តាំងម៉េង ធ្វើការនៅសិង្ហបុរី សង្ឃឹមបានបទពិសោធន៍ បើកក្រុមហ៊ុននៅស្រុកកំណើត
- 2016-08-17 16:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងម៉េង ធ្វើការនៅសិង្ហបុរី សង្ឃឹមបានបទពិសោធន៍ បើកក្រុមហ៊ុននៅស្រុកកំណើត
ចន្លោះមិនឃើញ
តាំង ម៉េង អ្នកជំនាញផ្នែកបង្កើតកម្មវិធី Android នៅសិង្ហបុរីសង្ឃឹមនឹងមានលទ្ធភាពបើកជំនួញផ្ទាល់ខ្លួននៅកម្ពុជា ក្រោយទទួលបានបទពិសោធន៍ច្រើនពីសិង្ហបុរី។
បច្ចុប្បន្នអតីតនិស្សិតអាហារូបករណ៍ផ្នែកវិស្វករកុំព្យូទ័រនៅសាកលវិទ្យាល័យ Nanyang សិង្ហបុរីរូបនេះ បានបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅក្នុងប្រទេសកូននាគអាស៊ីនេះរយៈជាង ២ឆ្នាំ ដើម្បីសន្សំបទពិសោធន៍សម្រាប់បើកជំនួញផ្ទាល់ខ្លួននៅប្រទេសកំណើត។
តាំង ម៉េង មានបំណងបង្កើតក្រុមហ៊ុនផ្ដល់ដំណោះស្រាយលើវិស័យបច្ចេកវិទ្យា ស្រដៀងគ្នានឹងក្រុមហ៊ុនដែលកំពុងបម្រើការងារនៅសិង្ហបុរីសព្វថ្ងៃ។ អ្នកបង្កើតកម្មវិធី Android រូបនេះបញ្ជាក់ថា ក្រុមហ៊ុនគ្រោងបើកនោះ ផ្តល់សេវាកម្មជាច្រើនដូចជា ដំឡើង Server វិបសាយ បង្កើតកម្មវិធីទូរសព្ទ និងសេវាកម្មផ្សេងទៀតទាក់ទងនឹង IT បម្រើដល់អតិថិជន។
អ្នកជំនាញ IT កូនកាត់ចិនរូបនេះថា ប្រហែល ៤ ទៅ ៥ ឆ្នាំទៅមុខ វិស័យ ICT នៅកម្ពុជានឹងកាន់តែធំទូលាយ នោះហើយជាពេលស័ក្ដិសមក្នុងការវិលត្រឡប់មកមាតុភូមិ ដើម្បីបើកក្រុមហ៊ុន និងរួមចំណែកអភិវឌ្ឍជាតិ។
មហិច្ឆតារបស់ ម៉េង មិនមែនត្រឹមតែធ្វើការសន្សំបទពិសោធន៍នៅក្រុមហ៊ុនសិង្ហបុរីប៉ុណ្ណោះទេ តែក៏ធ្លាប់មានបំណងធ្វើការនៅក្រុមហ៊ុន Facebook និង Google ដើម្បីមានអាចអភិវឌ្ឍន៍ខ្លួន តែបច្ចុប្បន្នឱកាសមិនទាន់អំណោយផលល្អសម្រាប់អ្នកអភិវឌ្ឍកម្មវិធីវ័យក្មេងរូបនេះនៅឡើយ។ យ៉ាងណា តាំង ម៉េង នៅតែមិនអស់សង្ឃឹម ដោយថានឹងដាក់ពាក្យធ្វើការនៅក្រុមហ៊ុនយក្សទាំងពីរនេះម្តងហើយម្តងទៀត ឲ្យទាល់តែជាប់៕
អាន៖ តាំង ម៉េង៖ “ខ្ញុំនឹងដាក់ពាក្យម្តងហើយម្តងទៀត ឲ្យជាប់ការងារនៅ Facebook ឬ Google ”
អត្ថបទ៖ ប៉ែត ផាន់និត
រូបថត៖ ផ្តល់ឲ្យ