 

ក្នុង​នាម​ម្ចាស់​ខ្សែ​ក្រវាត់​មារ៉ាតុន​កម្រិត​ប្រាក់​ មឿន សុខហ៊ុច​ទទួល​បាន​ប្រាក់​រង្វាន់​២០​ម៉ឺន​បាត​(​ប្រហែល​ជា​​៥៧៧០​ដុល្លារ​អាមេរិក)។ នេះ​ប្រាក់​រង្វាន់​ច្រើន​គួរ​សម​ដែរ​សម្រាប់​កីឡាករ​កម្ពុជា​ និង​ប្រចាំ​ព្រឹត្តិការណ៍​ Max Muay Thai។  

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបភាព៖ MAX Muay Thai