“មីងនី​នំគម​ឆ្ងាញ់” អ្នក​ស្រុក​ទ្រាំង​ ល្បី​ដល់​ស្រុក​បារាំង

  • 2016-09-24 23:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​គម​របស់ “មីង​នី” ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​ មាន​ការ​សរសើរ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក រហូត​ល្បី​ដល់​ស្រុក​បារាំង។

 

ជួប​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ដែល​បាន​ធ្វើ​ដំណើរ​ទៅ​​ភូមិ​គោកអំពៅ ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង ខេត្ត​តាកែវ ស្រ្តី​ដែល​អ្នក​ភូមិ​ស្គាល់​ឈ្មោះ​ថា "​មីងនី" ​បាន​បង្ហើប​ពី​អាថ៌កំបាំង​ដែល​ធ្វើ​នំគម​ស្រុក​ទ្រាំង​ឆ្ងាញ់​ល្បី​រហូត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​បារាំង​ថា ហេតុ​ដែល​ធ្វើ​ឲ្យ​នំ​គម​របស់​អ្នក​ស្រី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ដោយសារ​រសជាតិ​ឆ្ងាញ់​ និង​ភាព​ស្អាត​ដោយ​មិន​លាយឡំ​ ឬ​បន្ថែម​សារធាតុ​គីមី។

 

 

អ្នកស្រី​ថា នំគម​ដែល​អ្នក​ស្រី​ធ្វើ​ ជ្រើសរើស​យក​តែ​អង្ករ​ដំណើប​សុទ្ធ​ល្អ​។ ​ដោយ​ឡែក​ស្ករស​ ឬ​ស្ករត្នោត​វិញ ជ្រើសរើស​យក​តែ​ស្ករ​ថ្មី​ទើប​ធ្វើ​ឲ្យ​នំ​មាន​រសជាតិ​​ទាក់ចិត្ត​អ្នក​ញ៉ាំ។

 

នំគម​ដែល​ដែល​ស្រ្តី​រូប​នេះ​ធ្វើ​ មាន​ពីរ​ប្រភេទ​ គឺ​ស្នូល​ផ្អែម​ និង​ស្នូល​ប្រៃ។ នំ​ស្នូល​ផ្អែម​ ប្រើ​ស្ករស ឬ​ស្ករត្នោត​លាយ​ជាមួយ​ដូង​ចាស់​ល្មម (កុំ​យក​ទុំ​ពេក) ល្ងរ និង​ដំណាប់​ត្រឡាច​តិចៗ​ផង។ ចំណែក​នំ​ស្នូល​ប្រៃ​វិញ ប្រើ​សណ្តែក​ខៀវ​ដោយ​កិន​ឲ្យ​ម៉ត់ និង​ត្រាំ​អោយ​រីក​រយៈ​ពេល ២ ម៉ោង​ ទើប​ស្រង់​ទុក​អោយ​ស្ងួត​ល្អ​។ បន្ទាប់​មក​យក​សាច់​ជ្រូក​ចិញ្ច្រាំ​លាយ​ជាមួយ​បង្គា​ រួច​ឆា​បញ្ចូល​គ្នា​ជាមួយ​ស្លឹកខ្ទឹម​អោយ​ឆ្អិន ដើម្បី​បង្កើន​រសជាតិ។

 

ស្រ្តី​វ័យ​ជាង ៣០ ឆ្នាំ​បន្ត​ថា ការ​ធ្វើ​នំ​គម​របស់​អ្នក​ស្រី​ ក្រៅ​ពី​គិត​គូរ​លើ​​រសជាតិ ការ​វេច​ខ្ចប់​ក៏​គិត​សំខាន់​លើ​សុខភាព​អ្នក​ទទួល​ទានដែរ​ ដោយ​ខ្ចប់​ស្លឹក​ចេក​សុទ្ធ។

 

 

 

នំ​គម​របស់​ស្រ្តី​នៅ​ខេត្ត​តាកែវ​រូប​នេះ ក្រៅ​ពី​មាន​ការ​ពេញ​និយម​ពី​បង​ប្អូន​ខ្មែរ​នៅ​បារាំង​ ពលរដ្ឋ​មក​ពី​បណ្តា​​ខេត្ត និង​រាជធានី​ភ្នំពេញ​ ក៏​ទទួល​ស្គាល់​ស្នាដៃ​ធ្វើ​នំ​គម​គាត់​ថា​មាន​​រសជាតិ​ឆ្ងាញ់​ដែរ។

 

ក្នុង​រដូវ​ភ្ជុំ​​ឆ្នាំ​នេះ​​ បើ​តាម​ស្រ្តី​រូប​នេះ​អះអាង​ថា មាន​ការ​បញ្ជា​ទិញ​ច្រើន​ ​ខ្លះ​ទូរសព្ទ​ប្រាប់​បង​ប្អូន​​​ផ្ញើ​ទិញ​ ​ហើយ​ម្នាក់ៗ ​កុម្ម៉ង់​មិន​តិច​ជាង ​៦០០នំ​ទេ ដែល​​ភាគ​ច្រើន​​អ្នក​​ភ្នំពេញ ​និង​ខ្លះ​ទៀត​នៅ​បរទេស​​ដូចជា​បារាំង​អី​ជា​ដើម។

 

ចំពោះ​តម្លៃ​វិញ​​ស្រ្តី​រូប​នេះ​បញ្ជាក់​ថា នំ​មួយ​ថ្លៃ ៥០០ រៀល បើ​ទិញ​ច្រើន​មាន​ការ​បញ្ចុះ​ទៅ​តាម​ហ្នឹង។

 

អត្ថបទៈ ជិន វេន