Ice Park Skating School ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​អាហារូបករណ៍​៦១នាក់ ត្រី​មាស​ទី​៣

  • 2016-09-26 20:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​បង្រៀន​ជិះ​ស្គី​ទឹក​កក (Ice Park Cambodia) បាន​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​អាហារូបករណ៍​ឆ្នាំ​២០១៦ ចំនួន ៦១ នាក់ ​អាយុ​ពី៦ឆ្នាំ ដល់​១២​ឆ្នាំ ដែល​បាន​បញ្ចប់​ត្រី​មាស​ទី​៣ និង​ទទួល​បាន​ជោគជ័យ​នៃ​ជំនាញ​ជិះ​ស្គី​ទឹក​កក កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា នៅ​ទី​លាន Ice Park Cambodia ជាន់​ទី​៤ ផ្សារ​ទំនើប​អ៊ីអន។

 

សិស្ស​ទាំង​អស់​បាន​ទទួល​វិញ្ញាបនបត្រ​ទៅ​តាម​កម្រិត​ធ្វើ​តេស្ដ​របស់​ពួកគេ​ ហើយ​ត្រឹម​ត្រី​មាស​ទី​៣ នេះ Ice Park Cambodia បាន​ហ្វឹកហាត់​សិស្ស​ជោគ​ជ័យ​ដល់​កម្រិត​ចំនួន​៤​៖ កម្រិត​១៖ Pre-Alpha ចំនួន ៥ នាក់ (ស្រី​២​នាក់) កម្រិត​២៖ Alpha ចំនួន​២២​នាក់ (ស្រី​១៧​នាក់) កម្រិត​៣៖ Beta ចំនួន​១៩​នាក់ (ស្រី​១០​នាក់) កម្រិត​៤៖ Gamma ចំនួន​១៥​នាក់ (ស្រី​១០​នាក់) ។

 

 

 

អាហារូបករណ៍​សម្រាប់​ឆ្នាំ​២០១៦ នេះ នឹង​បន្ត​ត្រី​មាស​ទី​៤ នៅ​ថ្ងៃ​ទី​២៦ កញ្ញា និង​ចប់​ទាំង​ស្រុង​ត្រឹម​ត្រី​មាស​ទី​៤ នៅ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៦។

 

អាហារូបករណ៍​ថ្មី​ឆ្នាំ​២០១៧ នឹង​រៀបចំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​២ មករា ២០១៧។ អាហារូបករណ៍​ថ្មី​នេះ នឹង​ផ្តល់​ជូន​សិស្ស​អាយុ​ចាប់​ពី ៥ ឆ្នាំ ដល់ ១៧ ឆ្នាំ ខុស​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​សហព័ន្ធ​សង្ឃឹម​ថា កូរ៉េ​ខាង​ត្បូង​នឹង​មាន​កម្មវិធី​ហ្វឹកហាត់​ដល់​កីឡាករ​វ័យ​ក្មេង​ចាប់​ពី​អាយុ​១៣ ដល់​១៧​ឆ្នាំ ដូច​កាល​ពី​ដើម​ឆ្នាំ​២០១៦។ សហព័ន្ធ​ស្គី​ទឹក​កក​កម្ពុជា​ នឹង​កំណត់​ចំនួន​ត្រឹម​តែ​៥០​នាក់​ដំបូង​សម្រាប់​ត្រី​មាស​ទី​១ ព្រោះ​នៅ​មាន​សិស្ស​អាហារូបករណ៍​ចាស់​ដែល​ត្រូវ​នៅ​បន្ត​ហ្វឹកហាត់​បន្ថែម។ សហព័ន្ធ​ស្គី​ទឹក​កក​កម្ពុជា​នឹង​ប្រមូល​អត្តពលិក​ថ្នាល​ដែល​មាន​ជំនាញ​ខ្ពស់​ជាង​គេ មក​ហ្វឹកហាត់​ដាច់​ដោយ​ឡែក ហើយ​សហព័ន្ធ​សង្ឃឹម​ថា​កីឡាករ​ថ្នាល​នឹង​អាច​វិវត្ត​ និង​មាន​សមត្ថភាព​ពេញ​លេញ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម​២០២៣​បាន។

 

 

សហព័ន្ធ​​នឹង​រង់ចាំ​មើល​លទ្ធផល​អាហារូបករណ៍​ឆ្នាំ​២០១៧ នៃ​របាយការណ៍​ត្រី​មាស​ទី​១ ថា​តើ​មាន​ការ​រីក​ចំរើន​ដល់​កម្រិត​ណា ហើយ​សម្រាប់​ត្រី​មាស​ទី​២ សហព័ន្ធ​ស្គី​ទឹក​កក​កម្ពុជា​នឹង​បើក​ទទួល​សិស្ស​បន្ថែម​ទៀត​ដោយ​យោង​លើ​លទ្ធផល​នៃ​ត្រី​មាស​ទី​១។

 

ការ​ចុះ​ឈ្មោះ​សិស្ស​អាហារូបករណ៍​ឆ្នាំ​២០១៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ តុលា ២០១៦ ហើយ​​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៦។

 

ដោយ​ឡែក សិស្ស​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ពេល​នេះ នឹង​ចូលរួម​ប្រកួត​ជា​មិត្តភាព​ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៦ វេលា​ម៉ោង ២ រសៀល ដល់​ម៉ោង ៦ ល្ងាច នៅ​ទីលាន Ice Park Cambodia ជាន់​ទី​៤ ផ្សារ​ទំនើប​អ៊ី អន។ ការ​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៦។

 

ទន្ទឹម​នឹង​ការ​ទទួល​ពាក្យ​ចូល​ប្រកួត​នេះ Ice Park Cambodia ក៏​បើក​ការ​ទទួល​ពាក្យ​សម្រាប់​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Skate Bangkok នៅ​ថៃ ផង​ដែរ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ដល់​១១ ធ្នូ ២០១៦។ ហើយ​បន្ទាប់​ពី​ការ​វិល​ត្រលប់​មក​កម្ពុជា​វិញ Ice Park Cambodia នឹង​មាន​កម្មវិធី​ពិសេស​មួយ​ទៀត​មាន​រយៈ​ពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​កម្មវិធី Christmas Show 2016 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤-២៥ ធ្នូ ២០១៦ នៅ​ទីលាន Ice Park Cambodia ៕

 

 

 

 

អត្ថបទ៖ ដៃគូ​សហការ