ហ្វីលីពីន​​ ដាក់​ចេញ​​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​សង្គ្រាម​​គ្រឿងញៀន​

  • 2016-10-25 18:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ូលិស​​ហ្វីលីពីន​បាន​សម្រេច​ដាក់​ចេញ​​ផែន​ការ​ថ្មី​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ ​ដើម្បី​កាត់​បន្ថយ​ការ​សម្លាប់​ជនសង្ស័យ​​ក្រៅ​ប្រព័ន្ធ​តុលាការ ​រួច​ងាក​​ទៅ​រក​​​ចាប់​ខ្លួន​​ក្រុម​មនុស្ស​​សំខាន់ៗ​នៅ​ពីក្រោយ​ការ​ធ្វើ​ជំនួញ​​ខុស​ច្បាប់​នេះ​វិញ។

 

 

គម្រោង​នេះ​មាន​ឈ្មោះ​ថា​ Double Barrel Alpha នឹង​រឹត​បន្តឹង​ខ្លាំង​ជាង​មុន​​ដោយ​ផ្ដោត​សំខាន់​​ទៅ​​លើ​ក្រុម​អ្នក​មាន​អំណាច​ និង​បុគ្គល​ល្បីៗ​ដូច​ជា​ អ្នក​នយោបាយ កងទ័ព​ ​ប៉ូលិស មន្ត្រី​​រដ្ឋាភិបាល និង​​តារា​នានា ​ដែល​ពាក់​ព័ន្ធ​​នឹង​ជំនួញ​អាភៀន​។

 

​​គម្រោង​ថ្មី​​នឹង​ត្រូវ​លើក​យក​​មក​ពិភាក្សា​​នៅ​ថ្ងៃ​អង្គារ​នេះ​​ក្នុង​កិច្ច​ប្រជុំ​មួយ​​រវាង​មេ​ប៉ូលិស​​មក​ពី ១៨​តំបន់ នៅ​ទីស្នាក់ការ​កណ្ដាល​​​ប៉ូលិស​​ហ្វីលីពីន​ Camp Crame ស្ថិត​​នៅ​​ភាគ​ខាង​ជើង​​​រដ្ឋធានី​​ម៉ានីល​។ ឯ​ប្រតិបត្តិការ​​នឹង​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ក្នុង​ថ្ងៃ​​ប្រជុំ​​​តែម្ដង​។ នេះ​បើ​តាម​​អ្នក​នាំ​ពាក្យ​ស្នង​ការ​ប៉ូលិស​​ Dionardo Carlos បញ្ជាក់​ប្រាប់ ​Reuters ។

 

ការ​​បើក​កិច្ច​ប្រជុំ​ កើត​មាន​ឡើង​​​បន្ទាប់​ពី​ប្រភព​​​​លម្អិត​មួយ​បាន​​ចាត់​​ទុក​​ការ​ពិភាក្សា​ក្នុង​ចំណោម​​មន្ត្រី​អនុវត្ត​ច្បាប់​ គឺ​ជា​រឿង​សំខាន់​​​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ជនសង្ស័យ​គ្រឿង​ញៀន។

 

​​បន្ថែម​លើ​នេះ ​ការ​បោះ​​ឆ្នោត​​​ថ្មី​មួយ ​បាន​សម្ដែង​​ការ​មិន​ពេញ​ចិត្ត​​​ចំពោះ​​យុទ្ធនាការ​​​​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ Duterte ដោយ​ ៩៤%​ ​ឆ្លើយ​ថា​វា​មាន​​សារៈសំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​ទុក​ជន​សង្ស័យ​ឲ្យ​នៅ​រស់៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ ផ្ដល់​សិទ្ធិ​ដោយ៖ Reuters