ផ្កាយរណបរបស់ Facebook ផ្ទុះយ៉ាងសន្ធោសន្ធៅ មុនពេលបង្ហោះ
- 2016-09-02 15:36:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្កាយរណបរបស់ Facebook ផ្ទុះយ៉ាងសន្ធោសន្ធៅ មុនពេលបង្ហោះ
ចន្លោះមិនឃើញ
រ៉ុកកែតរបស់ក្រុមហ៊ុនអវកាស «SpaceX» មួយគ្រឿង បានផ្ទុះយ៉ាងសន្ធោសន្ធៅ នៅឯទីលានបង្ហោះ «Cape Canaveral» របស់ខ្លួន ដែលស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៩ និង ០៧នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ បណ្តាលឲ្យបំផ្លាញរ៉ុកកែតខ្លួនឯង និងផ្កាយរណបរបស់ក្រុមហ៊ុន Facebook តម្លៃ ២០០លានដុល្លារ ដែលនឹងត្រូវបង្ហោះចេញ នៅថ្ងៃសៅរ៍ ខាងមុខនេះ។
ក្រុមហ៊ុនអវកាស SpaceX បានឲ្យដឹងថា គ្មាននរណាម្នាក់រងរបួសឡើយ ហើយបានពណ៌នាហេតុការណ៍ផ្ទុះនោះថា «មិនធម្មតា»។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ការផ្ទុះនោះបានកើតឡើង ខណៈរ៉ុកកែតកំពុងចាក់ប្រេងឥន្ធនៈ ប៉ុន្តែមូលហេតុនៃការផ្ទុះ នៅមិនទាន់ដឹងនៅឡើយទេ។
គួរបញ្ជាក់ថា រ៉ុកកែតមួយគ្រឿងនោះបានផ្ទុកផ្កាយរណប ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមហ៊ុន Facebook ដើម្បីនាំយកអ៊ីនធឺណិត ទៅកាន់ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និង អឺរ៉ុប។ Facebook គឺជាដៃគូសហការជាមួយនឹង ក្រុមហ៊ុនផ្កាយរណបបារាំង «Eutelsat Communications» ខណៈផ្កាយរណបដែលខូចខាត ត្រូវបានគេហៅថា «Amos 6»។
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់នេះ ដោយនិយាយថា វានឹងជួយផ្តល់ទំនាក់ទំនងដល់សហគ្រិន និងមនុស្សគ្រប់គ្នា នៅទូទាំងទ្វីបខាងលើ។ ទោះជាយ៉ាងណា លោក Mark បានបន្ថែមឲ្យដឹងទៀតថា លោកមានបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីជួយផ្សាភ្ជាប់មនុស្ស៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ CNN