អ្នកវិទ្យាសាស្ត្រស្ត្រីវ័យក្មេង ទេស ពុទ្ធីរ៉ា ប្រាប់គន្លឹះរៀន IT ឱ្យពូកែ
- 2016-09-05 17:56:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រស្ត្រីវ័យក្មេង ទេស ពុទ្ធីរ៉ា ប្រាប់គន្លឹះរៀន IT ឱ្យពូកែ
ចន្លោះមិនឃើញ
កញ្ញា ទេស ពុទ្ធីរ៉ា ជាអតីតនិស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធ្លាប់ទទួលបានជ័យលាភីមេដាយមាសកម្មវិធីហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងប្រចាំឆ្នាំ ២០១៤ ចែករំលែកគន្លឹះរៀនជំនាញ IT ឱ្យពូកែនិងជោគជ័យ។
កញ្ញា ទេស ពុទ្ធីរ៉ា បានប្រាប់ឱ្យដឹងថា "ជំនាញ IT ឬវិទ្យាសាស្ត្រកុំព្យូទ័រជាជំនាញដែលទាមទារភាពអត់ធ្មត់និងព្យាយាមខ្លាំង ដូចនេះអ្វីដែលសំខាន់គឺឆ្ងល់ត្រង់ណា ព្យាយាមស្រាវជ្រាវនិងសាកសួរមិត្តភក្ដិ ឬសាស្ត្រាចារ្យពីចម្ងល់នោះ"។
យុវតី ពុទ្ធីរ៉ា មានស្រុកកំណើតនៅខេត្តកណ្ដាលនិងបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យហ៊ុនសែនសេរីភាព ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដោយទទួលបាននិទ្ទេសល្អបង្គួរ (B) ព្រមទាំងទទួលបានអាហារូបករណ៍រៀនជំនាញ IT ឬវិទ្យាសាស្ត្រកុំព្យូទ័របួនឆ្នាំនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យុវតីសម្បុរស្រអែមរូបនេះបញ្ជាក់ថា កញ្ញាជំនះចាប់ជំនាញព័ត៌មានវិទ្យាទាំងមិនចេះប្រើកុំព្យូទ័រសូម្បីតែបន្តិច។ រៀនមួយសបា្តហ៍ដំបូង មានអារម្មណ៍ពិបាកខ្លាំងជាពិសេសមុខវិជ្ជាសរសេរកូដ និងគិតចង់បោះបង់ចោលទៅហើយ។ ប៉ុន្តែដោយសារការដាក់ចិត្តដាក់កាយចង់ចាប់ជំនាញ IT រួមទាំងដឹងថាខ្លួនឯងមានមូលដ្ឋានគ្រឹះផ្នែកគណិតវិទ្យា និងរូបវិទ្យាខ្លះពីវិទ្យាល័យ កញ្ញាក៏សម្រេចចិត្តរៀន រហូតទទួលបានពិន្ទុខ្ពស់និងការកោតសរសើរពីសាស្ត្រាចារ្យនិងមិត្តភក្ដិ។
ការជម្រុញលើកទឹកចិត្តពី ឳពុកម្តាយ និងសាស្ត្រាចារ្យ អំឡុងពេលឆ្នាំទីពីរ ពុទ្ធីរ៉ា ចាប់បានឳកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូងរយៈពេលមួយឆ្នាំ (Exchange Program) ដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សាជាមួយនិស្សិតបរទេស។ រនាំភាសា និងការសិក្សាជាពិសេសមុខវិជ្ជា iOS Application ជាមុខវិជ្ជាថ្មីកញ្ញាតស៊ូរៀនស្វ័យសិក្សាជាមួយមិត្តភក្តិដល់ថ្ងៃខ្លះដាច់យប់ក៏មាន រហូតជាប់ Top 3 ក្នុងថា្នក់ ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅកូរ៉េក្នុងឆ្នាំ ២០១៤ កញ្ញាបានត្រឡប់មកចូលរៀនឆ្នាំទីបីបន្តនៅភូមិន្ទភ្នំពេញ និងបានដាក់ពាក្យប្រកួតប្រជែងកម្មវិធីហុងដា សម្រាប់អ្នកវិទ្យាសាស្ត្រនិងវិស្វករវ័យក្មេង(Honda Y-E-S Award 2014) រហូតទទួលបានជ័យលាភីមេដាយមាស និងប្រាក់រង្វាន់លើកទឹកចិត្ត ៣០០០ ដុល្លារ។
ពុទ្ធីរ៉ាកាន់តែមានទំនុកចិត្ត និងបានដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែងគម្រោងអាជីវកម្មថ្នាក់ជាតិប្រចាំឆ្នាំ ២០១៥ (National Business Plan Competition) ជាមួយមិត្តភក្ដិមួយក្រុមដោយលើកយក គម្រោងធ្វើអាជីវកម្មទំនើបបែបវិទ្យាសាស្ត្រ ដែលមានបេក្ខភាពចូលរួមដល់ទៅ ១៦ ក្រុមផ្សេងទៀត រហូតបានជាប់ជ័យលាភីទទួលបានពានគម្រោងអាជីវកម្មល្អមួយ លិខិតបញ្ជាក់ការចូលរួមម្នាក់មួយសន្លឹក និងប្រាក់រង្វាន់លើកទឹកចិត្ត ៥០០០ ដុល្លារបន្ថែមទៀត។
បច្ចុប្បន្ន ពុទ្ធីរ៉ា បានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានគម្រោងធ្វើ Start Up ថ្មីៗជាលក្ខណះឯកជន រួមទាំងបានបង្កើតហ្គេមមួយឈ្មោះថា OOD or EVEN និងកម្មវិធីមួយទៀតឈ្មោះថា Khmer Resort ជាមួយសមាជិកក្រុមសម្រាប់ប្រើនៅលើ Play Store។
ក្នុងនាមជា យុវជនរៀមច្បងរៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ កញ្ញាចង់ឱ្យប្អូនស្រីៗ ចាប់អារម្មណ៍លើជំនាញនេះឬជំនាញបច្ចេកទេសផ្សេងទៀតឱ្យបានច្រើន ត្រូវមានភាពក្លាហាន កុំគិតថាជំនាញសម្រាប់តែសិស្សប្រុស ត្រូវមានគោលដៅច្បាស់លាស់លើជំនាញនោះ ហ៊ានសួរគេ និងរៀនពីមនុស្សពូកែៗនៅជុំវិញខ្លួន និងត្រូវព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព៕
ចុចអាន៖ តាំងម៉េង ធ្វើការនៅសិង្ហបុរី សង្ឃឹមបានបទពិសោធន៍ បើកក្រុមហ៊ុននៅស្រុកកំណើត
រូបភាព៖ Tes Puttira
អត្ថបទ៖ រក្សា