គ្រោះថ្នាក់ប្រើអ៊ីនធឺណិត WiFi ហាងកាហ្វេ ទិញទំនិញអនឡាញ
- 2016-10-18 16:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ប្រើអ៊ីនធឺណិត WiFi ហាងកាហ្វេ ទិញទំនិញអនឡាញ
ចន្លោះមិនឃើញ
ការប្រើអ៊ីនធឺណិត WiFi តាមហាងកាហ្វេ ដើម្បីបញ្ជាទិញទំនិញអនឡាញ ដោយមិនបានប្រុងប្រយ័ត្នជារឿងគ្រោះថ្នាក់បំផុត។
លោក ផាន់ណារិទ្ធអ្នកជំនាញផ្នែក ICT អះអាងថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាចនឹងត្រូវលួចយកគ្មានសល់ បើសិនពួកគេចេះតែភ្ជាប់ WiFi តាមហាងកាហ្វេនិងទីកន្លែងផ្សេងៗ ដោយមិនបានស្គាល់ប្រភព WiFi ផ្ដល់ឲ្យនោះច្បាស់លាស់។
លោក បញ្ជាក់ថា Hacker ខ្លះបានបង្កើតនិងបន្លំឈ្មោះ WiFi ហាងកាហ្វេដែលអ្នកប្រើប្រាស់បានភ្ជាប់។ នៅពេលអ្នកប្រើភ្ជាប់ទៅនឹង WiFi ក្លែងក្លាយ ដើម្បីបញ្ជាទិញឥវ៉ាន់អនឡាញ នោះទូរសព្ទឬកុំព្យូទ័ររបស់គេត្រូវគ្រប់គ្រងដោយងាយពីពួក Hacker។
វិធីសាស្រ្ត MITM Attack
វិធីសាស្ត្រកាន់តែទំនើបនិងគ្រោះថ្នាក់ជាងនេះ ដែល Hacker ជំនាញៗតែងធ្វើ គឺប្រើមធ្យោបាយ MITM Attack (Man-in-the-Middle Attack)។ វិធីនេះ Hacker បានបន្លំខ្លួននិងជ្រៀតចូលក្នុងការសន្ទនារវាងភាគីចំនួនពីរ (A និង B) ដែលកំពុងតែធ្វើប្រតិបត្តិការសាច់ប្រាក់ ដោយភាគីទាំងពីរមិនបានដឹងខ្លួន។ ដូច្នេះទិន្នន័យដែលភាគី A និង B ផ្ញើឲ្យគ្នាទៅវិញទៅមក នឹងត្រូវទទួលដោយ Hacker ទាំងស្រុង។
អ្វីដែលលោក ផាន់ណារិទ្ធ គិតថាមានសុវត្ថិភាពបំផុតពេលទិញទំនិញអនឡាញ អ្នកប្រើប្រាស់គួរប្រើអ៊ីនធឺណិតទូរសព្ទជាជាងប្រើ WiFi សាធារណៈតាមហាងកាហ្វេ។ បើសិនក្នុងករណីប្រើ WiFi តាមហាងផ្សេងៗ គប្បីបញ្ជាក់ជាមួយម្ចាស់ហាងឲ្យបានច្បាស់ពីប្រភព WiFi ដាក់ឲ្យប្រើនោះ៕
អត្ថបទ៖ ប៉ែត ផាន់និត