Pond’s (ផនស៍) ដែលជាម៉ាកផលិតផលថែរក្សាស្បែកមុខឈានមុខជាអន្តរជាតិបានរៀបចំព្រឹត្តិការណ៍ជ្រើសរើសកញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ ជាលទ្ធផល កញ្ញាឯក១រូបត្រូវបានជ្រើសរើសជាកញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ ក្នុងចំណោមកញ្ញាឯកទាំង២០រូប មកពីបណ្ដាខេត្តក្រុង រាជធានីនានាទូទាំងប្រទេស។
ព្រឹត្តិការណ៍កញ្ញាឯកកម្ពុជា ឆ្នាំ២០១៦នេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “សម្រស់ព្រះរាជាណាចក្រកម្ពុជានៃខ្ញុំ” ដោយមានការសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងបណ្ដាក្រុមហ៊ុននានា ដើម្បីទទួលស្គាល់អំពីសម្រស់ សោភ័ណភាព និងភាពសមសួននៃស្ត្រីខ្មែរនាសម័យទំនើបក្នុងពេលបច្ចុប្បន្ន។
លោក សោម ច័ន្ទណារ៉ាត ប្រធានគ្រប់គ្រងម៉ាកផលិតផលផនស៍នៃក្រុមហ៊ុនយូនីលីវើរកម្ពុជាបានថ្លែងថា៖ "យើងយល់ថា ស្ត្រីកម្ពុជាមានសម្រស់សែនផូរផង់ពីធម្មជាតិ ដូច្នេះការបង្ហាញសម្រស់ពិតៗតាមកម្មវិធីប្រកួតប្រជែងជាផ្លូវការបែបនេះ ធ្វើឱ្យស្ត្រីកម្ពុជារឹតតែត្រូវបានគេទទួលស្គាល់ពីសម្រស់របស់ខ្លួនថែមទៀត" ។
លោកបានបន្តថា៖ "យើងក៏សង្ឃឹមផងដែរថា កម្មវិធីបែបនេះនឹងជំរុញឱ្យស្ត្រីកម្ពុជាយើងកាន់តែមានភាពក្លាហាន ក៏ដូចជាការខិតខំប្រឹងប្រែង ដើម្បីថែរក្សាសម្រស់របស់ខ្លួន។ ទន្ទឹមនឹងនេះ យើងយល់ថា ការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលត្រឹមត្រូវ ដូចជាផលិតផល ផនស៍ (Pond’s) នេះជាដើមនឹងធ្វើឱ្យស្បែកសម៉ដ្ឋរលោង។"
ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ កញ្ញា ប៊ី សុធារី មកពីរាជធានីភ្នំពេញបានក្លាយជាជ័យលាភីកញ្ញាឯកកម្ពុជាឆ្នាំ២០១៦។ តាមរយៈការគ្រងតំណែងកញ្ញាឯកនេះ កញ្ញានឹងមានឱកាសតំណាងឱ្យប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីអន្តរជាតិនានា។
បន្ទាប់ពីបានគ្រងមកុដកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ កញ្ញា ប៊ី សុធារី បានថ្លែងថា កញ្ញាមានក្តីរំភើបជាពន់ពេក ដែលបានគ្រងតំណែងជ័យលាភីដ៏អស្ចារ្យនេះ ហើយសង្ឃឹមថានឹងខិតខំប្រឹងប្រែងពង្រីកកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យកាន់តែល្បីថែមទៀត តាមរយៈការចូលរួមនៅក្នុងកម្មវិធីអន្តរជាតិនាពេលខាងមុខ។
ម្ចាស់ជ័យលាភីរូបនេះក៏បានរៀបរាប់ទៀតថា៖ “ខ្ញុំចង់និយាយថា វាគឺជាមោទនភាពមួយដែលមានឈ្មោះព្រះរាជាណាចក្រកម្ពុជាយើងនៅលើឆាកអន្តរជាតិ ដែលអាចឱ្យពិភពលោកស្គាល់ថា ប្រទេសកម្ពុជាក៏អាចចូលរួមក្នុងកម្មវិធីឆាកអន្តរជាតិបានដែរ!”។
ក្រៅពីជ័យលាភីកញ្ញាឯក២០១៦ ក៏នៅមានការជ្រើសរើសកញ្ញាឯកសក់ស្អាត កញ្ញាឯកស្នាមញញឹមស្រស់ និងកញ្ញាឯកស្បែកស្អាតផងដែរ។ ជ័យលាភីសម្រាប់ចំណាត់ថ្នាក់នេះទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន២លានរៀល ពីសាប៊ូកក់សក់ Sunsilk ថ្នាំដុសធ្មេញ Close-up និងផលិតផល Vaseline៕
អត្ថបទ៖ ពាណិជ្ជកម្ម