“KFCAlwaysOriginal​” រក​ឃើញ​ម្ចាស់​ជយលាភី​ប្រកួត​វីដេអូ​ ភ្ជាប់​ជាមួយ​សារអភិរក្សវប្បធម៌ខ្មែរ

  • 2016-10-25 18:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ ​”KFCAlwaysOriginal” ​ត្រូវ​បាន​បិទ​បញ្ចប់​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៣​ តុលា​នេះ​ នៅ​ផ្សារ​ទំនើប​អ៊ីអន​ Lively Plaza ដោយ​រក​ឃើញ​ម្ចាស់​ជយលាភី​ចំនួន​៥​រូប​​ដែល​ជ្រើស​រើស​ចេញ​ពី​បេក្ខជន​៤០​រូប​​​ដែល​បាន​ដាក់​ប្រកួត​វីដេអូ​ខ្លី​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​រយៈពេល​កន្លង​មក​នេះ​។  

  បេក្ខជន​ទាំង​៤០​រូប​ដែល​បាន​ចូលរួម​ប្រកួត​បាន​បង្ហាញ​ពី​ប្រធានបទ​ផ្សេងៗ​គ្នា​ ដូចជា​ អាហារ​ខ្មែរ សិល្បៈ​ ម៉ូដ​សម្លៀក​បំពាក់​ខ្មែរ តន្ត្រី​ និង​ឧបករណ៍​តន្ត្រី​ខ្មែរ ពិធី​បុណ្យ​ខ្មែរ ។ល។ ក្រៅ​ពី​នេះ ក៏​នៅ​មានការ​ដាក់​ប្រកួត​​ស្នាដៃ​ចម្រៀង Original ​ និង​កំណាព្យ​ថ្មីៗ​​ផង​ដែរ។ ​គ្រប់​ស្នាដៃ​វីដេអូ​ទាំងនេះ​សុទ្ធតែ​បង្កប់​សារ​អប់រំ​ដល់​ការ​អភិរក្ស​វប្បធម៌ និង​ប្រពៃណី​​​ដែល​ជា​អត្ត​សញ្ញាណ​ជាតិខ្មែរ​យ៉ាង​ពិត​ប្រាកដ។   តាម​ឱ្យ​ដឹង​ពី​គណៈ​វិនិច្ឆ័យ​ដែល​មាន​សមាសភាព​ពី​ KFC និង​ Hybrid Advertising ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ប្រកួត​វីដេអូ​នេះ​ គឺ​មាន​វីដេអូ​ខ្លះ​ប្រើ​បច្ចេកទេស​ទទួល​បាន​ Like ដោយ​ស្វ័យប្រវត្តិ​ ដែល​ត្រង់​នេះ​គឺ​ជា​ភាព​មិន​យុត្តិធម៌​ចំពោះ​បេក្ខជន​ផ្សេង​ទៀត​។ ដូច្នេះ​ទើប​គណៈវិនិច្ឆ័យ​បាន​បង្កើត​លក្ខខណ្ឌ​ថ្មី​ដែល​វាយ​តម្លៃ​ទៅ​លើ​៧​ចំណុច​ រួម​មាន ប្រធាន ខ្លឹមសារ ដំណើរ​សាច់រឿង គុណភាព​នៃ​ការ​កាត់​វីដេអូ ពន្លឺ សំឡេង និង​សម្ភារៈ​ប្រើប្រាស់​ពាក់ព័ន្ធ​សាច់រឿង។​  

 

វីដេអូ​ជយលាភី​លេខ​១​ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​ស្រឡាញ់​ភាសា​ខ្មែរ“ ជា​ស្នាដៃ​របស់ ហ៊ត់ ថុនា​បាន​បង្ហាញ​អំពី​តម្លៃ​នៃ​ភាសាខ្មែរ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ដ៏​សំខាន់​បំផុត​មួយ។ នៅ​ក្នុង​ខ្សែ​វីដេអូ​ដ៏​ទាក់​ទាញ​នេះ ហ៊ត់ ថុនា បាន​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​ជុំវិញ​បញ្ហា​ដែល​យុវជន​ខ្មែរ​បោះបង់​លែង​ប្រើ​អក្សរ​ខ្មែរ​ដើម្បី​ភាព​ងាយស្រួល​របស់​ពួក​គេ ដោយ​អនុវត្ត “ខ្មែរ​រ៉ូម៉ាំង​នីយកម្ម” (ការ​ប្រើ​តួ​អក្សរ​អង់គ្លេស​កត់​សូរ​ខ្មែរ) នៅ​ក្នុង​បណ្ដាញ​សង្គម និង​កម្មវិធី​ឌីជីថល​ផ្សេងៗ​ទៀត។ ការ​លើក​ឡើង​នេះ​​បាន​បង្ហាញ​ថា ​បើ​សិន​យុវជន​បច្ចុប្បន្ន​មិន​ព្យាយាម​រក្សា​ ឬ​អភិរក្ស​អក្សរ​សាស្ត្រ​ខ្មែរ​ទេ ​គេ​នឹង​មិន​អាច​រក្សា​ភាសា​ជាតិ​ឱ្យ​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ឡើយ ហើយ​អត្ត​សញ្ញាណ​ខ្មែរ​ក៏​ត្រូវ​បាត់​បង់​ផង​ដែរ។   គណៈវិនិច្ឆ័យ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ ក្នុង​ការ​ជ្រើស​រើស​វីដេអូ​មួយ​នេះ​ជា​វីដេអូ​ជយលាភី​ ដោយ​ផ្ដល់​ពិន្ទុ​ខ្ពស់​ជាង​គេ​ទាំង​សាច់​រឿង និង​គុណភាព​វីដេអូ។   ​លោក Y.B Cheah នាយក​គ្រប់គ្រង​ទូទៅ​របស់​ KFC​ ខេម​បូឌា បាន​មាន​ប្រសាសន៍​ថា “វីដេអូ​របស់ ​ហ៊ត់ ថុនា ជា​ស្នាដៃ​ដែល​ល្អ​ជាង​គេ​ក្នុង​ចំណោម​ស្នាដៃ​ដែល​បង្ហាញ​អំពី​មរតក​ដើម​របស់​កម្ពុជា និង​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ​តំណាង​ឱ្យ​ជំនឿ​ចិត្ត​របស់​ KFC ដែល​តែង​តែ​បង្ហាញ​ពី​ភាព​ពិត និង​លើក​ទឹក​ចិត្ត ក៏​ដូចជា​លើក​តម្លៃ​មនុស្ស​យើង​ម្នាក់​ៗ ព្រម​ទាំង​ទទួល​ស្គាល់​អំពី​ជំនាញ​ផ្សេងៗ​គ្នា​របស់​មនុស្ស​យើង​ម្នាក់​ៗ​ថែម​ទៀត​ផង។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ចែក​រំលែក​ភាព​ច្នៃ​ប្រឌិត និង​ពេល​វេលា​ដើម្បី​ធ្វើ​ឱ្យ​គំនិត​របស់​ខ្លួន​លេច​ជា​រូបរាង​ឡើង។ សរុប​ជា​រួម ស្នាដៃ​ទាំងអស់​សុទ្ធ​តែ​មាន​ខ្លឹមសារ​អប់រំ​ល្អ ដើម្បី​បង្ហាញ​ពី​ការ​អភិរក្ស​វប្បធម៌​ខ្មែរ ហើយ​យើង​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​រំលេច​បង្ហាញ​ពី​ស្មារតី​អត្ត​សញ្ញាណ​ជាតិ​នេះ​ឡើង​សម្រាប់​យុវជន​យើង។”  

  ​​ចំពោះ​ជយលាភី​ទាំង​៥​រូប ជយលាភី​លេខ​១ ទទួល​បាន​ទូរសព្ទ​ iPhone7 មួយ​គ្រឿង ចំណែក​លេខ​២​ដល់​លេខ​៥ ទទួល​បាន​ទូរសព្ទ​ iPhone 6s Plus​ ម្នាក់​មួយ​គ្រឿង​។ ​ឈ្មោះ​និង​ស្នាដៃ​នៃ​ជយលាភី​ទាំង​៥​រួម​មាន​ ជយលាភីលេខ១​ លោក ហ៊ត់ ថុនា "ខ្ញុំ​ស្រលាញ់​អក្សរ​ខ្មែរ”​។ លេខ២​ ​កញ្ញា កេន សុធីតា "រនាតឯក”​។ លេខ៣ លោក ឯក សាម៉ឺឌី "របៀប​ចង​ក្បិន​​សម្រាប់​គុន​ល្បុក្កតោ​ខ្មែរ”​។ លេខ៤​ លោក សេង គីមហាន "របៀប​ធ្វើ​សម្ល​កកូរ​ខ្មែរ​”។ លេខ៥ លោក អ៊ុក ពិសិដ្ឋ​ "ស្មូតកំណាព្យខ្មែរបទពាក្យ៧”។   កម្មវិធី​ប្រកាស​លទ្ធផល និង​បិទ​យុទ្ធនាការ​ #KFCAlwaysOriginal មាន​ការ​ចូលរួម​សំដែង​ពី​តារា​ចម្រៀង​ ក្មេង​ខ្មែរ អ្នកនាង​រុន ស៊ីរ៉ា លោក​ដួង សុខ​គា និង​កញ្ញា​សារីតា​ដែល​ជា​ពិធី​ករ ​និង​ពិធី​ការិនី។ ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ដូចជា ហ្គេម​បង្វិល​កង​យក​រង្វាន់ និង​ការ​ចាប់​ឆ្នោត​យក​កាដូ​ពិសេស “ពិសា​អាហារ​ KFC ​មួយ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ” ចំនួន​៥​រង្វាន់៕  
 

 

អត្ថបទ​៖ សុគន្ធី​

អត្ថបទពេញនិយម