អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

  • 2016-07-27 13:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា ឡង់ដា ដែល​ជា​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ បាន​ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង តាម​រយៈការ​បង្កើត​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញ ទទួល​បាន​ជយលាភី​លេខ ១​ពាន​រង្វាន់ Cambodia ICT Award ប្រចាំ​ឆ្នាំ ២០១៦។

 

 

 

@ប្រវត្តិការសិក្សា​និង​ការងារ

 

យុវជន ជា ឡង់​ដា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ២០០៧-២០០៨ នៅ​វិទ្យាល័យ ព្រះយុគន្ធរ ក្នុង​ក្រុង​ភ្នំពេញ​ដោយ​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ (D) និង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​​វិទ្យាសាស្ត្រ​​កុំព្យូទ័រ​​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ជំនាញ​អក្សរ​សាស្រ្ត​​អង់​គ្លេស​មួយ​ទៀត នៅ​វិទ្យាស្ថានភាសាបរទេស។

 

 

 

ក្នុង​ឆ្នាំ ២០១០ កំឡុង​ពេល​កំពុង​រៀន​ឆ្នាំ​ទី​បី ​ឡង់​ដា ធ្លាប់​បាន​ទទួល​ការងារ​ជា​អ្នកសរសរ​កម្មវិធី​បង្កើត​វិបសាយ​ជា​លក្ខណះ​ឯកជន (Freelancer) ឱ្យ​ក្រុមហ៊ុន អង្គការ និង​ស្ថាប័ន​មួយ​ចំនួន ដែល​ទទួល​បាន​កម្រៃ​ចន្លោះ​ពី ៥០០ ដុល្លារ​ទៅ ១ ៥០០ ដុល្លារ​អាស្រ័យ​លើ​ទំហំ​ការងារ។

 

បន្ត​មក​ទៀត ឡង់​ដា ក៏​បានក្លាយ​ជា Web Developer នៅ​ក្រុមហ៊ុន​សន្តិសុខ​មួយ​កន្លែង​ដែល​បាន​បម្រើការ​នៅ​ទីនោះ​អស់​រយៈពេល​ពីរ​ឆ្នាំ និង​ក្រុមហ៊ុន​ជប៉ុន​មួយ​ទៀត តំណែង​ជា IT Project Manager ទទួល​បន្ទុក​គ្រប់​គ្រង​ផ្នែក​បង្កើត​កម្មវិធី អស់​រយៈពេល​មួយ​ឆ្នាំ។

 

@បង្កើតស្នាដៃ​ថ្មី

 

ដោយ​មើល​ឃើញ ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ ទិញ​សំបុត្រ​ឡាន​ក្រុង​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ម្តងៗ យុវជន​សម្បុរស្រអែម​រូប​នេះ បាន​ព្យាយាម​បង្កើត​កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង​អស់​រយៈពេល ៥ ខែ​ពោល​គឺ​តាំង​ពី​ដើម​ខែ ឧសភា​រហូត​ដល់ខែ តុលាឆ្នាំ​២០១៥​ទើប​រួច និង​បាន​យក​ទៅ​ដាក់​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជាប្រចាំ​ឆ្នាំ ២០១៦ (Cambodia ICT Award 2016) ​រហូត​ទទួល​បាន​ជយលាភីមេដាយមាស​ផ្នែក​ការ​បង្កើត​ធុរកិច្ច (ក្រុមហ៊ុន​ទើប​បង្កើត) និង​ទឹកប្រាក់ ៥ ០០០ ពាន់​ដុល្លារ​។

 

​កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង​ (BookMeBus) បាន​ដៃ​គូ​សហការ​ជាង ២៧ ក្រុមហ៊ុន​ព្រម​ទាំង​ទទួល​បាន​ចំណូល​គួរ​សម។

 

 

 

 

ក្នុង​នាម​ជា​យុវជន​រៀម​ច្បង យុវជន ជា ឡង់​ដា បានលើក​ទឹក​ចិត្ត​ដល់​និស្សិត​ជំនាន់​ក្រោយឬអ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម គួរ​តែ​សាក​ល្បង​ចាប់​ពី​ឥឡូវ​នេះ ប៉ុន្តែ​ក៏​ត្រូវ​តែ​មាន​ដៃ​គូ ឬ​អ្នក​ដែល​មាន​ជំនាញ​ផ្សេងៗ តែ​គំនិត​ស្រដៀង​ៗ​គ្នា  រួម​ទាំង​បទពិសោធន៍​ពាក់ពន្ធ​យ៉ាង​តិច​ពីរ​ឆ្នាំ​ដែរ ដើម្បី​ឲ្យ​​ដំណើរការ ​អាជីវកម្ម​ទទួល​បាន​ជោគ​ជ័យ​។

 

ចុច​អាន៖ BookMeBus ​ជា​ជយលាភី Cambodia ICT Award 2016

ចុច​អាន៖ កុមារ​វ័យ​ ១៤ ឆ្នាំ​បាន​​រង្វាន់​ ១ ម៉ឺន​ដុល្លារ​ពី​ Google ​ក្រោយ​បង្កើត​​កម្មវិធី​​ដើរ​សមុទ្រ​

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម