ឌូបៃ ជះ​លុយ​១​ពាន់​លាន​ដុល្លារ សាង​សង់​​អគារ​ខ្ពស់​បំផុត​លើ​លោក​មួយ​ទៀត

  • 2016-10-13 14:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌូបៃ បាន​និង​កំពុង​តែ​ចាប់​ផ្តើម​ការ​សាង​សង់ អគារ​ខ្ពស់​កប់​ពពក​មួយ​ទៀត មាន​ឈ្មោះ​ថា «The Tower» ដែល​នឹង​មាន​កម្ពស់​ខ្ពស់​ជាង អគារ Burj Khalifa ដែល​បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក មាន​កម្ពស់ ៨២៨​ម៉ែត្រ។

 

អគារ The Tower

 

សំណង់​អគារ «The Tower» ដែល​មាន​ទីតាំង​ក្បែរ​ជម្រក​សត្វព្រៃ «Ras Al Khor National Wildlife Sanctuary» ស្ថិត​ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម នឹង​ចំណាយ​អស់​ប្រាក់​ប្រហែល ១​ពាន់​លាន​ដុល្លារ ក្នុង​ការ​សាង​សង់ ហើយ​អាច​ឲ្យ​យើង​មើល​ទេសភាព ៣៦០​ដឺក្រេ នៃ​ទីក្រុង​ឌូបៃ​ទៀត​ផង។

 

សេចក្តី​ថ្លែងការណ៍​មួយ ដែល​បាន​ចេញ​ផ្សាយ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នោះ បាន​និយាយ​ថា «The Tower» នឹង​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក (អាច​នឹង​មាន​កម្ពស់ ៩២៨​ម៉ែត្រ) នៅ​ពេល​ដែល​វា​បាន​សាងសង់​បញ្ចប់ នៅ​ក្នុង​ឆ្នាំ​២០២០។

 

លោក Mohamed Alabbar ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Emaar Properties ដែល​អភិវឌ្ឍ​គម្រោង​មួយ​នេះ បាន​និយាយ​ថា អគារ «The Tower» នឹង​បញ្ចប់​ការ​សាងសង់ មុន​ពេល​ពិព័រណ៍​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ (Expo 2020) មក​ដល់ ដែល​ទីក្រុង​ឌូបៃ កំពុង​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

 

លោក Mohamed Alabbar

 

អគារ The Tower

អគារ Burj Khalifa (មានកម្ពស់ ៨២៨ម៉ែត្រ)

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail