តាំង ម៉េង៖ "ខ្ញុំ​នឹង​ដាក់​ពាក្យ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ជាប់​ការងារ​នៅ Facebook ឬ Google ”

  • 2016-08-04 14:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​និស្សិត​ផ្នែក IT នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Facebook ឬ Google ខណៈ​បច្ចុប្បន្ន​កំពុង​សន្សំ​បទ​ពិសោធន៍​ការងារ​ផ្នែក Android Developer នៅ​ប្រទេស​សិង្ហបុរី។

 

 

ក្រោយ​រៀន​ផ្នែក​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន ITC បាន​មួយ​ឆ្នាំ ម៉េង​បាន​ទទួល​​អាហារូបករណ៍​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang សិង្ហបុរី​ក្នុង​ឆ្នាំ ២០១០។ ពេល​ចប់​ថ្នាក់​បរិញ្ញាបត្រ វិស្វករ​កុំព្យូទ័រ នៅ​ឆ្នាំ ២០១៤ គេ​ក៏​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​មួយ​នៅ​សិង្ហបុរី​រហូត​ដល់​បច្ចុប្បន្ន។

 

ដោយ​មើល​ឃើញ​ពី​សក្ដានុពល​និង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​លើ​វិស័យ ICT ក្នុង​ក្រុមហ៊ុន Facebook និង Google  យុវជន​រូប​នេះ​បាន​ខិត​ខំ​សន្សំ​បទ​ពិសោធន៍​ផ្នែក​បង្កើត​កម្មវិធី​ពី​ប្រទេស​សិង្ហបុរី ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទាំង​នោះ​បាន។

 

តាម​ពិត​ទៅ តាំង ម៉េង សារភាព​ថា​ កន្លង​មក​រូប​គេ​បាន​ធ្លាប់​បាន​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​ពីរ​នេះ​រួច​មក​ហើយ តែ​មិន​បាន​ផ្លែផ្កា​អ្វី​ទាល់​តែ​សោះ។ នេះ​ដោយ​សារ​រូប​គេ​នៅ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ សមស្រប​តាម​តម្រូវ​ការ​របស់ Facebook និង Google។

 

យ៉ាងណា អ្នក​បង្កើត​កម្មវិធី​វ័យ​ក្មេង​រូប​នេះ​ថា​​នឹង​ប្រឹងប្រែង​រៀន​សូត្រ​និង​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំងក្លា ដើម្បី​អាច​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណាមួយ​ខាង​លើ​ឲ្យ​បាន​ ពេល​អនាគត។ តាំង ម៉េង ថា រូប​គេ​ត្រូវ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​មួយ​ទៀត​ត្រូវ​ហ្វឹកហាត់​សម្រាប់​ពេល​សម្ភាសន៍។

 

“ខ្ញុំ​ធ្លាប់​បាន​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​រួច​មក​ហើយ តែ​មិន​ដែល​ទទួល​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ។ នេះ​មាន​ន័យ​ថា មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់។ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​សន្សំ​បទ​ពិសោធន៍​ឲ្យ​បាន​យ៉ាង​ហោច ៣ ឆ្នាំ ហើយ​ដាក់​ពាក្យ​ម្តង​ទៀត។ បើ​ធ្លាក់ ខ្ញុំ​ដាក់​ពាក្យ​ទៀត...ដាក់​ម្តង​ហើយ​ម្តង​ទៀត"។ ដរាប​ណា​ខ្ញុំ​តស៊ូ និង​តែងតែ​អភិវឌ្ឍ​ខ្លួន​ឯង ឱកាស​នឹង​មាន​សម្រាប់​ខ្ញុំ"។

 

តាំង ម៉េង ធ្លាប់​បាន​បង្កើត​កម្មវិធី Android ផ្ទាល់​ខ្លួន​និង​សម្រាប់​អតិថិជន​ជា​ច្រើន រហូត​អាច​និយាយ​ថា មាន​បទ​ពិសោធន៍​ច្រើន​គួរសម​ខាង​ការ​បង្កើត​កម្មវិធី​លើ Android។ យ៉ាងណា​សមត្ថភាព​នៅ​មិន​ទាន់​ខ្លាំង​ល្មម​អាច​ធ្វើ​ការ​នៅ Facebook ឬ Google បាន​នោះ​ទេ តែ តាំង ម៉េង ​នៅ​មិន​អស់​សង្ឃឹម ហើយ​បាន​ប្ដេជ្ញា​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​បាន​សម្រេច​ក្តី​សុបិន​នេះ៕

 

អាន៖ អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

 

អត្ថបទ៖ ប៉ែត ផាន់និត

រូប​ថត៖ ផ្តល់​ឲ្យ