ត្រពាំងសង្កែមិនឆ្ងាយពីក្រុងកំពត ត្រូវចិត្តអ្នកចង់បន្ធូរអារម្មណ៍បែបស្រុកចម្ការ
- 2016-10-27 22:30:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រពាំងសង្កែមិនឆ្ងាយពីក្រុងកំពត ត្រូវចិត្តអ្នកចង់បន្ធូរអារម្មណ៍បែបស្រុកចម្ការ
ចន្លោះមិនឃើញ
ខ្យល់សមុទ្រដ៏ល្អបរិសុទ្ធ ខណៈចូលដល់ជំរំនៃម្លប់ដើមកោងកាងយ៉ាងត្រឈឹងត្រឈៃ នឹងនាំអារម្មណ៍រីករាយសម្រាប់ភ្ញៀវទេសចរក្នុងពេលកំពុងធ្វើដំណើរលើស្ពានរាប់រយម៉ែត្រ ដែលហុំព័ទ្ធដោយសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់។
ភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនប្រជាសហគមន៍នេសាទ បានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅមិនឆ្ងាយពីក្រុងកំពត។
ធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ អ្នកដំណើរនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលរំលេចនូវរូបភាពទេសភាពដ៏ស្រស់ត្រកាលភូមិទេសចរណ៍ធម្មជាតិមួយនេះ។ បត់ស្តាំចុះពីផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ នឹងចូលដល់ទីតាំងភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រមានឈ្មោះថា«ព្រែកក្បាលរមាស»។
លោក សឹម ហ៊ីម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែបានឲ្យដឹងថា ភូមិត្រពាំងសង្កែបានវិវឌ្ឍពីភូមិនេសាទទៅជារមណីយដ្ឋានទេសចរ ស្ថិតនៅមិនឆ្ងាយពីក្រុងកំពត។ តំបន់កម្សាន្តបង្កើតឡើងដោយសហគមន៍នេះ ការរៀបចំលក្ខណៈសមញ្ញសម្រាប់ភ្ញៀវដែលត្រូវកន្លែងបន្ធូរអារម្មណ៍ក្នុងបរិយាកាសធម្មជាតិ។
កម្សាន្តភូមិទេសចរណ៍ត្រពាំងសង្កែ ភ្ញៀវនឹងរីករាយនឹងខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ គយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ ភ្ញៀវទេសចរណ៍អាចបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាស នៅអមសងខាងជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដើម្បីបានដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់។
ប្រធានសហគមន៍រូបនេះបន្តថា ក្រៅពីការផ្តិតយកទេសភាពដ៏ខៀវស្រងាត់ ភ្ញៀវអាចសម្រាកក្នុងពេលរាត្រី គយគន់ទូកអ្នកនេសាទ ស្តាប់សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងអំពិលអំពែក។
ក្នុងការប្រែក្លាយជាតំបន់អេកូទេសចរណ៍ សហគមន៍ក៏បានរៀបចំផ្ទះបឹងហ្គាឡូសម្រាប់ភ្ញៀវដែលត្រូវការស្នាក់នៅ រួមទាំងមានសេវាបម្រើម្ហូបអាហារមិនឲ្យខ្វះចន្លោះឡើយ។
អត្ថបទ៖ ប៊ុណ្ណារ៉ា