ឡើង​សង្វៀន កាមេរ៉ា​ភ្លោះ iPhone 7 Plus, P9 Plus និង G5 មួយ​ណា​ខ្លាំង​ជាង?

  • 2016-09-21 13:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG G5, Huawei P9 Plus និង iPhone 7 Plus សុទ្ធ​ជា​កំពូល​ស្មាតហ្វូន​​កាមេរ៉ា​ភ្លោះ ដែល​ក្រុមហ៊ុន​ផលិត​​តែង​អួត​ពី​សមត្ថភាព​ផ្តិត​រូប​ភាព​ស្អាត​បែប Professional ព្រោះ​បំពាក់​សុទ្ធ​តែ​បច្ចេកវិទ្យា​ទំនើប​រៀងៗ​ខ្លួន។

 

 

LG G5

 

 

LG G5 ជា​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដែល​បាន​មក​ដល់​មុន​គេ បើ​ធៀប​នឹង Huawei P9 Plus និង iPhone 7 Plus។ កាមេរ៉ា​ទី​មួយ (ស្តង់ដារ) ទំហំ 16MP ផ្តល់ Angle ទំហំ ៧៥ដឺក្រេ សម្រាប់​ផលិត​រូបភាព​ទំហំ​ធម្មតា និង​កាមេរ៉ា​ទី​ពីរ​ទំហំ 8MP ផ្តល់​ទំហំ Angle ១៣៥ដឺក្រេ​ងាយ​ស្រួល​សម្រាប់​ការ​ថត​នៅ​កន្លែង​ចង្អៀត។

 

កាមេរ៉ា​ទាំង​ពីរ​របស់ G5 អាច​ធ្វើ​ការ​ដាច់​ដោយឡែក​និង​ឯករាជ្យ​ពេល​ថត​រូប​ម្តងៗ។ ប៉ុន្តែ​អ្នក​ប្រើ​អាច​កំណត់​ឲ្យ​កាមេរ៉ា​ទាំង​ពីរ​ដំណើរការ​ព្រម​គ្នា​បាន ពេល​ចង់​ថត​រូប​មួយ​ប៉ុស្តិ៍​មាន​ទំហំ Angle ពីរ​ផ្សេង​គ្នា​លើ​រូប​តែ​មួយ។ កាមេរ៉ា​ក្រោយ​ទាំង​ពីរ​ទំហំ 16 MP (f/1.8) និង 8 MP (f/2.4) អាច​ថត​រូប Low Light បាន​ល្អ​គ្រាន់​បើ។

 

Wide Angle ថត​ដោយ LG G5

 

ISO, Shutter Speed, Focus និង White Balance ជា​ដើម សុទ្ធ​តែ​អាច​កំណត់​បាន​លើ​ផ្ទៃ​អេក្រង់​កាមេរ៉ា G5។ ឯ​មុខងារ Digital Zoom និង Optical Zoom អាច​បង្ហាញ​ភាគ​ល្អិត (Detail) នៃ​រូប​ភាព​បាន​យ៉ាង​ច្បាស់។

 

រូប Low Light ថត​ដោយ LG G5 

 

Huawei P9 Plus Huawei P9 Plus ដែល​ដាក់​លក់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ល្បី​ខាង​ថត​រូប​ច្បាស់​មុខ​ព្រិល​ក្រោយ ដោយ​ប្រើ Lens កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 12MP។ បច្ចេកវិទ្យា​កាមេរ៉ា​របស់ P9 Plus ផលិត​ដោយ Leica ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​កាមេរ៉ា។ កាមេរ៉ា​ភ្លោះ​របស់ P9 Plus មាន​មួយ​ជា​ប្រភេទ​សិនស័រ​ចាប់​រូប​ស្តង់ដារ (Standard Color Sensor) និង​មួយ​ទៀត​ប្រភេទ​សិនស័រ​រូប​ស-ខ្មៅ (Monochrome)។

 

ពេល​កាមេរ៉ា​ទាំងពីរ​ច្របាច់​បញ្ចូល​គ្នា រូបភាព​នឹង​ទទួល​បាន​ពន្លឺ​បន្ថែម​ដល់​ទៅ ៣០០ ភាគរយ និង Contrast កាន់​តែ​ប្រសើរ​ដល់​ទៅ ៥០ភាគរយ។ ដូច្នេះ​ការ​ថត​រូប​នៅ​កន្លែង​មាន​ភ្លើង​តិច (Low Light) ពុំ​ជា​បញ្ហា​ខ្លាំង​ឡើយ​សម្រាប់ P9 Plus។

 

កាមេរ៉ា​របស់ P9 Plus ជា​ប្រភេទ Hybrid Focus System ច្របាច់​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា Focus ឡាស៊ែរ Depth និង Contrast រួម​គ្នា ដើម្បី​ផលិត​រូបភាព​បាន​យ៉ាង​ល្អ។

 

បើ​អូស​ទៅ​ឆ្វេង​និង​ទៅ​ស្តាំ អ្នក​នឹង​ឃើញ​មុខងារ​ជា​ច្រើន​លើ​កាមេរ៉ា​ស្មាតហ្វូន Huawei នេះ។ ជាក់ស្ដែង​បើ​ចុច​លើ​មុខងារ Light Painting នោះ​វា​នឹង​បង្ហាញ​មុខងារ​តូចៗ​ផ្សេង​ទៀត​ដូចជា Tail Lights, Light Graffiti និង Star Track ជា​ដើម។

 

 

Settings លើ​កាមេរ៉ា P9 Plus

 

ចំពោះ Depth of Field លើ P9 Plus អាច​កែ​ឲ្យ​ផ្ទៃ Background នៃ​រូបភាព​ថត​រួច​ទៅ​ជា​ព្រិល ហើយ Focusតែ​លើ Subject ឲ្យ​បាន​ច្បាស់ ខ្លាំង​ប្រហែល​នឹង​ពពួក​កាមេរ៉ា DSLR ដែរ។

 

រូប​ព្រិល Background ថត​ដោយ P9 Plus

 

 

 

iPhone 7 Plus

ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ចុង​ក្រោយ​គេ​គឺ iPhone 7 Plus។ iPhone ស៊េរី​ថ្មី​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​នេះ ជា​ស្មាតហ្វូន​ប្រចាំ​ត្រកូល Apple ដែល​បំពាក់ Lens ៦ជាន់ ភ្លើង​ហ្វ្លាស់ ៤គ្រាប់ និង​ល្បី​ថា​ផលិត​​រូប​បាន​ល្អ​មិន​ចាញ់ ស្មាតហ្វូន​កំពូល​ពីរ​ម៉ូដែល​រៀបរាប់​ខាង​លើ​ឡើយ ពិសេស​រូប​ភាព Low Light។

 

 

កាមេរ៉ា​ក្រោយ​ទី ១ របស់ iPhone 7 Plus ជា​ប្រភេទ​ស្តង់ដារ​ទំហំ Lens ២៨ម.ម សម្រាប់​ផលិត​រូប​ធម្មតា និង​មួយ​ទៀត​ជា​ប្រភេទ Telephoto មាន​ទំហំ Lens ៥៦ម.ម។ ចំពោះ Optical Zoom របស់​វា​អាច​ពង្រីក​រូប​បាន 2X និង Digital Zoom បាន​រហូត 10X ដោយ​អាច​រក្សា​គុណភាព​រូប​បាន​ល្អ។

 

 

យ៉ាង​ណា​ចំពោះ​រូបភាព​ផលិត​ដោយ iPhone 7 Plus ហាក់​មិន​សូវ​ខុស​គ្នា​ខ្លាំង​នឹង iPhone 6s កាមេរ៉ា 12MP ឡើយ តែ​វា​ប្លែក​ត្រង់​កាមេរ៉ា​ភ្លោះ​ដែល​អាច Zoom ឆ្ងាយ​បាន​ល្អ​ជាង។

 

បច្ចុប្បន្ន មុខងារ​ធ្វើ​ឲ្យ​រូប​ច្បាស់​មុខ​ព្រិល​ក្រោយ (Depth of Field) លើ 7 Plus មិន​ទាន់​មាន​នៅ​ឡើយ​ទេ រង់​ចាំ​ការ​អាប់ដេត​ពេល​ក្រោយ​ពី Apple។ មុខងារ​នេះ​ក៏​អាច​សារ៉េ​ផ្ទៃ Background នៃ​រូប​ភាព​ថត​រួច ឲ្យ​ព្រិល និង Focus Subject ឲ្យ​បាន​ច្បាស់ មិន​ខុស​គ្នា​នឹង P9 Plus ឡើយ។ Aperture កាមេរ៉ា​ក្រោយ​ទាំង​ពីរ f/1.8 និង f/2.8 អាច​ឲ្យ 7 Plus ថត​រូប Low Light បាន​ភ្លឺ​ល្អ​គួរ​សម។

 

រូប Low Light 

 

សរុប​មក​វិញ កំពូល​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ទាំង​៣ ដែល​រៀបរាប់​ខាង​លើ សុទ្ធ​តែ​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ទំនើប​ពិសេស​រៀងៗ​ខ្លួន។ ចំពោះ​ខ្ញុំ​ផ្ទាល់ ចូល​ចិត្ត​ប្រើ​ទូរសព្ទ​មាន​អេក្រង់​ធំ ដូច្នេះ P9 Plus និង iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ ប្រហែល​ជា​ជម្រើស​ដំបូង តែ​សម្រាប់​អ្នក​ចូលចិត្ត​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​អេក្រង់​តូច​ល្មម LG G5 ជា​ជម្រើស​ល្អ។

 

P9 Plus និង 7 Plus សុទ្ធ​តែ​កាមេរ៉ា​ខ្លាំង តែ​បើ​និយាយ​ពី​មុខងារ Settings លើ​កាមេរ៉ា iPhone 7 Plus មិន​សូវ​មាន​ច្រើន​ដូច P9 Plus ឡើយ។ ដូច​រៀបរាប់​ខាងលើ កាមេរ៉ា P9 Plus មាន​មុខងារ​ជា​ច្រើន ដែល​អាច​ឲ្យ​អ្នក​សារ៉េ​ថត​រូប​ផ្សេងៗ​គ្នា​បាន​យ៉ាង​ល្អ។

 

និយាយ​តាម​ត្រង់​តាម​ពិត​ខ្ញុំ​ស្រឡាញ់ iPhone 7 Plus កាមេរ៉ា​ភ្លោះ តែ​ពេល​គិត​ពី​មុខងារ​កាមេរ៉ា Huawei P9 Plus ខ្លាំង​ជាង​ហើយ​ថាមពល​ថ្ម 3400mAh ក៏​អាច​ប្រើ​សម្រាប់​ថត​រូប​បាន​យូរ​ដែរ បើ​ធៀប​នឹង iPhone 7 Plus ថាមពល​ថ្ម 2900mAh និង LG 2800mAh។ ក្នុង​ចំណោម G5 និង iPhone 7 Plus ខ្ញុំ​យល់​ថា P9 Plus កាមេរ៉ា​ខ្លាំង​ជាង ព្រោះ​មាន​មាន​មុខងារ​ច្រើន ពិសេស​មុខងារ​ថត​ភ្លើង​ជា​ខ្សែ (Tail Light) និង​ថត​ផ្កាយ​ពេល​យប់ (Star Track)។ ដូច្នេះ P9 Plus ជា​ជម្រើស​ទី១ សម្រាប់​ខ្ញុំ​ហើយ​តម្លៃ​ក៏​ធូរ​ថ្លៃ​ជាង។

 

សម្រាប់​អ្នក​ចូលចិត្ត​ស្មាតហ្វូន​អេក្រង់​ធំ កាមេរ៉ា​ភ្លោះ​មិន​សូវ​មាន​មុខងារ​ច្រើន​រញ៉េរញ៉ៃ iPhone 7 Plus ជា​ជម្រើស​ដ៏​ស័ក្ដិសម តែ​តម្លៃ​លើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន ១ ៣០០ ដុល្លារ ថ្លៃ​ជាង​គេ​បើ​ធៀប​នឹង G5 ប្រហែល ៥២០ ដុល្លារ និង P9 Plus ប្រហែល ៥៨០ ដុល្លារ៕

 

ដោយ៖ ប៉ែត ផាន់និត ប្រភព៖ បរទេស

អត្ថបទពេញនិយម