​ស៊ន សៀវម៉ី ​ជឿ​ថា ​អូឡាំពិក​​នៅ​ជប៉ុន ៤​ឆ្នាំ​ក្រោយអាច​​បាន​​មេដាយ​ជូនកម្ពុជា

  • 2016-09-05 13:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡា​ការិនី​​​​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី ​​មាន​ជំនឿ​ចិត្ត​ថា នឹង​អាច​ដណ្ដើម​បាន​មេដាយ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ ៤​ឆ្នាំ​ក្រោយ​​នៅ​ប្រទេស​​ជប៉ុន​នា​ឆ្នាំ​២០២០។

 

 

​គម្រោង​ចង់​បញ្ចប់​អាជីព​ជា​កីឡា​ការិនី​តេក្វាន់​ដូ​របស់ ស៊ន សៀវម៉ី ត្រូវ​​បាន​ផ្លាស់ប្ដូរ​​​ បន្ទាប់​ពី​​​​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ចូល​រួម​លើក​ទី១​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​​ប្រេស៊ីល​ ។ ការ​បរាជ័យ​​របស់​កីឡា​ការិនី​ ស៊ន សៀវម៉ី ​​បាន​​ធ្វើ​ឲ្យ​រូប​កញ្ញា​ផ្ទាល់ និង​ក្រុម​អ្នក​គាំទ្រ​នៅ​កម្ពុជា​មាន​ការ​ខក​ចិត្ត​។​

 

​ស៊ន សៀវ​ម៉ី​ បាន​ឲ្យ​ដឹង​ថា ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ និង​រាជ​រដ្ឋាភិបាល​​​ពិសេស​គឺ​ថ្នាក់​ដឹក​នាំ​​ទទួល​ដំណើរ​​ក្រុម​កីឡាករ​-កីឡា​ការិនី​ មក​ពី​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​​ឲ្យ​អារម្មណ៍​របស់​កញ្ញា​ត្រូវ​តែ​ចូល​រួម​ម្ដង​ទៀត។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ការ​ចូល​រួម​លើក​ទី២ នា​​៤​ឆ្នាំ​ក្រោយ​កញ្ញា​អះអាង​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​លើក​ទី​១​ ហើយ​​ធ្វើ​យ៉ាង​ណា​ដណ្ដើម​មេដាយ​ជួន​​កម្ពុជា​ពី​ព្រឹត្តិការណ៍​អូឡាំពិក​​នេះ។

 

​ប្អូន​ស្រី​បង្កើត​​ ស៊ន ដាវិន រូប​នេះ​​បន្ថែម​ថា ​គម្រោង​ចង់ចូលនិវត្តន៍​ពី​​អាជីព​​មួយ​នេះ ដោយ​សារ​មុន​ចេញ​ទៅ​ប្រកួត​​គិត​ថា អាច​យក​បាន​មេដាយ​ជូន​ជាតិ។ ប៉ុន្តែ​លទ្ធផល​ផ្ទុយ​ស្រលះ​ធ្វើ​ឲ្យ​ សៀវម៉ី ចង់​​ចូល​រួម​ម្ដង​ទៀត ដោយ​កំណត់​គោល​ដៅ​​ខ្ពស់​ជួយ​​ជាតិ​យក​​មេដាយ​​​លើក​ក្រោយ​ទៀត។

 

​ជា​មួយ​គ្នា​នោះ​ឯក​ឧត្ដម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រេស៊ីល​​​លើក​នេះ មិន​បាន​កំណត់​គោល​ដៅ​​ដណ្ដើម​មេដាយ​នោះ​ទេ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ដែល​​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ កម្ពុជា បាន​កំណត់​រួច​ហើយ​ថា ធ្វើ​យ៉ាង​ណា​ដណ្ដើម​មេដាយ​ឲ្យ​បាន ​ទោះ​ត្រឹម​មេដាយ​សំរឹទ្ធ​គឺ​ជា​ជោគ​ជ័យ​មួយ​ផង​ដែរ​។

 

​កម្ពុជា​មិន​បាន​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​​ឆ្នាំ​២០១៦ នេះ​ទេ។ កីឡា​ការិនី​តេក្វាន់ដូ​​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី១ ​ក្រោយ​​ថ្វីជើង​​កីឡា​ការិនី​ហុល្លង់​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​

អត្ថបទពេញនិយម