និទាន "ពស់វែក" ផ្ដល់មេរៀនអប់រំសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា
- 2016-09-23 21:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និទាន "ពស់វែក" ផ្ដល់មេរៀនអប់រំសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា
ចន្លោះមិនឃើញ
ជាងឈើម្នាក់បានបិទទ្វារោងធ្វើការរបស់គាត់បន្ទាប់ពីបញ្ចប់ការងារពេញមួយថ្ងៃ។ ភ្លាមនោះពស់វែកមួយបានវាសសៀរចូលក្នុងរោងនោះ។
នៅពេលនោះពស់វែកឃ្លានខ្លាំងនិងសង្ឃឹមថារកបានចំណីណាមួយចម្អែតក្រពះរបស់ខ្លួន។ វាបានវារពីជ្រុងម្ខាងទៅជ្រុងម្ខាង ហើយក៏ស្រាប់តែប៉ះចុងពូថៅមុខពីរមួយដោយចៃដន្យ ធ្វើឲ្យមានរបួសខ្លួនបន្តិច។
ដោយសារកំហឹង និងចង់សងសឹក ពស់វែកនោះបានបញ្ចេញធ្មេញខាំផ្លែពូថៅមួយទំហឹង។ ប៉ះជាមួយផ្លែពូថៅដែក ពស់វែកបានត្រឹមតែរបួសមាត់ឈាមរហាច។ ក៏ប៉ុន្តែដោយកំហឹងកាន់តែខ្លាំង និងភាពក្រអឺតក្រទមរបស់ខ្លួន ពស់វែកបានប្រើកម្លាំងទាំងអស់របស់វារឹតពូថៅក្នុងបំណងចង់សម្លាប់ឲ្យស្លាប់។ លទ្ធផល ពស់វែកគឺជាអ្នកស្លាប់យ៉ាងអាណោចអាធ័ម។
ការស្លាប់របស់ពស់វែកមិនមែនដោយសារកំហុសអ្នកណាឡើយ ប៉ុន្តែដោយសារកំហឹងក្រេវក្រោធរបស់ខ្លួនឯង។
គំនិតអប់រំ៖
ជួនកាលពេលខឹង យើងព្យាយាមធ្វើបាបអ្នកដទៃប៉ុន្តែនៅពេលក្រោយមក ទើបយើងដឹងថាយើងធ្វើបាបខ្លួនឯងជាងធ្វើបាបគេទៅទៀត។ ដើម្បីជីវិតមានក្ដីសុខ ល្អបំផុតគួររៀនធ្វើមិនដឹងមិនឮសម្រាប់រឿងរ៉ាវ បញ្ហា ឬមនុស្សមួយចំនួន។ វាមិនចាំបាច់អ្វីដែលយើងត្រូវប្រតិកម្មតបតចំពោះគ្រប់រឿងដែលកើតឡើងនោះឡើយ ប៉ុន្តែត្រូវឈានថយមួយជំហាន និងសួរខ្លួនឯងថា តើបញ្ហានោះសមនឹងឲ្យយើងចំណាយកម្លាំងនិងពេលវេលាដើម្បីតបតដែរឬទេ? ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន នៅពេលអ្នកត្រូវសម្រេចចិត្តពេលដែលមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស