ង៉ែត រចនា៖ "ខ្ញុំចង់ឈ្នះ ពាក្យគេថា ស្រីៗរៀន IT មិនកើត"
- 2016-09-07 15:55:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ង៉ែត រចនា៖ "ខ្ញុំចង់ឈ្នះ ពាក្យគេថា ស្រីៗរៀន IT មិនកើត"
ចន្លោះមិនឃើញ
"ស្រីៗមិនគួររៀនជំនាញ IT” ជាសម្ដីមួយធ្វើឲ្យយុវតី ង៉ែត រចនា ប្ដេជ្ញាពុះពាររៀនជំនាញព័ត៌មានវិទ្យាឲ្យរហូតបានអាហារូបករណ៍ទៅរៀនអនុបណ្ឌិតនៅជប៉ុន និងបានបង្ហាញថាស្រ្តីក៏មានសមត្ថភាពមិនចាញ់បុរស។
ដំបូងឡើយ រចនា ចង់រៀនជំនាញពេទ្យក្រោយជាប់បាក់ឌុប តែដល់ឮមនុស្សមួយចំនួននៅជុំវិញនិយាយជាញយដងរឿង ស្ត្រីមិនស័ក្ដិសមរៀនជំនាញ IT និងដោយសារខ្លួនចូលចិត្តបច្ចេកវិទ្យាផងនោះ ទើបជំរុញចិត្តយុវតី ផ្លាស់ប្ដូរគំនិតមកចាប់ជំនាញព័ត៌មានវិទ្យា ដើម្បីផ្លាស់ប្ដូរការគិតអវិជ្ជមានមកលើស្ត្រី។
ពេលចូលរៀនព័ត៌មានវិទ្យាដំបូងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រចនានៅតែឮសម្ដីនិយាយមិនល្អលើស្ត្រីចាប់ជំនាញ IT រហូតស្ទើរបាក់ទឹកចិត្តចង់ដកថយ។ ប៉ុន្តែដោយមានការអត់ធ្មត់ និងការតាំងចិត្តចង់ជម្នះពាក្យសម្ដីអវិជ្ជមានទាំងអស់ រចនា ក៏ខំប្រឹងរៀនរហូតបានចំណាត់ថ្នាក់ល្អនិងក្លាយជានិស្សិតស្រីឆ្នើមផ្នែក IT ប្រចាំជំនាន់របស់ខ្លួន។
ភ្លើងមហិច្ឆតារៀន IT របស់យុវតីរូបនេះ នៅមិនទាន់រលត់ ដោយឆ្នាំ ២០១៤ ក៏បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត ជំនាញ Social Inforamatics រយៈពេល ២ឆ្នាំបន្តទៀត។
“បើគិតឲ្យច្បាស់មែនទែនទៅបង មនុស្សស្រីសឹងតែគិតម៉ត់ចត់និងពូកែវិភាគជាងមនុស្សប្រុសទៀតលើផ្នែក IT ហ្នឹង។ ពេលឮគេនិយាយមិនល្អម្តងៗ ថាស្រីៗមិនគួររៀន IT រឹតតែធ្វើឲ្យញុម (ខ្ញុំ) ចង់ជម្នះការមើលស្រាលទាំងអស់ហ្នឹងមែនទែន ”។
យុវតីមុខកាត់ចិនរូបនេះ ថាខ្លួនតែងសម្លឹងមើលសិស្សច្បងស្រ្តីៗមួយចំនួនដែលចាប់ជំនាញ IT ហើយទទួលបានជោគជ័យ និងមានតួនាទីសំខាន់ក្នុងសង្គម ទើបខ្លួនមានកម្លាំងចិត្តរឹតតែខិតខំរៀនមិនឲ្យចាញ់បុរសៗ។
ការសិក្សាផ្នែក Social Informatics នៅជប៉ុន នឹងធ្វើឲ្យរចនាមានជំនាញក្នុងការដោះស្រាយបញ្ហាសង្គម និងដំណោះស្រាយអាជីវកម្ម ដោយប្រើបច្ចេកវិទ្យាទំនើប។ ជំនាញនេះផ្ដោតលើការបង្កើត System ឲ្យមានភាពឆ្លាតវៃ អាចដោះស្រាយបញ្ហាផ្សេងៗបានដោយខ្លួនឯង ហើយទិន្នន័យទាំងអស់អាចរក្សាទុកសម្រាប់ទុកធ្វើផែនការអភិវឌ្ឍអាជីវកម្មផ្សេងៗទៅថ្ងៃមុខ។
រចនាក៏ចង់ឲ្យយុវតីខ្មែរទាំងអស់ដែលចង់ចាប់ជំនាញ IT ត្រូវរឹងមាំនិងមានគោលដៅច្បាស់លាស់ ទើបមិនបរាជ័យក្នុងការសិក្សាជំនាញ ដែលគ្រប់គ្នាធ្លាប់មើលស្រាលលើស្រ្តីនេះ។ រចនា ជឿជាក់ថា ទៅថ្ងៃមុខបច្ចេកវិទ្យានឹងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ហើយស្ត្រីក៏ជាផ្នែកសំខាន់ក្នុងនោះដែរ៕
អាន៖ អ្នកវិទ្យាសាស្ត្រស្ត្រីវ័យក្មេង ទេស ពុទ្ធីរ៉ា ប្រាប់គន្លឹះរៀន IT ឱ្យពូកែ
អត្ថបទ៖ ប៉ែត ផាន់និត
រូបភាព៖ ផ្តល់ឲ្យដោយសាមីខ្លួន